រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីបានដាក់ចេញគោលការណ៍របៀងទេសចរណ៍ធម្មជាតិគឺជាទិសដៅបន្តមួយជំហានទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមតំបន់។

យោងតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថាឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងពិធីសំណេះសំណាលជាមួយប្រជាសហ
គមន៍តំបន់ការពារពាមក្រសោប បានដាក់ចេញគោលការណ៍របៀងទេសចរធម្មជាតិ ជាមួយ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង រួមទាំងតំបន់ការពារធម្មជាតិដទៃទៀត ដើម្បីចូលរួមលើកកម្ពស់អព្យាក្រឹតកម្មកាបូន។

ឯកឧត្តមបញ្ជាក់ថា «គោលការណ៍របៀងទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាព ប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ ដោយជំរុញឲ្យប្រជាសហគមន៍ មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា»។

ប្រភពបន្តថា របៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយ ទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញ ឱ្យភ្ញៀវទេសចរចង់ដើរកំសាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត ។

គួរបញ្ជាក់ផងដែរថា ខេត្តកោះកុងមានសហគមន៍តំបន់ការពារសរុបចំនួន១៩សហគមន៍ (ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបចំនួន០៧សហគមន៍, ឧទ្យានជាតិបុទុមសាគរចំនួន០៣សហគមន៍, ឧទ្យានជាតិជួរភ្នំក្រវាញចំនួន០៣ សហគមន៍ និងតំបន់ប្រើប្រាស់ច្រើនយ៉ាង ដងពែងចំនួន០៦សហគមន៍) ដែលមានសមាជិកសរុប 45334 នាក់ ស្មើនឹងគ្រួសារសរុប 11737 ៕
ចែករំលែកព័តមាននេះ