ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​២​រូប លើក​ឡើង​ពី​ការ​ជួប​រឿង​ដូច​គ្នា ពាក់​ព័ន្ធ​តារា​ពើងទ្រូង ក្រោយ​ទទួល​លាភសក្ការៈ

6 ខែ មុន
  • ភ្នំពេញ

ផលិតករ​២​រូប គឺ​លោក ចាន់​ណា ចំណាន និង​លោក កៅ សីហា បាន​លើក​ឡើង​ស្របគ្នា ពាក់ព័ន្ធ​នឹង​ការ​ជួប​រឿងរ៉ាវ​ពី​អ្នកសិល្បៈ​មួយ​ចំនួន ដែល​បង្ហាញ​កាយវិការ​ពើងទ្រូង​មិន​ស្គាល់​អ្នក​ធ្លាប់​ជួយ​ផ្តួចផ្តើម​ឲ្យ​មានមុខមាត់ ក្រោយ​ពី​ទទួល​បាន

រាជធានី​ភ្នំពេញ ៖ ផលិតករ​២​រូប គឺ​លោក ចាន់​ណា ចំណាន និង​លោក កៅ សីហា បាន​លើក​ឡើង​ស្របគ្នា ពាក់ព័ន្ធ​នឹង​ការ​ជួប​រឿងរ៉ាវ​ពី​អ្នកសិល្បៈ​មួយ​ចំនួន ដែល​បង្ហាញ​កាយវិការ​ពើងទ្រូង​មិន​ស្គាល់​អ្នក​ធ្លាប់​ជួយ​ផ្តួចផ្តើម​ឲ្យ​មានមុខមាត់ ក្រោយ​ពី​ទទួល​បាន​លាភសក្ការៈ​ពី​ផ្នែក​ផ្សេង​ៗ និង​ចាប់​តោង​ភាព​ល្បីល្បាញ ។

ដោយ​មិន​បាន​បង្ហាញ​ឈ្មោះ​អ្នកសិល្បៈ​ណាមួយ​ឲ្យ​ចំ​នោះ ផលិតករ​នៅ​ក្នុង​ផលិតកម្ម​ក្រុង​ពិជ័យ គឺ​លោក ចាន់​ណា ចំណាន បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ថា «​ឱ​! អស់​តារា​សម្តែង ដែល​ទទួល​បាន​លាភសក្ការៈ​ហើយ គួរតែ​កុំ​ពើងទ្រូង ក្រអឺត មុខ​មិន​មើល ក្រោយ​មិន​បែរ ដាក់​ខ្ញុំ​ដែល​ជា​អ្នក​បញ្ជូន​ឈ្មោះ​អ្នក​ទាំងអស់​គ្នា ទាំង​តួ​តូច តួ​ធំ ទៅ​ចូលរួម​សម្តែង​អី​»​។

លោក​បញ្ជាក់​ថា «​ខ្ញុំ​មិន​បាន​ទៅ​សុំ​ប្រាក់​អ្នក​ទាំងអស់​គ្នា​ឯណា ចាំបាច់​អី​ប្រើ​ក្រសែភ្នែក​ដូច​ខ្ញុំ​សំរាម «​ស្អប់​ចរិត Fake របស់​តួ​សម្តែង​» សូម​នឹក​ដល់​ពេល​អ្នក​សុំ​អោយ​ខ្ញុំ​ជួយ​ផង សូម​អរគុណ​»​។

ដោយឡែក ក្រោយ​ពី​បានឃើញ​អ្វី​ដែល​លោក ចាន់​ណា ចំណាន បាន​បង្ហោះ​ខាងលើ​នេះ​ហើយ ផលិត​ករ​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស គឺ​លោក កៅ សីហា ក៏​បាន​ភ្ជាប់​នឹង​សារ​ស្រ​ដៀង​គ្នា​នេះ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ដែរ​ថា «​អូន​អើយ​អូន មនុស្ស​ក្នុង​សង្គម​សិល្បៈ​នេះ​មួយ​ក្រវេច​ទេ ឲ្យ​គេ​ពើង​ទ្រូង​ទៅ​… យូរ ឆាប់ គង់តែ​បែកក្បាល​មក​រក​យើង​វិញ​នៅ​ពេល​ណា​មិន​ខាន ព្រោះ​ចរិត​ធុន​យ៉ាង​អស់នោះ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ មិន​ថា​ស្រី ឬ​ប្រុស​។ ម្ល៉ោះហើយ 50/50​ដូច​បង​ទៅ មិនសូវ​ឈឺ ព្រោះ​យើង​អត់​ចេះ fake ហើយ​យើង​ប៉ះ​របស់ fake យើង​ឈឺ​ណាស់ បងហែល​រួច​ហើយ​…»​។

ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​ពី​ឃើញ​ការ​លើក​ឡើង​ពី​ផលិតករ​ទាំង​ពីរ​រូប​នេះ​ខាងលើ​នេះ​មក គេ​ក៏​ឃើញ​មាន​អ្នក​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​មាន​អ្នកខ្លះ​បាន​សរសេរ​ចំ​ៗ​ថា «​ចរិត​តារា​ខ្មែរ​មួយ​ចំនួន​តូច គឺ​បែប​នេះ​ហើយ​បង ជា​ពិសេស​អ្នក​ដែល​ទើប​មាន​ភាព​ល្បីល្បាញ យើង​មិន​អាច​កែ​ចរិត និង​និស្ស័យ​របស់​គេ​បាន​ទេ សីលធម៌ សុជីវធម៌ របស់​បុគ្គល​មួយ​ៗ​បញ្ជាក់​ពី​អត្តសញ្ញាណ ពូជពង្ស វង់​ត្រកូល និង​ចំណេះដឹង​របស់​បុគ្គល​ម្នាក់​ៗ ដែល​គេ​យក​មក​លំអ​ប្រចាំ​កាយ​»​។

ជា​ការ​កត់សម្គាល់ ករណី​ខាងលើ​នេះ មិនមែន​ទើបតែ​បាន​កើតឡើង​នា​ពេល​នេះ​ឡើយ ពោល​គឺ​កន្លង​​មក ក៏​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ធ្លាប់​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន បន្ទាប់​ពី​ពួក​គេ​តែងតែ​បង្ហាញ​កាយវិការ​ពើងទ្រូង ក្រោយ​ពី​ពួក​គេ​ចាប់ផ្តើម​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ