ខេត្តសៀមរាប ៖ ប្រាសាទនាគព័ន្ធ ដែលមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ ប្រាសាទនេះ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ នៃគ្រីស្ដសករាជ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ។

ប្រាសាទនាគព័ន្ធ បានកសាងនៅលើកោះទំហំ៣៥០ម៉ែត្របួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ៤ រៀបចំឱ្យមានជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ។
ពេលបច្ចុប្បន្ននេះ ប្រាសាទនាគព័ន្ធ កំពុងក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏មានភាពទាក់ទាញ ក្នុងចំណោមប្រាសាទបុរាណជាច្រើន ដែលមានទិសដៅទស្សនាតាមផ្លូវវង់ធំ ដោយធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ។

សក្តានុពលរបស់ប្រាសាទនាគព័ន្ធ ដែលប្រែក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនេះ ក្រោយពីអាជ្ញាធរជាតិអប្សរា បានសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់ សម្រាប់ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទ និងការរៀបចំកែលម្អ ជាពិសេសវង់ទស្សនា នៅបរិវេណផ្នែកខាងក្នុងនៃប្រាសាទនាគព័ន្ធតែម្ដង។

លោកង៉ោ ពេជ្រ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា បច្ចុប្បន្ន ប្រាសាទនាគព័ន្ធ មិនត្រឹមតែមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ គឺថ្មីៗនេះ ក្រុមការងារបានរៀបចំឱ្យមានសួនស្មៅ ការបោសសម្អាតនាបរិវេណខាងក្រៅ និងខាងក្នុងបានស្អាតជាប្រចាំ។ ជាមួយគ្នានេះដែរ ចំណតសម្រាប់ចតរថយន្ត និងម៉ូតូ ក៏មានរបៀបរៀបរយធ្វើឱ្យភ្ញៀវទេសចរ ដែលទៅទស្សនាប្រាសាទតែងតែបង្ហាញស្នាមញញឹមមិនចេះដាច់។

លោក ង៉ោ ពេជ្រ បន្តថា នៅប្រាសាទនាគព័ន្ធ មានប្លង់សម្រាប់ផ្តិតយករូបភាពស្រស់ស្អាតជាច្រើនកន្លែង ដែលភ្ញៀវនិយមចូលទៅថតរូបទុកជាអនុស្សាវរីយ៍ ដូចជា ៖ នៅលើស្ពានសម្រាប់ឆ្លងចូលទៅទស្សនាប្រាសាទ ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច និងផ្តិតយករូបភាពជាមួយប្រាសាទជាដើម។

ពីមួយថ្ងៃទៅមួយថ្ងៃ ប្រាសាទនាគព័ន្ធ កាន់តែមានសម្រស់ស្រស់ស្អាត នៅគ្រប់រដូវកាល ដោយភ្ញៀវទេសចរអាចមកទស្សនាកម្សាន្តផង និងផ្តិតយករូបភាព រុក្ខជាតិបៃតងខៀវខ្ចីដ៏ស្រស់បំព្រង និងរូបភាពស្ពានដើរឆ្លងកាត់បារាយណ៍ខាងជើងផង។

បន្ថែមលើនេះភ្ញៀវទេសចរ ក៏អាចមកទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទ ដែលហោះហើរស្វែងរកចំណីគួរជាទីគយគន់ផងដែរ។ ចំណែកនាបរិវេណផ្នែកខាងក្នុងរបស់ប្រាសាទវិញ ក្រុមការងារប្រចាំការនៅទីនោះ តែងតែកា.ប់ឆ្ការព្រៃ ឬមែកឈើ ដែលដុះស៊ុបទ្រុប ធ្វើឱ្យភ្ញៀវទេសចរ អាចទស្សនាជុំវិញប្រាសាទនាគព័ន្ធ តាមរយៈវង់ទស្សនាថ្មីយ៉ាងងាយស្រួល៕












ចែករំលែកព័តមាននេះ