ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់ផ្តើម​ស្ដារ​ទំនុកចិត្ត​ភ្ញៀវ​ទេសចរ ក្រោយ​ការ​បា.ញ់ប្រហារ​នៅ​ផ្សារ​ទំនើប​ក្រុង​បាងកក

6 ខែ មុន

ថៃ ៖ រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​ទី​០៤ ខែតុលា កន្លង​ទៅ បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ស្តារ​ទំនុក

ថៃ ៖ រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​ទី​០៤ ខែតុលា កន្លង​ទៅ បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ស្តារ​ទំនុកចិត្ត​សាធារណៈ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ដ៏​សំខាន់​របស់​ខ្លួន ពោល​១​ថ្ងៃ បន្ទាប់​ពី​ក្មេង​ប្រុស​ជំទង់​ម្នាក់ បាន​កាំភ្លើង​បើក​ការ​បាញ់ប្រហារ​នៅ​ឯ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប Siam Paragon កណ្តាល​ទីក្រុង​បាង​កក ដោយ​បាន​សម្លាប់​ជនបរទេស​២​នាក់ និង​រង​របួស​៥​នាក់ មុន​ពេល​ខ្មាន់កាំភ្លើង​ត្រូវ​បាន​ចាប់ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី China Daily ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៣​។

នាយក​រដ្ឋមន្ត្រី​ថៃ ស្រេ​ត​ថា ថា​វី​ស៊ី​ន (Srettha Thavisin) ដែល​បាន​ទៅ​សួរសុខទុក្ខ​អ្នក​រង​របួស​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ការ​បាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​៣ ខែតុលា កន្លង​ទៅ បាន​ចូលរួម​ស្មឹង​ស្មាធិ៍​មួយសន្ទុះ នៅ​ឯ​ផ្សារ​ទំនើប Siam Paragon មុន​ពេល​ថ្លែង​ការ​រំលែក​ទុក្ខ​របស់​រដ្ឋាភិបាល​ដល់​ក្រុម​គ្រួសារ​សព ដែល​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​មី​យ៉ា​ន់​ម៉ា​។ លោក​ក៏​បាន​សន្យា​ថា នឹង​មានការ​ស៊ើបអង្កេត​យ៉ាង​ឆាប់រហ័ស​លើ​ការ​បាញ់ប្រហារ ហើយ​វិធានការ​បង្ការ​ប្រឆាំង​​នឹង​​អំពើ​ហិ.ង្សា​ដោយ​កាំភ្លើង នឹង​ត្រូវ​បាន​អនុម័ត ដើម្បី​ធានា​សុវត្ថិភាព​សាធារណៈ​កាន់តែ​ប្រសើរ​ឡើង​។

នៅ​ក្នុង​ចំណោម​អ្នក​រង​របួស​ទាំង​៥​នាក់​នោះ មាន​ម្នាក់​ជា​ជនជាតិ​ចិន ហើយ​យោង​តាម​ក្រសួងការបរទេស​ថៃ​បាន​ទាក់ទង​ទៅ​ស្ថានទូត នៃ​ប្រទេស​នានា​ដែល​ពាក់ព័ន្ធ និង​បាន​ណែនាំ​ឱ្យ​ស្ថានទូត​ថៃ​នៅ​ក្រៅប្រទេស ទាក់ទង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។ ស្រប​ពេល​ស្ថានទូត​ចិន​នៅ​ទីក្រុង​បាងកក បាន​បញ្ជូន​ក្រុម​មន្ត្រី​កុងស៊ុល​ទៅ​កាន់​ផ្សារ​ទំនើប និង​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ពេល​ថ្ម​ៗ​នេះ មន្ត្រី​រដ្ឋាភិបាល​កំពូល​ៗ​របស់​ប្រទេស​ថៃ​បាន​សម្តែង​ការ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ក្រុម​គ្រួសារ​សព និង​បាន​ជូនពរ​អ្នក​រង​របួស​បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស ដោយនៅ​ក្នុង​នោះ​រួម​ទាំង​លោក Korn Dabbaransi ប្រធាន​សមាគម​មិត្តភាព​ថៃ​-​ចិន ដែល​បាន​បម្រើ​ការ​ជា​ឧបនាយករដ្ឋមន្ត្រី​ថៃ​ផង​ដែរ​។

យោង​តាម​អាជ្ញាធរ​ថៃ មជ្ឈមណ្ឌល​បញ្ជា​ស្ថានភាព​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​សម្រួល​ដល់​ការ​ជួយ​ដល់​អ្នក​របួស និង​ក្រុម​គ្រួសារ​អ្នក​ស្លាប់​។ មជ្ឈមណ្ឌល​ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ចាប់ពី​ថ្ងៃ​ទី​៥ ខែតុលា កន្លង​ទៅ បាន​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​អំពី​ស្ថានភាព និង​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ក្នុង​លក្ខណៈ​ទាន់​ពេលវេលា ដោយ​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​មក​ពី​នាយកដ្ឋាន និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​មួយ​ចំនួន​រួម​មាន ក្រសួងការបរទេស ទេសចរណ៍ និង​កីឡា យុត្តិធម៌ សុខាភិបាល និង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្ស ប៉ូលិស​ភូមិន្ទ​ថៃ និង​អាជ្ញាធរ​ទេសចរណ៍​ថៃ​ផង​ដែរ​។

មន្ត្រី​ម្នាក់​បាន​ថ្លែង​ថា វិធានការ​នានា រួម​ទាំង​ការ​បង្កើន​សន្តិសុខ​តាម​ទី​សាធារណៈ​ត្រូវធ្វើ​ឡើង ដើម្បី​ទប់ស្កាត់​ឧប្បត្តិហេតុ​បែប​នេះ មិន​ឱ្យ​កើតឡើង​ទៀត នា​ពេល​អនាគត ដោយ​បាន​គូសបញ្ជាក់​ថា វិធីសាស្ត្រ​សម​ស្រប​មួយ ដើម្បី​រក្សា​លំនឹង​សុខភាព​ផ្លូវចិត្ត​សាធារណៈ ក៏​ចាំបាច់​ផង​ដែរ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ បាន​រាយការណ៍​ថា ខ្មាន់កាំភ្លើង​អាយុ​១៤​ឆ្នាំ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូ​លស គឺជា​អ្នកមាន​ជំងឺផ្លូវចិត្ត នៅ​មន្ទីរពេទ្យ Rajavithi ហើយ​មិន​បាន​លេបថ្នាំ​តាម​ការ​ណែនាំ​នោះ​ទេ ខណៈ​ដែល​ប៉ូលិស​ថៃ​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​រូប​នោះ បាន​ប្រើ​កាំភ្លើងខ្លី​១​ដើម ដែល​កែប្រែ​ដើម្បី​បាញ់​គ្រាប់​ពិត​បាន​។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក Samran Nualma ជំនួយការ​អគ្គស្នងការ​នគរបាល​ភូមិន្ទ​ថៃ មាន​ថ្លែង​ថា ការ​បណ្តុះបណ្តាល​សន្តិសុខ​ឆ្មាំ និង​បុគ្គលិក​ពាក់ព័ន្ធ​នៅ​តាម​ទី​សាធារណៈ​ត្រូវ​បាន​ពង្រឹង ខណៈ​ដែល​សិស្សសាលា​នឹង​ផ្តល់​មេរៀន​ក្នុង​ពេល​ឆាប់​ៗ​នេះ អំពី​របៀប​រក្សា​សុវត្ថិភាព​ក្នុង​ស្ថានភាព​អាសន្ន​។ លោក​បាន​បន្ត​ថា «​យើង​ក៏​កំពុង​ពិនិត្យ​មើល​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​កាំភ្លើង និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​វត្ថុ​អាច​កែ​ច្នៃ និង​ប្រើប្រាស់​ជា​អាវុធ​ប្រល័យ​លោក​»​។

ថៃ​មានការ​បារម្ភ​ថា ការ​បាញ់ប្រហារ​នៅ​ផ្សារ​ទំនើប Siam Paragon អាច​ជះ​ឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍​របស់​ខ្លួន ខណៈ​កាលពីមុន​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ប្រទេស​ចិន គឺជា​ប្រភព​ដ៏​ធំ​បំផុត​នៃ​ភ្ញៀវ​ទេសចរ​បរទេស​របស់​ប្រទេស​ថៃ ហើយ​កាលពី​ខែ​មុន រដ្ឋបាល​លោក ស្រេ​ត​ថា បាន​ណែនាំ​ការ​ចូល​ដោយ​គ្មាន​ទិដ្ឋាការ សម្រាប់​ជនជាតិ​ចិន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​។ ជើងហោះហើរ​ជា​ច្រើន​ពី​ចិន​មក​កាន់​ថៃ បាន​រាយការណ៍​ពី​ការ​កក់​ជាង ៩០% បន្ទាប់​ពី​ការ​លើកលែង​ទិដ្ឋាការ​រយៈពេល​៥​ខែ បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា កន្លង​ទៅ​។

លោក Sudawan Wangsuppakitkosol រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ កាលពី​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ថា «​សុវត្ថិភាព​តែងតែ​ជា​កង្វល់​ចម្បង​របស់​យើង ហើយ​យើង​យកចិត្តទុកដាក់​ចំពោះ​មុខមាត់​ប្រទេស និង​ទំនុកចិត្ត​ប្រជាជន​យើង​។ យើង​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​ថៃ ដើម្បី​ផ្តល់​ជំនួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​រង​ផល​ប៉ះពាល់​នានា និង​វិធានការ​សង្គ្រោះ​»​។

ជុំវិញ​បញ្ហា​នេះ លោកស្រី Thapanee Kiatphaibool អភិបាល​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) កំពុង​ពិនិត្យ​ទិន្នន័យ រួម​ទាំង​ចំនួន​ទេសចរ​ចិន និង​ការ​កក់​សណ្ឋាគារ ដើម្បី​វាយតម្លៃ​ថា តើ​ឧបទ្ទវ​ហេតុនេះ អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ទីផ្សារ​ទេសចរណ៍​យ៉ាងដូចម្តេច? ហើយ​ជាមួយ​វិស័យ​ឯកជន នឹង​ត្រូវ​ពង្រឹង​លើ​ការ​បង្កើន​វិធានការ​សន្តិសុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ