ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេធាវី​ក្លែងក្លាយ​ម្នាក់ មិន​ធ្លាប់​រៀន​ផ្នែក​ច្បាប់ ប៉ុន្តែ​តវ៉ា​ក្តី​មិន​ដែល​ចាញ់

6 ខែ មុន

ប្រទេស​កេ​ន​យ៉ា ៖ មេធាវី​ក្លែងក្លាយ​មិន​ដែល​រៀន​ផ្នែក​ច្បាប់​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​ចេញ​

ប្រទេស​កេ​ន​យ៉ា ៖ មេធាវី​ក្លែងក្លាយ​មិន​ដែល​រៀន​ផ្នែក​ច្បាប់​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​ចេញ​តវ៉ា​ក្តី ២៦​សំនុំរឿង មិន​ដែល​ចាញ់ កំពុង​តែ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង នៅ​ក្នុង​ប្រទេស​កេ​ន​យ៉ា​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC កាលពី​ពេល​ថ្មី​ៗ​នេះ បានឱ្យ​ដឹង​ថា បុរស​ដែល​ជា​មេធាវី​ក្លែងក្លាយ​ជ្រក​ក្រោម​ឈ្មោះ Brian Mwenda ត្រូវ​បាន​ចោទប្រកាន់​ថា «​ជន​កំបាំង​មុខ​» ដែល​បាន​លួច​អត្តសញ្ញាណ​របស់​មេធាវី​ពិតប្រាកដ​ម្នាក់ ដែល​មានឈ្មោះ​ថា Brian Mwenda Ntwiga ។ មេធាវី​ក្លែងក្លាយ​រូប​នោះ បាន​ឈ្នះ​ការ​តវ៉ា​ក្តី​ទាំងអស់​របស់​ខ្លួន ពោល​ចំនួន​២៦​សំណុំរឿង នៅ​តុលាការ​ប្រទេស​កេ​ន​យ៉ា បើ​ទោះបីជា​មិន​ធ្លាប់​ទទួល​ការ​បណ្តុះបណ្តាល​ផ្នែក​ច្បាប់​ណាមួយ​យ៉ាងណា​ក៏​ដោយ​។

ប៉ុន្តែ​ឥឡូវនេះ រូបគេ​ត្រូវ​បាន​ចាប់ខ្លួន ដោយ​សមាគម​ច្បាប់​ប្រទេស​កេ​ន​យ៉ា​សាខា​ទីក្រុង Nairobi ដែល​ហៅ​កាត់​ថា LSK បន្ទាប់​ពី​ករណី​មេធាវី​ក្លែងក្លាយ​រូប​នោះ បាន​បង្ក​ការ​ខឹងសម្បារ​ជា​សាធារណៈ និង​ទទួល​បាន​ពាក្យបណ្តឹង​ជា​ច្រើន​ផង​ដែរ​។

មេធាវី​ក្លែងក្លាយ​រូប​នោះ ត្រូវ​បាន​ចោទប្រកាន់​ថា ចូល​ទៅ​លួច​យក​ព័ត៌មាន​លម្អិត​ពី​គណនី​ផ្ទាល់ខ្លួន​របស់​បុរស​ម្នាក់​ទៀត ដែល​ជា​មេធាវី​ពិតប្រាកដ និង​មានឈ្មោះ​ដូច​គ្នា មុន​ពេល​បង្ហោះ​រូបភាព​របស់​ខ្លួន ហើយ​អះអាង​ថា ទទួល​បានការ​បណ្តុះបណ្តាល​ផ្នែក​ច្បាប់​ពេញលេញ​។ លោក Brian Mwenda Ntwiga ដែល​ជា​ជន​រង​គ្រោះ បាន​ទាក់ទង​ទៅ LSK បន្ទាប់​ពី​គាត់​មិន​អាច​ចូល​គណនី​ផ្ទាល់ខ្លួន​បាន ហើយ​ដឹង​ថា ព័ត៌មាន​លម្អិត​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់​ប្តូរ​។

សមាគម​ច្បាប់​ប្រទេស​កេ​ន​យ៉ា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ លោក Brian Mwenda Ntwiga ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជា​សមាជិក LSK ហើយ​អាសយ​ដ្ឋាន​អ៊ីមែល​ត្រឹមត្រូវ​របស់​គាត់ ត្រូវ​បាន​ទទួលយក ហើយ​គណនី​សមាជិក LSK ត្រូវ​បាន​បើក​សម្រាប់​គាត់​ផង​ដែរ​។ ប៉ុន្តែ​ទោះ​យ៉ាងណា យើង​បាន​ទាក់ទង​ទៅ​លោក Brian Mwenda Ntwiga ដែល​បាន​បញ្ជាក់​ថា គាត់​មិន​បាន​ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ​អនុវត្ត​ការងារ​ពី LSK ចាប់តាំងពី​បញ្ជាក់​ការ​សិក្សា​ផ្នែក​ច្បាប់ ដោយ​ហេតុផល​ថា គាត់​បាន​ធ្វើការ​នៅ​ការិយាល័យ​អគ្គមេធាវី ហើយ​មិន​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ​អនុវត្ត​ការងារ​នោះ​ទេ​»​។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ទៀត​ថា LSK ចង់​ជូនដំណឹង​ដល់​សមាជិក​ទាំងអស់ និង​សាធារណជន​ថា លោក Brian Mwenda Ntwiga មិនមែន​ជា​មេធាវី​តវ៉ា​ក្តី នៅ​តុលាការ​កំពូល​ប្រទេស​កេ​ន​យ៉ា នៅ​ក្នុង​សំនុំរឿង​សង្គម​កន្លង​មក​នោះ​ទេ ហើយ​គាត់​ក៏​មិនមែន​ជា​សមាជិក​នៃ​សាខា LSK ផង​ដែរ​។

ករណី​នេះ​បង្ក​ឱ្យ​មានការ​ខឹងសម្បារ ជា​ពិសេស​ក្នុង​ចំណោម​មន្ត្រី​ច្បាប់ ខណៈ​ដែល​អ្នកខ្លះ​ទៀត​បាន​ចាត់​ទុក​មេធាវី​ក្លែងក្លាយ​រូប​នោះ គឺជា​មនុស្ស​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ម្នាក់​។ ស្រប​ពេល​ដែល អង្គការ​កណ្តាល​នៃ​សហជីព​របស់​ប្រទេស​កេ​ន​យ៉ា ដែល​ហៅ​កាត់​ថា COTU បាន​ប្រាប់ BBC ថា មេធាវី​ក្លែងក្លាយ​រូប​នោះ គឺជា​អ្នកលេង​ចិត្តសាស្ត្រ​វ័យក្មេង​ដ៏​អស្ចារ្យ ដែល​មិន​ដែល​ឆ្លងកាត់​ការ​សិក្សា​ផ្នែក​ច្បាប់​។

លោក Renson Mulele Ingonga នាយក​រដ្ឋ​អាជ្ញា​សាធារណៈ​របស់​ប្រទេស​កេ​ន​យ៉ា​បាន​លើក​ឡើង​ថា មេធាវី​ក្លែងក្លាយ​រូប​នោះ អាច​នឹង​ប្រឈម​នឹង​ការ​កាត់ទោស បន្ទាប់​ពី​លោក​បាន​ណែនាំ​ដល់​អគ្គ​អធិការ នៃ​សេវា​នគរបាល​ជាតិ​ឱ្យធ្វើ​ការ​ស៊ើបអង្កេត​។ លោក​បន្ថែម​ថា ក៏​មានការ​កើនឡើង ករណី​មនុស្ស​ដែល​គ្មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​ក្លែងខ្លួន​ជា​មេធាវី​តវ៉ា​ក្តី នៅ​តុលាការ​ជាន់ខ្ពស់​ប្រទេស​កេ​ន​យ៉ា​ផង​ដែរ​៕ (​ប្រភព​ពី BBC និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ