រាជធានីភ្នំពេញ ៖ កញ្ញាង៉ែត លីតា ក្នុងវ័យ២១ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តព្រះសីហនុ គឺជាអ្នកចម្រៀងថ្មីទើបរះឡើងតាមរយៈការប្រឡងចម្រៀងក្នុងកម្មវិធីស្ថានីយទូរទស្សន៍ CTN កាលពីឆ្នាំ២០០៧ ដោយច្រៀងជាក្រុម មានគ្នា៤នាក់ ។
កញ្ញាលីតា និយមចូលចិត្តច្រៀងមិនប្រកាន់បទចាស់ពីសម័យមុន បែបមនោសញ្ចេតនាឬបទសម័យថ្មីបច្ចុប្បន្នបែបឌីស្កូញ័រញាក់កន្ត្រាក់អារម្មណ៍ទេ ។ រយៈពេលប៉ុន្មានឆ្នាំមកនេះ នាងច្រៀងឱ្យក្រុមហ៊ុនជាច្រើននៅតក្នុងកម្មវិធីប្រគំតន្ត្រីតាមបណ្តាខេត្ត-ក្រុងនានា ។
ក្រៅពីនេះម្តងម្កាលនាងច្រៀងជាកិត្តិយសតាមកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍ដើម្បីបង្ហាញទឹកដមសម្លេងជូនប្រិយមិត្តទស្សនិកជនស្តាប់កំសាន្ត ។ ថ្មីៗនេះនាងលីតាមានកិត្តិយសឡើងច្រៀងនៅលើឆាកប្រគំតន្ត្រីដួងតារាមាសរបស់ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ដោយមានប្រិយមិត្តទស្សនិកជនគាំទ្រយ៉ាងច្រើនកុះករ ។ ថ្មីៗនេះដែរមានផលិតកម្មមួយផ្តល់ឱកាសឱ្យនាងថតសម្លេងចូលក្នុងស៊ីឌី ហើយពេលនេះនាងកំពុងតែហាត់រៀនច្រៀង ។ កញ្ញាង៉ែត លីតា និយាយថា នៅថ្ងៃខាងមុខឆាប់ៗនេះនាងនឹងមានឱកាសក្លាយជាអ្នកចម្រៀងក្នុងពិភពស៊ីឌីមិនខាន ។
កញ្ញាលីតា មានស្រុកកំណើតនៅខេត្តព្រះសីហនុ ។ នាងមានបងប្អូន៤នាក់ ក្នុងនោះប្រុស៣នាក់ ចំណែកនាងជាកូនទី៣ ។
កញ្ញាលីតា ឱ្យដឹងថា កន្លងមកនាងធ្លាប់ចូលរួមសម្តែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មក្រៅប្រទេសមួយចំនួន ដូច្នេះនៅថ្ងៃអនាគតនាងសង្ឃឹមថានឹងក្លាយជាតារាចម្រៀងនិងសម្តែងមានកេរ្តិ៍ឈ្មោះល្បី ៕
ចែករំលែកព័តមាននេះ