រាជធានីភ្នំពេញ ៖ នៅពេលដែលនិយាយដល់តារាពហុជំនាញ លោក បញ្ញា សិទ្ធ បងប្អូនមហាជនពិតជាបានជ្រាបហើយ ដោយកាលពីកន្លងទៅ តារាសម្តែងរូបនេះសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីជួយដល់ម្តាយដែលជាអ្នកមានគុណ និងជួយជ្រោមជ្រែងដល់គ្រួសារទាំងមូលផងដែរ។
ប្រាកដណាស់ ពេលភ្លៀងរួច មេឃនឹងស្រឡះ ដោយតារាសម្តែងលោក បញ្ញា សិទ្ធ ក្រោយពេលម្តាយលោកបានធូរស្បើយច្រើននោះ លោកក៏ទទួលបានការងារសិល្បៈជាច្រើន ស្ទើរតែមិនដាច់សូរ ដូចជាសម្តែងរឿង តំណាងផលិតផលឱ្យគេ។ ហើយអ្វីដែលនឹកស្មានពុំដល់នោះ កាលពីពេលថ្មីៗនេះ លោក បញ្ញា សិទ្ធ ថែមទាំងបើកហាងតូចមួយថែមទៀតផង ដើម្បីបន្ថែមពីលើការងារសិល្បៈនេះ។

គួររម្លឹងផងដែរថា កាលពីកន្លងទៅ ម្តាយរបស់តារាសម្តែង បញ្ញា សិទ្ធ បានពើបប្រទះនៅជំងឺជាច្រើន តែដោយភ័ព្វសំណាងបានសម្តេចតេជោ ឬសម្តេចពុក ជួយប្រោសព្រហ្មដល់ម្តាយលោក បានធូរស្បើយច្រើននាពេលបច្ចុប្បន្ននេះ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព តារាសម្ដែងលោក បញ្ញា សិទ្ធ បានជម្រាបជូនថា «នាពេលបច្ចុប្បន្ននេះ លោកមានសុខទុក្ខធម្មតានោះទេ ដោយក្រោយពេលលោកបានវិលមកចូលសិល្បៈវិញនេះ លោកមានការងារសិល្បៈជាច្រើនដែលកំពុងរង់ចាំលោក។ ក្នុងនោះមានទាំងការសម្តែងរឿងភាគ ការប្រគំតន្ត្រី ការតំណាងផលិតផលនានា ជាពិសេសកាលពីពេលថ្មីៗនេះ លោកក៏បានបើកហាងគ្រឿងសមុទ្រមួយតូចល្មម ដើម្បីបន្ថែមពីលើការងារសិល្បៈរបស់លោកផងដែរ»។

តារាសម្ដែងលោក បញ្ញាសិទ្ធ បានបន្តថា «មូលហេតុដែលលោកបើកហាងនេះ ដោយកាលពីកន្លងទៅ សម្តេចបានជួយដល់លោក និងម្តាយរបស់លោក ដូច្នេះថវិកាដែលនៅសេសសល់ លោកក៏សម្រចចិត្តបើកហាងតូចល្មមមួយកន្លែង។ ព្រោះដោយកាលនោះ សម្តេចបានមានប្រសាសន៍ប្រាប់លោកថា «កូនសិទ្ធ ត្រូវចេះយកលុយបង្កើតលុយ»។ ដូច្នេះហើយ ទើបបានជាលោកខិតខំទាំងការសម្តែង និងការងារសិល្បៈសព្វបែបយ៉ាង ដើម្បីជួយដល់ឪពុកម្តាយដែលជាព្រះរស់ដូច្នេះ»។

គួររំលឹកផងដែរថា កាលពីកន្លងទៅ ដែលលោកបានបាត់មុខពីសិល្បៈនោះ គឺលោកទៅធ្វើការឱ្យគេនៅក្នុងហាងមួយកន្លែង នាប្រទេសថៃជាច្រើនខែឆ្នាំ ដោយធ្វើជាអ្នកលក់ខោអាវ ហើយការដែលលោកបាត់មុខពីរង្វង់សិល្បៈនេះ ដោយសារតែម្តាយឈឺ ដូច្នេះត្រូវបង្ខំចិត្តធ្វើការឱ្យច្រើន ដើម្បីយកលុយព្យាបាលម្តាយ។
ជាចុងក្រោយ លោកពិតជាអរគុណខ្លាំងណាស់ចំពោះការគាំទ្រ និងការជួយដល់ម្តាយលោក ដោយលោកនឹងខិតខំសម្តែងឱ្យល្អ ដើម្បីបម្រើអារម្មណ៍បងប្អូនមហាជន៕ ដោយ ៖ លីហួ គីមឆាយ











ចែករំលែកព័តមាននេះ