ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់ «ទឹកធ្លាក់​ក្បាលដំរី» ភ្ញៀវ​ទេសចរ​នាំ​គ្នា​មក​លេង​កាន់តែ​ច្រើន ទោះ​ផ្លូវ​លំបាក​បន្តិច​ក្តី

7 ខែ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​ជាតិ ដែល​មាន​ក្មេង​ចាស់ ប្រុស​ស្រី​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញពី​ក្រុងប៉ៃលិន ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​៥​គីឡូម៉ែត្រ ឆ្ពោះទៅ​កាន់​កន្លែង​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលដំរី ឬ

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​ជាតិ ដែល​មាន​ក្មេង​ចាស់ ប្រុស​ស្រី​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញពី​ក្រុងប៉ៃលិន ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​៥​គីឡូម៉ែត្រ ឆ្ពោះទៅ​កាន់​កន្លែង​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលដំរី ឬ​អូរ​អែម ស្ថិត​នៅ​ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

បើ​តាម​ការ​រៀបរាប់​ពី​ភ្ញៀវ​ទេសចរ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ទោះបីជា​ផ្លូវ​ឆ្ពោះទៅ​លេង​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលដំរី មានការ​លំបាក​បន្តិច ដោយ​ភាគច្រើន គឺ​គេ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ប៉ុណ្ណោះ ព្រោះ​ផ្លូវ​តូច​ចង្អៀត ហើយ​សម្បូរ​ទៅ​ដោយ​ក្បាល​ថ្ម​។ រីឯ​រថយន្ត​ខ្ពស់​ៗ ហើយ​មាន​កម្លាំង​ខ្លាំង ទើប​អាច​ឡើង​ទៅ​ដល់​កន្លែង​លេង​កម្សាន្ត​ថ្មី​នេះ​បាន​។ ចំណែក​ទេសភាព​ព្រៃ​ភ្នំ​វិញ គឺ​ស្រស់បំព្រង បញ្ចេញ​ពណ៌​ខៀវខ្ចី អម​ទៅ​ដោយ​សម្លេង​សត្វព្រៃ និង​សត្វ​រៃកណ្តឹង​ឆ្លើយឆ្លង​គ្នា​យ៉ាង​ពីរោះ​រណ្តំ ត្រជាក់​ស្រេ​ប​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង លាយឡំ​ជាមួយនឹង​ខ្យល់​បក់​បោក​យ៉ាង​រំភើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្ញៀវ​ទេសចរ​មួយ​ចំនួន ក៏​បាន​វេច​ឆ្នាំង ចាន និង​ម្ហូបអាហារ គ្រឿងទេស​ផ្សេង​ៗ ដើម្បី​នាំ​គ្នា​ទៅ​ដាំបាយ និង​ធ្វើ​ម្ហូប​នៅ​ក្បែរ​រមណីយដ្ឋាន​នេះ​តែ​ម្តង ហើយ​ក៏​មាន​អ្នកខ្លះ​ទៀត​​នាំ​គ្នា​យក​ម៉ុង អង្រឹង ភួយ ដើម្បី​ទៅ​បោះ​តង់​ដេក​សម្រាក​លំហែកាយ​នៅ​ក្នុង​ព្រៃ​ភ្នំ​ខាងលើ​នេះ ជា​លក្ខណៈ​ជា​ក្រុម​ផង​ដែរ​។

ម្យ៉ាងវិញទៀត រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ បានដឹង​ពី​កន្លែង​លេង​ថ្មី​នេះ កាន់តែ​ច្រើន​ឡើង​ៗ ហើយ​ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​ផង​ដែរ​។ នៅ​ថ្ងៃ​ខាង​មុខ បើសិនជា​មាន​ផ្លូវ​ល្អ​ត្រឹមត្រូវ ហើយ​អាច​ឱ្យ​ម៉ូតូ និង​រថយន្ត​ឡើង​ទៅ​យ៉ាង​រលូន​នោះ មិន​ខ្វះ​ទេ ភ្ញៀវ​ទេសចរ​ដែល​នាំ​គ្នា​ឡើង​ទៅ​លេង​ទឹកធ្លាក់​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ