ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ដើរ​តាម​គន្លង​មិត្ត​ចិន ផ្អាក​ការ​នាំ​ចូល​អាហារ​សមុទ្រ​របស់​ប្រទេស​ជប៉ុន

6 ខែ មុន

រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ បាន​ដើរ​តាម​គន្លង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​

រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ បាន​ដើរ​តាម​គន្លង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​ប្រទេស​ចិន ដើម្បី​ផ្អាក​ការ​នាំ​ចូល​អាហារ​សមុទ្រ​ទាំងអស់​របស់​ប្រទេស​ជប៉ុន ជុំវិញ​ការ​បារម្ភ​អំពី​សុវត្ថិភាព​អាហារ ក្រោយ​ការ​បញ្ចេញ​ទឹក​កាក​សំណល់​កខ្វក់​ពី​រោងចក្រ​នុយក្លេអ៊ែរ Fukushima ចូល​ទៅ​ក្នុង​សមុទ្រ​។

ជប៉ុន​បាន​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ខណៈ​ពេល​ដែល​ទំនាក់ទំនង​របស់​ទីក្រុង​តូ​ក្យូ​ជាមួយនឹង​ទីក្រុង​ប៉េ​កាំ​ង​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ស៊ីជម្រៅ​ជាមួយនឹង​ទីក្រុង​ម៉ូ​ស្គូ កាន់តែ​អាក្រក់​ទៅ​ៗ​។

Rosselkhoznadzor ដែល​ជា​ស្ថាប័ន​របស់​រុ​ស្ស៊ី ទទួល​បន្ទុក​គ្រប់គ្រង​ផលិតផល​កសិកម្ម​បាន​លើក​ឡើង​ថា ខ្លួន​កំពុង​ចូលរួម​វិធានការ​រឹត​បន្តឹង​បណ្តោះអាសន្ន​របស់​ប្រទេស​ចិន​លើ​ការ​នាំ​ចូល​ត្រី និង​ផលិតផល​អាហារ​សមុទ្រ​ពី​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ គឺជា​វិធានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ការ​រឹត​បន្តឹង​នឹង​នៅ​តែ​បន្ត​រហូត​ដល់​ព័ត៌មាន​ពេញលេញ​ចាំបាច់ ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព​នៃ​ផលិតផល​អាហារ​សមុទ្រ​របស់​ជប៉ុន នា​ពេល​ខាង​មុខ​។ រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ហៅ​ការ​ហាមប្រាម​របស់​ចិន​គឺជា​យុទ្ធសាស្ត្រ​នយោបាយ និង​គ្មាន​វិទ្យាសាស្ត្រ​នោះ នៅ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​អំពី​ចំណាត់ការ​របស់​រុ​ស្ស៊ី​នៅឡើយ​នោះ​ទេ​។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ ២០១១ កន្លង​ទៅ រ៉េ​អាក់​ទ័​រ​ចំនួន ៣ នៅ​រោងចក្រ​នុយក្លេអ៊ែរ Fukushima-Daiichi ភាគ​ឦសាន​ប្រទេស​ជប៉ុន បាន​រង​ការ​ខូ​ត​ខាត បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ធំ និង​រលក​យក្ស​ស៊ូ​ណា​មិ ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល ១៨,០០០​នាក់ ។ ១២​ឆ្នាំ​កន្លង​មក ពោល​គឺ​កាលពី​ខែសីហា ឆ្នាំ​២០២៣ ប្រទេស​ជប៉ុន​បាន​ចាប់ផ្តើម​បញ្ចេញ​ទឹក​កខ្វក់​ចេញពី​រោងចក្រ​នោះ ដែល​រង​ផល​ប៉ះពាល់​ទៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​។ ជា​ការ​ឆ្លើយ​តប ប្រទេស​ចិន​បាន​ហាមឃាត់​ការ​នាំ​ចូល​អាហារ​សមុទ្រ​របស់​ជប៉ុន​ទាំងអស់ ជុំវិញ​ការ​ចេញផ្សាយ​អំពី​ភាព​អាត្មា​និយម និង គ្មាន​ការ​ទទួលខុសត្រូវ និង​បាន​ចោទប្រកាន់​ជប៉ុន​ថា ចាត់​ទុក​សមុទ្រ​ដូច​ជា​លូ​ទឹក​ស្អុយ បើ​ទោះបីជា​ជប៉ុន​ទទូច​ថា ប្រតិបត្តិការ​នេះ គឺ​មាន​សុវត្ថិភាព និង​ជា​ទិដ្ឋភាព​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​យ៉ាងណា​ក៏​ដោយ​។

ទោះ​យ៉ាងណា​ក៏​ដោយ ក្រុម​មួយ​មក​ពី​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែ​របស់​អង្គការសហប្រជាជាតិ រួម​ទាំង​អ្នក​វិទ្យាសាស្ត្រ​ចិន​ផង​ដែរ គ្រោង​នឹង​យក​សំណាក​ទឹក​កង្វក់​នោះ និង​ត្រី​ពី​ក្បែរ​ទីតាំង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ធ្វើការ​ពិសោធន៍​។

សូម​ជម្រាប​ថា មុន​ពេល​មានការ​ហាមឃាត់​នេះ ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ជប៉ុន​សម្រាប់​ត្រី ដែល​មាន​ចំនួន​ជាង ៥០០​លាន​ដុល្លារ នៃ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ ២០២២ ។ រដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​ផ្តល់​ជំនួយ​បន្ថែម​សម្រាប់​វិស័យ​នេសាទ​របស់​ខ្លួន ខណៈ​កំពុង​ស្វែងរក​ការ​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប និង​កន្លែង​ផ្សេង​ទៀត​។ ចំណែក​ទីផ្សារ​រុ​ស្សី​មិនសូវ​សំខាន់​សម្រាប់​ជប៉ុន​នោះ​ទេ ដែល​មាន​ចំនួន​ប្រហែល​ត្រឹម ១.៧​លាន​ដុល្លារ​ប៉ុណ្ណោះ នៃ​ការ​នាំ​ចេញ​ផលិតផល​សមុទ្រ​កាលពី​ឆ្នាំ ២០២២​។​(​ដកស្រង់​ពី AFP និង Japan Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ