ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាដៃ​​រូបថត​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ក្រោម​ប្រធានបទ ​៖ «​សម្រស់​សហគមន៍​យើង​» ពិតជា​មិនធម្មតា​មែន ​!

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​ទី​ ១៩ ខែតុលា ឆ្នាំ​ ២០២៣ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) ដោយ​មាន​កិច្ចសហការ​ពី​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​ទី​ ១៩ ខែតុលា ឆ្នាំ​ ២០២៣ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) ដោយ​មាន​កិច្ចសហការ​ពី​ក្រុមហ៊ុន ស៊ី ភី អ​ល (​ខេ​ម​បូ​ឌា​) ឯ​.​ក (CP ALL (Cambodia) Co., Ltd.) និង​ស្ថាប័នរដ្ឋ​ចំនួន ៣ រួម​មាន​ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួងទេសចរណ៍ បាន​ប្រកាស​ការ​ប្រកួតប្រជែង​រូបថត​ប្រចាំឆ្នាំ​ ២០២៣ លើ​ប្រធានបទ «​សម្រស់​សហគមន៍​យើង​» នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ដើម្បី​ផ្តល់ឱកាស​ដល់​អ្នក​សារព័ត៌មាន និង​អ្នក​ថតរូប គ្រប់​ទម្រង់​នៅ​កម្ពុជា បាន​បញ្ចេញស្នាដៃ​រូបថត​ផ្ទាល់ខ្លួនដណ្តើម​ពានរង្វាន់​រហូត ៣ លាន​រៀល សម្រាប់​ជ័យ​លា​ភី​លេខ ​១ និងពាន​ជើងឯក​ ។

នៅ​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​នេះ​ផង​ដែរ លោក ពុ​យ គា ជា​ប្រធាន​អ្នក​ឆ្លង​ឆ្លើយ​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo News របស់​ជប៉ុន​ជិត ​៣០ ​ឆ្នាំ និង​ជា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បានអោយ​ដឹង​ថា ​៖ «​នៅ​ក្នុង​ការ​ប្រឡង​រូបថត​ប្រចាំឆ្នាំ ​២០២៣ ​នេះ យើង​បាន​ជ្រើសរើស​គណៈកម្មការ​ល្បី​ៗ​ និង​ជា​អ្នកធ្វើការ​ក្នុង​វិស័យ​ថតរូប​ជា​ច្រើន​ឆ្នាំ​ ។ មក​ដល់​ថ្ងៃ​បិទ​ការ​ទទួល​រូបថត សម្រាប់​ការ​ប្រកួតប្រជែង ក​.​អ​.​ក ទទួល​បាន​ស្នាដៃ​រូបថត​ពី​បេក្ខជន​ចំនួន ២៩ រូប ​(៨៧​ សន្លឹក​) ដែល​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា ហើយ​រូបថត​ទាំងអស់​ដែល​ដាក់​មកចូលរួម​បាន​បង្ហាញ​នូវ​ស្នាដៃ និង​ទេព​កោសល្យ​ក្នុង​ការ​ផ្តិត​យក​រូបភាពដ៏​ស្រស់​ត្រកាល នៃតំបន់​រមណីយដ្ឋាន ទេសចរណ៍​, អេកូ​ទេសចរណ៍​, តំបន់​ធនធានធម្មជាតិ​, វប្បធម៌​, បរិស្ថាន រួម​ទាំង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​» ។

លោក ពុ​យ គា

លោក លន ហ្សា​ឌី​ណា ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ ទទួល​បាន​ជ័យ​លា​ភី​លេខ ​១ ក្នុង​ការ​ប្រកួត​បាន​សម្តែង​ចំណាប់អារម្មណ៍​ថា ​៖ «​ប្រសិនជា​យើង​ឃើញ​រូបអង្គរ​ភ្លាម នោះ​យើង​នឹង​ដឹង​ថា​វា​មាន​ន័យ​ទូលំទូលាយ ដែល​បង្ហាញ​ពី​កម្ពុជា​ហើយ មួយទៀត​ថា​ តើ​ទឹកដី​កម្ពុជា​នឹង​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​មក​លេង ចឹ​ង​បើ​និយាយ​ពី​ផល​វិជ្ជមាន​វិញបញ្ជាក់​ថា ​ទឹកដី​របស់​យើង​វា​មាន​សន្តិភាព គួរ​ឱ្យ​ស្រឡាញ់ មនុស្ស​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់​មួយ ទីកន្លែង​មួយ​ដែល​គេ​យក​ដែល​គេ​យក​ទូរស័ព្ទ ឬអ្វី​មួយ​ទៅ​ថត​នៅ​ក្នុង​នឹង ដូចនេះ​នៅ​ស្រុក​ខ្មែរ​យើង​បង្ហាញ​ថា​វា​មិន​ខ្វះ ខ្វះ​តំបន់​ទេសចរណ៍​នានា នោះ​ទេ​សំខាន់​យើង​ជា​អ្នក​ថតរូប​នឹង​ត្រូវ​ផលិត​រូប​បែប​មិច បង្កើត​រូប​បែប​មិច ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ទាក់ទាញ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ថតរូប​សារព័ត៌មាន ខ្ញុំ​តែងតែ​គិត​ថា​រាល់​ការ​ថតរូប​របស់ខ្ញុំ គឺ​មាន​សារ​ឬ​មាន​អត្ថន័យ​មួយ ដែល​ខ្ញុំ​ចង់​បង្ហាញ​ទៅ​ដល់​អ្នក​មើល​» ​។

លោក លន ហ្សា​ឌី​ណា

លោក លន ហ្សា​ឌី​ណា បាន​បន្ត​ថា ​៖ «​ជា​ទូទៅ​រូប​នេះ​ខ្ញុំ​ថត​នៅ​ពេល​ថ្ងៃ​រះ គឺ​ក្នុង​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃ​ទី ​២៣ ខែមីនា ឆ្នាំ ​២០២៣ ក្នុង​ថ្ងៃ​នឹង​ប្រជាពលរដ្ឋ​រួម​ទាំង​ភ្ញៀវ​ទេសចរ​ប្រមូលផ្តុំ​គ្នា នៅ​ក្នុង​មួយ​ឆ្នាំ​ភ្ញៀវ​ដែរ​មក​មើល​អង្គរវត្ត​ គឺ​មាន​តែ​ក្នុង​ខែមីនា និង​ខែកញ្ញា ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​សម​រាត្រី ដូចនេះ​ឱកាសល្អ​ចង់​ផ្សព្វផ្សាយ​អង្គ​រថា​ អស្ចារ្យ​ប៉ុនណា គួរតែ​អ្នក​ថតរូប​យើង​គិត ពេលវេលា​នឹងរូប​មួយ​សន្លឹក​អាច​ធ្វើ​ឱ្យ​មនុស្ស​ផ្អើល​» ។

សូម​ជម្រាប​ថា ដើម្បី​ធានា​ដល់​ការពិនិត្យ​និង​វាយតម្លៃ​លើ​រូបថត​ទាំងអស់​ឱ្យ​មាន​សុ​ក្រិត​ភាព ក​.​អ​.​ក បាន​បង្កើត​គណៈកម្មការ កំណែ​មួយ​ដែល​មាន​សមាសភាព​ ៣ ​រូប រួម​មាន ​៖ ១. លោក ហេង ស៊ី​និត្យ ជា​អ្នក​ថតរូប​អាជីព​បម្រើ​ក្នុង​វិស័យ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាង ​៣០ ​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ជិត ​២០ ​ឆ្នាំ​ជាមួយ​សារព័ត៌មាន​ដ៏​ល្បី​របស់​អាម៉េរិក គឺ Associated Press ហើយ​ក៏​ជា​គ្រូបង្រៀន​ផ្នែក​ថតរូប​ផង​ដែរ​, ២. លោក ឡា​ម៉ូ (La Mo) ជា​សិល្បករ​ថតរូប និង​ជា​ស្ថាបនិក (Unseen Cambodia) ដ៏​ល្បី​ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ផ្នែក​ថតរូប​ថ្នាក់​តំបន់ និង​អន្តរជាតិ​ចំនួន​ពីរ​លើក​កាលពី​ឆ្នាំ ​២០១៧ និង ​២០១៨, និង​ទី ​៣. លោក ពុ​យ គា ​។

លោក ឡា​ម៉ូ (La Mo) ជា​សិល្បករ​ថតរូប និង​ជា​ស្ថាបនិក (Unseen Cambodia) បាន​បញ្ជាក់​ថា ​៖ «​សម្រាប់​បេក្ខជន ដែល​បាន​ដាក់​រូប​ប្រកួតប្រជែង សំខាន់​បំផុត​គឺ​ប្រធានបទ ធ្វើ​យ៉ាងណា​កុំឱ្យ​ចាក​ប្រធានបទ បន្ទាប់​បាន​យើង​គិត​អំពី​តិច​និក​ខ​ល​ថា ​រូប​នឹង​គាត់​ប្រើប្រាស់ Speed របស់​គាត់​បាន​ល្អ​គ្រប់គ្រាន់​អត់ បាន​ច្បាស់​ល្អ​អត់ ហើយ​ពន្លឺ​ដែល​គាត់​ប្រើប្រាស់​នោះ​វាង​ងឹ​ក​ខ្លាំង​ពេក​ឬ​ភ្លឺ​ខ្លាំង​ពេក ចឹ​ង​ទាំង​អស់នេះ​សុទ្ធតែ​អ្វី​ដែល​គណៈកម្មការ​របស់​យើង​រើស​រូប​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ទាំងអស់​នឹង ប៉ុន្តែ​ដែល​យើង​ផ្តោត​សំខាន់​នោះ​គឺ​ភាព​ច្នៃប្រឌិត​របស់​បេក្ខជន បេ​ក្ខ​នារី​នីមួយ​ៗ ​។ បើ​មើលទៅ​លើ​រូប​ដែល​ជាប់​ជ័យ​លា​ភី​លេខ ​១​ នេះ គឺ​ពេលវេលា​ដែល​គាត់​រើស​ចំ​ពេលវេលា​ល្អ និង​រូបភាព​មួយ​សន្លឹក​មាន​ព័ត៌មាន​ច្រើន​ដែល​បរិ​យា​ដែល​មើលទៅ​គឺជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដូចនេះ​ទាំង​តិច​និក​ទាំង​ការ​រៀបចំ​ផ្ល​ង់ ហ្វ្រេ​ម ល្អ​ឥត​ខ្ចោះ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជ័យ​លា​ភី​ចំនួន ៥ រូប រួម​មាន​ ៖ ១- ជ័យ​លា​ភី​លេខ ​១ លោក លន ហ្សា​ឌី​ណា ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ ទទួល​បាន​ថវិកា​ចំនួន ៣ ​លាន​រៀល​ និង​ពាន ១​ ។


២- ជ័យ​លា​ភី​លេខ ​២ លោក​គឹ​ម បូ​រិ​ន មក​ពី​សារព័ត៌មាន​ភ្នំពេញ​ថ្មី ទទួល​បាន​ថវិកា​ចំនួន ២ ​លាន ៥​សែន​រៀល​និង​ពាន​ ១ ​។

៣- ជ័យ​លា​ភី​លេខ ​៣ លោក តាំង ឈី​ន​សុធី មក​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP ទទួល​បាន​ថវិកា​ចំនួន ២ ​លាន​រៀល និង​ពាន​ ១ ​។

៤- ជ័យ​លា​ភី​លេខ​ ៤ លោក ហុង មិ​នា មក​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ថវិកា​ចំនួន​ ១ ​លាន ​៥​សែន​រៀល និង​ពាន ១ ។

៥- ជ័យ​លា​ភី​លេខ​ ៥ លោក ប៉ាន់ បូ​នី មក​ពី​ទូរទស្សន៍​បាយ័ន​ទទួល​បាន​ថវិកា​ចំនួន ១ ​លាន​រៀល​និង​ពាន ​១​ ។

ក្រៅពី​រង្វាន់​ខាងលើ ជ័យ​លា​ភី​ម្នាក់​ៗ​ក៏​នឹង​ទទួល​បាន​នូវ សម្ភារ​មួយ​ចំនួន​បន្ថែម​ទៀត ។ ដោយឡែក ចំពោះ​បេក្ខជន​ចូលរួម​ប្រកួតប្រជែង តែ​មិន​ទទួល​ជ័យ​លា​ភី​ក៏​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ