រាជធានីភ្នំពេញ ៖ «ពពិល» គឺជាវត្ថុសំខាន់មួយដែលខ្មែរនិយមប្រើប្រាស់ក្នុងកិច្ចពិធីផ្សេងៗ រួមមាន ៖ ពិធីការ ឆ្លងវ័យ កាត់សក់ បង្កក់ឆ្មប កោរជុក ចូលម្លប់ បួសនាគ មង្គលការ និងបុណ្យស.ពជាដើម។
ពាក្យថា «ពពិល» ប្រទះឃើញប្រើប្រាស់នៅក្នុងសិលាចារឹកសម័យមុនអង្គរ និងបន្តប្រើឥតដាច់ដល់សម័យកណ្តាល ។
បើតាមឯកសារសារមន្ទីរជាតិ «ពពិល» ភាគច្រើនធ្វើអំពីសំរឹទ្ធិ ស្ពាន់ ឬលោហៈផ្សេងៗ ហើយវាមានសណ្ឋានស្រដៀងស្លឹកពោធិ៍ ស្លឹកម្លូ ឬរាងមូល និងមានបន្តុបលម្អជាក្បាច់សន្លឹក ។ ផ្ទៃពពិល មានឆ្លាក់ក្បាច់លម្អ និងរូបច្រើនបែបរួមមាន ៖ រូបនាងគង្ហីងច្បូតសក់, រូបតាបស, តាឥសី, ហនុមាន, ដើមចេក, រូបពិស្ណុការ, រូបព្រះនារាយណ៍, រូបសីមា, រូបព្រះព្រហ្ម និងរូបព្រះឥន្ទ្រ… ។ ពេលខ្លះ «ពពិល» មានលំអជាអក្សរ រូបគ្រុឌចាប់នាគ, រូបព្រះចន្ទ, ទេពប្រណម្យ ហៅថា «នារីផល» ពោលគឺស្រីដែលមានតែខ្លួនផុសចេញ ពីរុក្ខជាតិមានទងជានាគ ហើយមានមតិខ្លះថា បកស្រាយថា ជានាងនាគ ជាដើម ។
ជាទូទៅការប្រើប្រាស់ «ពពិល» នៅក្នុងកិច្ចពិធី គឺពុំសូវមានភាពខុសប្លែកគ្នាប៉ុន្មានទេ ព្រោះអត្ថន័យចម្បង គឺការឱ្យពរជ័យសិរីមង្គល ការរីកដុះដាល ការចម្រុងចម្រើនទៅថ្ងៃអនាគត ឬការង្កើតភោគផលថ្មី ។
បច្ចុប្បន្ន សារមន្ទីរជាតិកម្ពុជា មានសមុច្ច័យ ពពិល ធ្វើពីលោហៈសរុបចំនួន៤០វត្ថុ៕ ដោយ ៖ ស.ភ.រ







ចែករំលែកព័តមាននេះ