ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​បង្កើន​ជើងហោះហើរ​ដឹក​ទ័ព​បម្រុង ខណៈ​ជើងហោះហើរ​បរទេស​ផ្អាក និង​លុប​ចោល

6 ខែ មុន

អ៊ី​ស្រា​អែ​ល ៖ ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ នៅ​ជុំវិញ​ពិភពលោក បាន​លុប​ចោល​ជើងហោះហើរ​ទៅ​កាន់​

អ៊ី​ស្រា​អែ​ល ៖ ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ នៅ​ជុំវិញ​ពិភពលោក បាន​លុប​ចោល​ជើងហោះហើរ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល និង​ព្រមាន​ពី​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​នៅ​ពេល​ស្ថានភាព​សន្តិសុខ​កាន់តែ​យ៉ាប់យ៉ឺន ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ី​ស្រា​អែ​ល បាន​បង្កើន​ជើងហោះហើរ​របស់​ខ្លួន ដើម្បី​ដឹក​ទ័ព​បម្រុង​រាប់​ម៉ឺន​នាក់ សម្រាប់​ការ​ប្រយុទ្ធ​តទល់​នឹង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​។

ក្រុមហ៊ុន​របស់​ចក្រភព​អង់គ្លេស Virgin Atlantic បាន​ព្រមាន​អំពី​ការ​លុប​ចោល និង​ការ​ពន្យារពេល​ទៅ​កាន់​ទីក្រុង Tel Aviv ប្រទេស​អ៊ី​ស្រា​អែ​ល ស្រប​ពេល​ក្រុមហ៊ុន British Airways (BA) បាន​ផ្លាស់​ប្តូរ​កាលវិភាគ​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក​ចំនួន ៣ រួម​មាន United Airlines, Delta Air Lines និង American Airlines ក៏​ដូច​ជា​ក្រុមហ៊ុន Air France របស់​បារាំង​, Lufthansa របស់​អា​ល្លឺ​ម៉​ង់ និង Emirates របស់​អា​រ៉ាប់​រួម ក៏​បាន​ផ្អាក​សេវាកម្ម​របស់​ខ្លួន​ផង​ដែរ​។

ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន កាលពី​ថ្ងៃ​ទី​៩ ខែតុលា កន្លង​ទៅ បាន​ប្រកាស​ថា ពួក​គេ​បាន​កំណត់​គោលដៅ​លើ​អាកាសយានដ្ឋាន Ben Gurion របស់​អ៊ី​ស្រា​អែ​ល ដោយ​ការ​បាញ់​មី​ស៊ី​ល​។

ការិយាល័យ​បរទេស​កំពុង​ណែនាំ​ប្រឆាំង​នឹង​ការ​ធ្វើ​ដំណើរ​ទាំងអស់​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល និង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​ដែល​កាន់កាប់ លើកលែងតែ​ការ​ធ្វើ​ដំណើរ​សំខាន់ ហើយ​ក៏​បាន​ប្រឆាំង​នឹង​ការ​ធ្វើ​ដំណើរ​ទាំងអស់​ទៅ​កាន់​ផ្នែក​ខ្លះ​នៃ​តំបន់​ក្បែរ​នោះ​។

គេហទំព័រ​ត្រួតពិនិត្យ​ជើងហោះហើរ FlightRadar24 បាន​បង្ហាញ​ជើងហោះហើរ​មួយ​ចំនួន​នៅ​តែ​បន្ត​ចូល និង​ចេញដំណើរ​ពី​ទីក្រុង Tel Aviv កាលពី​ថ្ងៃ​ទី​៩ ខែតុលា កន្លង​ទៅ រួម​មាន​ក្រុមហ៊ុន Ryanair របស់​អៀរ​ឡង់ និង Pegasus របស់​តួ​ក​គី​ផង​ដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន Ryanair បាន​បញ្ជាក់​ជា​បន្តបន្ទាប់​ថា ខ្លួន​ត្រូវ​បាន​បង្ខំ​ឱ្យ​លុប​ចោល​ជើងហោះហើរ​មួយ​ចំនួន​ទៅ និង​មក​ពី​ទីក្រុង Tel Aviv កាលពី​ថ្ងៃ​ទី​៩ ខែតុលា ហើយ​បាន​ណែនាំ​អ្នកដំណើរ​ឱ្យ​ពិនិត្យ​មើល​ការ​ធ្វើ​បច្ចុប្បន្នភាព​ជើងហោះហើរ​ចុង​ក្រោយ​បំផុត​។

យ៉ាងណាមិញ ងាក​មក​ក្រុមហ៊ុន​អាកាសចរណ៍​របស់​អ៊ី​ស្រា​អែ​ល EL AL Israel AIRLINES ឯណេះ​វិញ កាលពី​ថ្ងៃ​ទី​៩ ខែតុលា កន្លង​ទៅ បាន​ប្រកាស​បន្ថែម​ជើងហោះហើរ​ជា​ច្រើន​ថែម​ទៀត បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​នេះ បាន​កោះហៅ​កងកម្លាំង​បម្រុង​ចំនួន​៣០​ម៉ឺ​នាក់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​បាន​ព្រមាន​អ្នកស្រុក​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប (Gaza Strip) ឱ្យ​ជម្លៀស​ខ្លួន​ចេញពី​តំបន់​នេះ ដែល​ជា​សញ្ញា​ថា ខ្លួន​រៀបចំ​ផែនការ​វាយប្រហារ​លើ​តំបន់​នេះ​ទ្រង់ទ្រាយ​ធំ ជា​ការ​ឆ្លើយ​តប​។

ក្រុមហ៊ុន El Al កំពុង​បង្កើន​ជើងហោះហើរ ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​ភាគច្រើន​លុប​ចោល ឬ​កាត់​បន្ថយ​សេវាកម្ម​ដល់​អ៊ី​ស្រា​អែ​ល​។ ទោះ​យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន El Al មិន​បាន​បញ្ជាក់​ថា តើ​ជើងហោះហើរ​បន្ថែម​ប៉ុន្មាន​ដែល​ខ្លួន​នឹង​រត់ ឬ​មកពីណា​នោះ​ទេ​៕ (​ប្រភព​ពី BBC និង Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ