ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់ Mateen កំណត់ពេល​​រៀប​អភិសេក​​ហើយ​

6 ខែ មុន

ព្រុយ​ណេ ៖ ព្រះ​អង្គ​ម្ចាស់ Abdul Mateen ដែល​ជា​បុត្រា​ទី​៤ របស់​ស្តេច​ស៊ុ​ល​តង់ Hassanal Bolkiah

ព្រុយ​ណេ ៖ ព្រះ​អង្គ​ម្ចាស់ Abdul Mateen ដែល​ជា​បុត្រា​ទី​៤ របស់​ស្តេច​ស៊ុ​ល​តង់ Hassanal Bolkiah ប្រទេស​ព្រុយ​ណេ នឹង​រៀប​អភិសេក​នៅ​ដើមឆ្នាំ​ក្រោយ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ព្រុយ​ណេ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

របាយការណ៍​ដែល​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៧ ខែតុលា កន្លង​ទៅ​ថ្មី​ៗ​នេះ បានឱ្យ​ដឹង​ថា ព្រះ​អង្គ​ម្ចាស់​ស្រស់​សង្ហា Abdul Mateen ព្រះ​ជន្ម​៣២​ព្រះ​វស្សា ដែល​បាន​ឆក់​យក​បេះដូង​នារី​ៗ​ជា​ច្រើន និង​មាន​អ្នក​តាមដាន​ប្រមាណ ២,៤​លាន​នាក់​លើ​បណ្តាញ Instagram នឹង​រៀប​អភិសេក​ជាមួយ​កូនក្រមុំ​នាម Anisha Rosnah Adam ដែល​ជា​ចៅស្រី​របស់​ទីប្រឹក្សា​ពិសេស​របស់​ស្តេច​ស៊ុ​ល​តង់ Hassanal Bolkiah តាម​ប្រពៃណី​ទំនៀមទំលាប់​ព្រះរាជ​ពិធី​អភិសេក នៃ​រាជវង្ស​ស៊ុ​ល​តង់​។

ព្រះរាជ​ពិធី​មង្គល​ដ៏​អស្ចារ្យ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​រហូត​ដល់​១០​ថ្ងៃ​ឯណោះ គឺ​ចាប់ពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ ២០២៤ តទៅ ខណៈ​ព្រះរាជ​ពិធី​សំខាន់​តាម​បែប​សាសនា​ឥ​ស្លា​ម នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ រួម​នឹង​ព្រឹត្តិការណ៍​ដ៏​ពិសេស​ៗ​ជា​ច្រើន​ផ្សេង​ទៀត រួម​ទាំង​ក្បួន​ដង្ហែ​ជុំវិញ​រដ្ឋធានី Bandar Seri Begawan នៃ​ប្រទេស​ព្រុយ​ណេ នៅ​ថ្ងៃ​ទី​១៤ ផង​ដែរ​។

ព្រះ​អង្គ​ម្ចាស់ Abdul Mateen ប្រសូត​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​១៩៩១ នៅ​រដ្ឋធានី Bandar Seri Begawan​។ ទ្រង់​ជា​បុត្រ​ទី​១០ និង​ជា​បុត្រា​ទី​៤ របស់​ស្តេច​ស៊ុ​ល​តង់ Hassanal Bolkiah និង​អតីត​មហេសី Datin Paduka Seri Hajah Mariam Hj Abdul Aziz ។ ព្រះ​អង្គ​ម្ចាស់ Abdul Mateen ជា​អ្នក​បើក​ឧទ្ធម្ភាគចក្រ​ដ៏​ចំណាន និង​កំពុង​បម្រើ​ការ​ជា​សេនាធិការ​នៅ​ក្នុង​កងទ័ពអាកាស​ព្រុយ​ណេ (Royal Brunei Air Force) ហើយ​ទ្រង់​តែងតែ​បំពេញភារកិច្ច​ការទូត​ជាមួយ​ព្រះ​បិតា និង​បង្ហាញ​ព្រះ​វត្តមាន​ជា​ញឹកញាប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ជាមួយ​ភាព​ទាក់ទាញ នៃ​រូបរាង​ដ៏​ស្រស់​សង្ហា​របស់​ទ្រង់​។
ព្រះ​អង្គ​ម្ចាស់ Abdul Mateen ទទួល​ការ​អប់រំ​ផ្នែក​យោធា​នៅ​សាលា​រាជបណ្ឌិត្យសភា​យោធា Royal Military Academy Sandhurst ចក្រភព​អង់គ្លេស នៅ​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​។

ព្រះ​អង្គ​ក៏​ទទួល​បានការ​សិក្សា​នយោបាយ​អន្តរជាតិ នៃ​សកល​វិទ្យាល័យ King’s College London ចក្រភព​អង់គ្លេស ហើយ​បាន​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​សិល្បៈ​ក្នុង​ឆ្នាំ ២០១៤ ផង​ដែរ​៕ (​ប្រភព​ពី The Straits Times និង Scrilpost)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ