ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ឈិ​ន ម៉ា​និច្ច ប្រកាស​បរិច្ចាគ​ថវិកា​មួយ​ផ្នែក​រកបាន​ពី​កា​ណា​ដា ជួយ​កុមារ​កំព្រា​នៅ​កម្ពុជា

6 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ឈិ​ន ម៉ា​និច្ច បាន​ប្រកាស​បរិច្ចាគ​ថវិកា​មួយ​ផ្នែក​ដែល​នាង​រក​បាន​ពី​ការ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា ដើម្បី​ជួយ​ដល់​មណ្ឌលកុមារ​កំព្រា​នៅ​កម្ពុជា បន្ទាប់​ពី

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ឈិ​ន ម៉ា​និច្ច បាន​ប្រកាស​បរិច្ចាគ​ថវិកា​មួយ​ផ្នែក​ដែល​នាង​រក​បាន​ពី​ការ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា ដើម្បី​ជួយ​ដល់​មណ្ឌលកុមារ​កំព្រា​នៅ​កម្ពុជា បន្ទាប់​ពី​នាង​វិល​ត្រឡប់​មក​កាន់​ទឹកដី​កំណើត​វិញ​។

យ៉ាងណា តារាចម្រៀង​រូប​នេះ មិន​បាន​បញ្ជាក់​នៅឡើយ​ទេ​ថា តើ​មណ្ឌលកុមារ​កំព្រា​នៅ​ក្នុង​ខេត្ត​-​ក្រុង​​ណា​ដែល​នាង​នឹង​យក​ថវិកា​ទៅ​ជួយ​នោះ​ឡើយ? ដោយ​នាង​គ្រាន់តែ​លើក​ឡើង​តាម​បណ្តាញ​​សង្គម​ថា «​ថវិកា​ដែល​ខ្ញុំ​រកបាន​ពី​ប្រទេស​កា​ណា​ដា ខ្ញុំ​នឹង​យក​មួយ​ចំណែក ដើម្បី​បរិច្ចាគ​ជូន​ដល់​មណ្ឌលកុមារ​កំព្រា​នៅ​ប្រទេស​កម្ពុជា បងប្អូន​បើ​មាន​បំណង​ចង់ទៅ​ចូលរួម​ជាមួយ​ខ្ញុំ​អាច​ចូលរួម​បាន​»​។

តាម​រយៈ​ការ​បង្ហាញ​ពី​គោលបំណង​ខាងលើ​នេះ​របស់​ស្រី​ស្អាត ឈិ​ន ម៉ា​និច្ច នា​ពេល​នេះ បាន​ទទួល​ការ​កោតសរសើរ​យ៉ាងច្រើន​ពី​មិត្តភក្តិ ជា​ពិសេស​បណ្តា​អ្ន​គ​គាំទ្រ​រូប​នាង ក្នុង​ពេល​ដែល​ពួក​គេ​ចាត់​ទុក​ថា នេះ​គឺជា​ទឹកចិត្ត​ដ៏​ប្រពៃ​មួយ ហើយ​ក៏​ជា​គំរូ​មួយ​សម្រាប់​អ្នកសិល្បៈ​ជា​ច្រើន​ទៀត​ដែល​មាន​ធនធាន​ច្រើន​។

ជា​ការ​កត់សម្គាល់ តារាចម្រៀង​នាង ឈិ​ន ម៉ា​និ​ច បាន​ដឹក​ដៃ​គ្នា​ចេញ​ទៅ​ច្រៀង​សម្តែង​នៅ​ក្នុង​ប្រទេស​កា​ណា​ដា សម្រាប់​ផ្តល់​ភាព​សប្បាយ​រីករាយ​ទៅ​ដល់​បងប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​ទីនោះ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។

បើ​តាម​ការ​ប្រកាស​របស់​លោក ឆ​ន សុវណ្ណ​រាជ នៅ​លើ​បណ្តាញ​សង្គម​បាន​បញ្ជាក់​ថា «​ការ​ចេញ​ទៅ​នេះ គឺ​ប្រើ​ពេល​១​ខែ​កន្លះ ដើម្បី​ស្នាក់​នៅ និង​ច្រៀង​ទីនោះ​»​។ លោក​បន្ត​ថា «​បេសកកម្ម​បន្ទាប់​របស់ខ្ញុំ ខ្ញុំបាទ ឆ​ន សុ​វ​ណ្ណា​រាជ និង​ប្អូនស្រី ឈិ​ន ម៉ា​និច្ច នឹង​មាន Tour Concert នៅ​ប្រទេស​កា​ណា​ដា រយៈពេល​មួយ​ខែ​កន្លះ ចាប់ពី​ដើមខែ​តុលា​នេះ​តទៅ​តាម Schedule ដែល​យើងខ្ញុំ​បាន​កំណត់​»​។

ដោយឡែក​នៅ​ក្នុង​ឱកាស​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា លើក​នេះ តារាចម្រៀង​ប្រុស​ស្រី​ទាំង​២​ដួង ក៏​បាន​ឆ្លៀតពេល​ដើរ​លេង​កម្សាន្ត ទិញ​អីវ៉ាន់ និង​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​ជាមួយ​បងប្អូន​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដីកា​ណា​ដា​នោះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ម្ចាស់​ពាន​កម្មវិធី «Cambodian Idol »​កញ្ញា ឈិ​ន ម៉ា​និច្ច គឺជា​តារា​តាម​វង់ភ្លេង​ធ្លាប់​មាន​ប្រវត្តិ​កម្សត់​ជូរ​ចត់ និង​បរាជ័យ​ការងារ​ជា​ច្រើន​លើក ប៉ុន្តែ​កញ្ញា​មិន​បោះបង់​ការ​តស៊ូ​ទាំងនោះ​ចោល​ឡើយ​។ ជាក់ស្ដែង មុន​មាន​វ័យ​២២​ឆ្នាំ​នេះ កញ្ញា​បាន​រ៉ាប់រង​ការងារ​ជួយ​សម្រាល​បន្ទុក​ដល់​គ្រួសារ ដោយ​ខិតខំ​រក​លុយ​ចិញ្ចឹម​ប្អូន​ៗ​តាំងពី​វ័យ​កុមារភាព​មក​ម្ល៉េះ​។

ស្រី​ស្អាត ឈិ​ន ម៉ា​និច្ច ធ្លាប់​បាន​លើក​ឡើង​ថា «​ដោយសារ​តែ​គ្រួសារ​នាង​មាន​ជីវភាព​ទីទ័ល​ក្រីក្រ​ពេក កាលពី​នាង​មាន​អាយុប្រមាណ​ជាង​១០​ឆ្នាំ ឪពុក​ម្ដាយ​នាង​បាន​ចេញ​ទៅ​រកស៊ី​ឆ្ងាយ​ពី​កូន​ៗ ដើម្បី​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ ប៉ុន្តែ​ការ​រកស៊ី​របស់​គាត់​មិន​បាន​គ្រប់​នោះ​ទេ គឺ​នៅ​តែ​ស្ថិត​ក្នុង​សភាព​បាន​ព្រឹក​ខ្វះ​ល្ងាច​ដដែល​»​។

កញ្ញា​បន្ត​ថា «​ពេល​ដែល​ឪពុក​ម្ដាយ​ឃ្លា​យ​ឆ្ងាយ នាង​ត្រូវ​នៅ​មើលថែ​ប្អូនប្រុស​២​នាក់ ជាមួយ​យាយ​តា​មាន​វ័យ​ចំណាស់ មិន​អាច​ធ្វើ​ការងារ​រកស៊ី​កើត ដូច្នេះ​ហើយ​ពេលទំនេរ​ពី​ការ​សិក្សា កញ្ញា​តែងតែ​ធ្វើការ​ស៊ីឈ្នួល​ដក​ស្ទូង​អ្នក​ជិតខាង ដោយ​ក្នុង​មួយ​ថ្ងៃ​នាង​អាច​រក​ថវិកា​បាន​ត្រឹមតែ​២៥០០​រៀល​ទៅ​៣០០០​រៀល​តែ​ប៉ុណ្ណោះ​»​។

នាង​បញ្ជាក់​ថា «​អស់​រយៈពេល​៤​ឆ្នាំ​ដែល​នាង និង​ប្អូន​ៗ​បាន​រស់នៅ​ដូច​ក្មេង​កំព្រា ដែល​គ្មាន​ឪពុក​ម្ដាយ​នៅ​ជិត ហើយ​នៅ​ពេល​ពួក​គាត់​វិល​ត្រឡប់​មក​វិញ ក៏​មិន​មាន​ប្រាក់​ជួយ​ជ្រោមជ្រែង​គ្រួសារ​ឲ្យ​ប្រសើរ​ឡើង​ដែរ គឺ​ស្ថានភាព​ក្នុង​គ្រួសារ​នាង​នៅ​តែ​ដូច​ដើម​។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​សម្រេចចិត្ត​ចេញ​រក​លុយ​ជួយ​គ្រួសារ ខណៈ​ដែល​នាង​កំពុង​រៀន​ថ្នាក់​ទី​១២ មិន​ទាន់​បាន​ប្រឡង​ចប់​ផង នាង​ក៏​បាន​មក​ធ្វើការ​រោងចក្រ​»​។

សម្រាប់​ការ​ដាក់​ពាក្យ​ប្រឡង​កម្មវិធី «Cambodian Idol» ស្រី​ស្អាត ឈិ​ន ម៉ា​និ​ច បាន​ប្រាប់​ដែរ​ថា «​ដំបូង​ឡើយ នាង​មិន​ចង់​ទេ ព្រោះ​ធ្លាប់​ប្រឡង​ធ្លាក់​ក្នុង​កម្មវិធី The Voice Cambodia ម្ដង​រួច​មក​ហើយ តែ​ដោយសារ​ម្ចាស់​ហាង​នាង​ច្រៀង​ពេល​យប់​ជំរុញ​ខ្លាំង​ពេក នាង​ក៏​ដាច់​ចិត្ត​ដាក់​ពាក្យ​ប្រឡង​តែ​ម្ដង ហើយ​នាង​ក៏​បាន​ជាប់​នៅ​វគ្គ​ក្រោយ​ៗ រហូត​ទទួល​បាន​ជ័យ​លា​ភី​ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី​២ តែ​ម្ដង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ដែល​នាង​បាន​ជាប់​ហើយ​នោះ ជីវភាព​របស់​ស្រី​ស្អាត ឈិ​ន ម៉ា​និច្ច បាន​ផ្លាស់​ប្តូរ​ទាំងស្រុង ដោយសារ​នាង​មានឱកាស​ចេញ​ច្រៀង​តាម​បណ្តា​ឆាក ខុន​សឺត​នានា​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​នាង​អាច​មានឱកាស​រក​ថវិកា​បាន​ច្រើន​សម្រាប់​ផ្គត់ផ្គង់​គ្រួ​សារបាន​ល្អ​ប្រសើរ​ជាង​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ