ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លី​ ឧត្តម ទម្លាយ​រឿង​រង​ការ​មាក់ងាយ​ច្រើន​​ដង​ក្នុង​វិស័យ​សិល្បៈ ព្រោះតែ​រូបរាង

1 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​ក្តី​សុបិន ខ្លះ​ចង់​ក្លាយជា​គ្រូបង្រៀន ខ្លះ​ទៀត​ចង់​ក្លាយជា​គ្រូពេទ្យ និង​ខ្លះ​ក៏​ចង់​ក្លាយជា​អ្នកសិល្បៈ ក្នុង​វិស័យ​ចម្រៀង ឬ​ភាពយន្ត​ផង​ដែរ​។ បងប្អូន​ខ្លះ​ទៀត ទម្រាំ​សម្រេច​បាន​នូវ​ក្តី​សុបិន​នៃ​អាជីព​ដែល​ខ្លួន​ស្រលាញ់ សុទ្ធតែ​

រាជធានី​ភ្នំពេញ ៖ មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​ក្តី​សុបិន ខ្លះ​ចង់​ក្លាយជា​គ្រូបង្រៀន ខ្លះ​ទៀត​ចង់​ក្លាយជា​គ្រូពេទ្យ និង​ខ្លះ​ក៏​ចង់​ក្លាយជា​អ្នកសិល្បៈ ក្នុង​វិស័យ​ចម្រៀង ឬ​ភាពយន្ត​ផង​ដែរ​។ បងប្អូន​ខ្លះ​ទៀត ទម្រាំ​សម្រេច​បាន​នូវ​ក្តី​សុបិន​នៃ​អាជីព​ដែល​ខ្លួន​ស្រលាញ់ សុទ្ធតែ​ហែល​ឆ្លង​នូវ​ការ​លំបាក ហើយ​បងប្អូន​ខ្លះ​ទៀត ក៏​រង​នូវ​ការ​ប្រមា​.​ថ ដោយសារ​តែ​កត្តា​រូបរាង​ជាដើម​។

ជាក់ស្តែង លោក លី ឧត្តម ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​តារា​សម្តែង​មួយ​ដួង​នោះ បាន​ទម្លាយ​ប្រាប់​ឱ្យ​ដឹង​ថា «​រូប​លោក​ក៏​ធ្លាប់​រង​នូវ​កា​រមាក់​ងា​.​យ​ច្រើន​ដែរ តែ​លោក​បាន​តស៊ូ​រហូត​លោក​សម្រេច​បាន​នូវ​ក្តី​ប្រាថ្នា​ក្នុង​វិស័យ​សិល្បៈ​»​។

លោក លី ឧត្តម ដែល​ធ្លាប់​ជា​តារា​សម្តែង និង​អ្នកចម្រៀង​កាលពី​ពេល​មុន​នោះ បាន​ងាក​មក​ប្រឡូក​​ក្នុង​វិស័យ​លក់ដូរ​អន​ឡាញ ហើយ​លោក​បាន​ឈប់​សម្រាក​ពី​វិស័យ​សិល្បៈ​នា​ពេល​នោះ​។ ស្រាប់​តែ​ស្ងាត់​ៗ លោក លី ឧត្តម បង្ហើប​ថា «​លោក​ចង់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ម្តងទៀត​»​។

តែ​ហេតុផល​អ្វី? ទើប​លោក​ចង់​ប្រឡូក​ក្នុង​វិស័យ​សម្តែង​ឡើង​វិញ បើ​ទោះបីជា​ធ្លាប់​រង​ការ​ប្រមា​.​ថ​មើល​ងា​.​យ ជា​ពិសេស​លើ​រូបរាង​កាយ​របស់​លោក​នោះ​។ លោក លី ឧត្តម បាន​ថ្លែង​ថា «​លោក​ត្រៀម​ចេញ​ច្រៀង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ តែ​មិន​ជ្រក​ក្រោម​ផលិតកម្ម​ណាមួយ​ទេ ពោល​គឺ​លោក​នឹង​ធ្វើ​ជា​អ្នកចម្រៀង​ឯករាជ្យ ព្រោះ​អាជីព​មួយ​នេះ ជា​ក្តី​ស្រ​ម៉ៃ​របស់​លោក​តាំងពី​កុមារភាព ពោល​គឺ​ធ្វើ​ជា​តារាចម្រៀង​មួយ​រូប​ក្នុង​ដួងចិត្ត​មហាជន​»​។

ប្រាកដ​ណាស់ ក្រៅពី​ការ​ច្រៀង លោក លី ឧត្តម ក៏​ជា​អតីត​តារា​សម្តែង​ផង​ដែរ កាលពីមុន​។ តែ​អតីត​កាល​ជា​អ្នក​សម្តែង​របស់​លោក ហាក់​មិនសូវ​ល្អ​នោះ​ទេ ព្រោះ​លោក​រង​ការ​ប្រមា​.​ថ​ជា​ច្រើន សឹងតែ​ធ្វើ​ឱ្យ​លោក​បា​.​ក់​ទឹកចិត្ត​ម្តង​ៗ​។ លោក លី ឧត្តម បាន​រម្លឹក​នូវ​ពាក្យ​សម្តី​ដែល​រង​ការ​ប្រមា​.​ថ​ថា «​តេស្ត​ជិត​១​លាន​ដង ទៅ​លើ​ការ​សម្តែង​តែ​មិន​ជាប់ គេ​ថា យើង​ទាប តឿ អាក្រក់ បែប​នេះ បែប​នោះ​»​។ លោក​បញ្ជាក់​ថា «​ពាក្យ​សម្តី​នេះ បាន​ធ្វើ​ឱ្យ​លោក​អស់សង្ឃឹម និង​ចាប់​យក​អាជីព​ថ្មី គឺ​អ្នកលក់​អន​ឡាញ តែ​លោក​ក៏​ពុំ​ភ្លេច​ក្តី​ស្រ​ម៉ៃ​តាំងពី​ក្មេង គឺ​ចង់​ធ្វើ​ជា​អ្នកចម្រៀង​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក លី ឧត្តម បាន​បញ្ជាក់​ថា «​មូលហេតុ​ដែល​លោក​វិល​ត្រឡប់​ចាប់​យក​អាជីព​ជា​តារាចម្រៀង​ជា​ថ្មី​ម្តងទៀត អាច​ថា លោក​ចង់​សម្រេច​ក្តី​ស្រ​ម៉ៃ​ខ្លួនឯង ពោល​គឺ​បើ​ទោះបី​ធ្លាប់​បរាជ័យ​កាលពី​កន្លង​ទៅ និង​ធ្លាប់​រង​ពាក្យ​ម៉ាក​ងាយ​ក៏​ដោយ​នោះ​»​។

លោក លី ឧត្តម បាន​បន្ត​ថា «​លោក​ធ្លាប់​តេស្ត​សមត្ថភាព​សម្តែង​រឿង ពោល​គឺ​តេស្ត​សម្តែង​រឿង​រាប់​ភ្លេច​នៅ​តែ​មិន​ជាប់ ដោយ​មាន​តែ​ម៉ាក​ងាយ​ថា ខ្លួន​លោក​បែប​នេះ បែប​នោះ​ទៅ​វិញ ដូច្នេះ​ម្ល៉េះ​ហើយ​ទើប​បានជា​លោក​ចង់​ធ្វើ​ជា​តារាចម្រៀង​ឯករាជ្យ ទាំង​សម្តែង និង​ច្រៀង​ដោយ​លោក​ផ្ទាល់ ពោល​គឺ​ចំណាយ​ទាំង​ពេលវេលា ថវិកា កម្លាំងកាយ​កម្លាំងចិត្ត ដើម្បី​ឱ្យ​មហាជន​បាន​ទស្សនា​ពី​សមត្ថ​ភាព​របស់​លោក ដោយ​លោក​ធ្លាប់​បាន​ឆ្លងកាត់​ពីសា​លា​ភូមិន្ទ​វិចិត្រសិល្បៈ ផ្នែក​ចម្រៀង រាំង សម្តែង មុន​ពេល​លោក​ចាប់​យក​អាជីព​ជា​អ្នកលក់​អន​ឡាញ​ទៅ​ទៀត​»​។

បើ​ងាក​មក​ចម្រៀង​វិញ លោក លី ឧត្តម បាន​ធ្វើការ​ជម្រាប​ជូន​ថា «​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ នេះ លោក​បាន Cover ចម្រៀង​ជា​ច្រើន​បទ និង​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ​នេះ លោក​ក៏​មាន​ចម្រៀង​មួយ​បទ​ដែរ ជា​លំនាំ​បទ​របស់​លោកតា ស៊ី​ន ស៊ី​សា​មុត ផង​ដែរ​នោះ​»​។ លោក លី ឧត្តម បាន​បន្ត​ថា «​ហេតុ​មួយទៀត ដែល​លោក​ចង់​បន្ថែម​អាជីព​ជា​តារាចម្រៀង​នោះ គឺ​ដោយសារ​លោក​មើលឃើញ​ទីផ្សារ​ចម្រៀង​នា​ពេល​បច្ចុប្បន្ន មាន​សន្ទុះ​ការ​គាំទ្រ​ខ្លាំង ដូច្នេះ​លោក​ពុំ​ចង់​កប់​សមត្ថភាព​របស់​លោក​ដែល​មាន និង​ធ្លាប់​បាន​សិក្សា​ទាក់ទង​ផ្នែក​ចម្រៀង រាំ និង​សម្តែង​នោះ​»​។

ជា​ចុង​ក្រោយ លោក​ពិតជា​អរគុណ​ខ្លាំង​ណាស់ ចំពោះ​ការ​គាំទ្រ​លោក​កាលពី​កន្លង​ទៅ ដោយ​មានការ​គាំទ្រ​ពី​សំណាក់​បងប្អូន​មហាជន​ច្រើន​នេះ​ហើយ ទើប​បានជា​លោក​បន្ថែម​អាជីព​ជា តារាចម្រៀង​ឯករាជ្យ​ដូច្នេះ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ