ខេត្តកំពង់ឆ្នាំង ៖ រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ស្រែអំពិល បានអភិវឌ្ឍន៍រយៈពេលជាង៦ឆ្នាំ ប្រែក្លាយពីតំបន់គ្មានការទៅលេងកម្សាន្ត រហូតក្លាយជារមណីយដ្ឋានដ៏ទាក់ទាញ និងទំនើប ព្រោះសមិទ្ធផលជាច្រើន ត្រូវបានកសាងឡើងដោយក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងសហគមន៍។
ជាមួយនឹងការរីកចម្រើន រមណីយដ្ឋានដ៏ទាក់ទាញនេះ សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល និងអាជ្ញាធរឃុំក្តុលសែនជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅលេងកម្សាន្តដោយសប្បាយរីករាយ នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។
ការអំពាវនាវខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលក្រុមការងារយុវជន បានការឧបត្ថម្ភ ដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងការចុះសិក្សាស្វែងយល់ពីបរិស្ថាន និងធម្ម ជាតិ នៅទឹកធ្លាក់ស្រែអំពិល កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
បើតាមលោក សោ ភា ប្រធានសហគមន៍ទឹកធ្លាក់ស្រែអំពិល មានប្រសាសន៍ឱ្យដឹងថា សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល បានបង្កើតឡើងនៅឆ្នាំ២០១៦។ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរឃុំ ស្រុក និងខេត្ត បានកសាងជាបន្តបន្ទាប់តាំងពីគ្មានផ្លូវចូល ពីចំណុចផ្សារក្តុល មកដល់តំបន់ទឹកធ្លាក់ ដែលមានចម្ងាយ៧គីឡូម៉ែត្រ ដោយបានធ្វើផ្លូវដើរប្របមាត់ទឹក កសាងខ្យូស បន្ទប់ទឹក និងបានការរីចម្រើនជាបន្តបន្ទាប់ ។ ហើយថ្មីៗនេះ ដោយសារមានការកសាងបន្ថែមពីក្រសួងបរិស្ថាន ដែលបានថវិការពីការលក់ កាបោន រួមទាំងអាជ្ញាធរខេត្ត និងឃុំក្តុលសែនជ័យ បានកសាងនូវបន្ទប់ទឹកបែបទំនើប កសាងផ្លូវឡើង កសាងកាំជណ្ដើរពីបេតុង ខ្យូសធំៗ កសាងតូបលក់ដូរ រួមទាំងចំណតរថយន្តទៀត ធ្វើឱ្យរមណីយដ្ឋានទេសចរណ៍ ទឹកធ្លាក់ស្រែងអំពិល មានភាពស្រស់ស្អាតយ៉ាងទាក់ទាញ។
លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានបញ្ជាក់ថា តំបន់ទឹកធ្លាក់ស្រែអំពិល គឺស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។ ហើយរមណីយដ្ឋាននេះ ជាប់ព្រំប្រទល់៤ភូមិ ក្នុងចំណោម៦ភូមិ ស្ថិតក្នុងឃុំក្តុលសែនជ័យ ដែលមានផ្ទៃដីសរុប ៣៥ ៥៦៧ ហិកតា និងមានប្រជាពលរដ្ឋចំនួន១៩៥៨គ្រួសារផងដែរ។ តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល មានផ្ទៃដីការពារចំនួន ១ ៧០០ ហិកតា។
បច្ចុប្បន្ន រមណីយដ្ឋានទឹកធ្លាក់អំពិល ក្រោយបានកសាង និងអភិវឌ្ឍន៍ ក៏ក្លាយទៅជារមណីយដ្ឋានបែបទំនើប ដែលចាំស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត។ ហើយក្នុងនាមអាជ្ញាធរដែនដី ក៏ដូចជាជំនួសមុខឲ្យសហគមន៍ទេសចរណ៍ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សូមបញ្ជើញមកលេងកម្សាន្តរមណីយដ្ឋានដ៏ស្រស់ស្អាត ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។
សូមបញ្ជាក់ថា តំបន់ទឹកធ្លាក់ស្រែអំពិល មានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។ បើយើងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅទិសខាងលិច ដល់វត្តបរិបូរណ៍ រួចបត់ខាងឆ្វេងដៃ ចុះពីថ្នល់ជាតិលឹង៥ ចម្ងាយ២៩គីឡូម៉ែត្រ ទៅដល់ផ្សារក្តុល ហើយក៏បត់ឆ្វេង មុខមណ្ឌលសុខភាព ដោយធ្វើដំណើរចម្ងាយ៧គីឡូម៉ែត្រនោះ នឹងទៅដល់តំបន់ទឹកធ្លាក់ស្រែអំពិល ដែលបានរៀបចំយ៉ាងស្អាត មានចំណតរថយន្តធំទូលាយ មានទឹកធ្លាក់ដ៏ស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធ និងរុក្ខជាតិខៀវស្រងាត់ ដើមឈើខ្ពស់ៗ អមដោយសម្លេងទឹកធ្លាក់ និងសម្លេងសត្វយំ មករណ្តំដួងព្រលឹងភ្ញៀវទេសចរឱ្យលង់ក្នុងសម្រស់ធម្មជាតិ ដែលបានមកម្តងហើយ ចង់មកម្តងទៀតជាក់ជាពុំខានឡើយ៕
ចែករំលែកព័តមាននេះ