ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារា​សម្តែង Mario ត្រូវ​ប៉ូលិស​កោះហៅ​ពាក់ព័ន្ធ​ក្រុម​បង្កើត​​ផ្លា​ក​លេខ​ឡាន​ក្លែងក្លាយ

8 ខែ មុន

ថៃ ៖ មន្ត្រី​ការិយាល័យ​ស៊ើបអង្កេត​ឧក្រិ.ដ្ឋកម្ម​តាម​អ៊ីនធឺណិត​របស់​ប្រទេស​ថៃ ដែល​ហៅ​កាត់​ថា

ថៃ ៖ មន្ត្រី​ការិយាល័យ​ស៊ើបអង្កេត​ឧក្រិ.ដ្ឋកម្ម​តាម​អ៊ីនធឺណិត​របស់​ប្រទេស​ថៃ ដែល​ហៅ​កាត់​ថា CCIB បាន​កោះហៅ​កំពូល​តារា​សម្តែង Mario Maurer ជុំវិញ​ការ​ចោទប្រកាន់​ថា កំពូល​តារា​សម្តែង​រូប​នេះ ជាប់​ពាក់ព័ន្ធ​ក្នុង​ក្រុម​ក្មេង​ទំនើង​បង្កើត​ផ្លា​ក​លេខ​រថយន្ត​ក្លែងក្លាយ ខណៈ​ដែល​តារា​សម្តែង​វ័យ​៣៤​ឆ្នាំ​រូប​នេះ បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ដោយ​អះអាង​ថា រូបគេ​គឺជា​ជន​រង​គ្រោះ​នៃ​សកម្ម ភាព​ឧក្រិដ្ឋកម្ម​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Thaiger ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ ២០២៣ កន្លង​ទៅ​។

កាលពី​ពេល​ថ្មី​ៗ​នេះ មន្ត្រី CCIB បាន​ចាប់ខ្លួន​មេខ្លោង​២​នាក់ ពាក់ព័ន្ធ​នឹង​សហគ្រាស​ចុះបញ្ជី​ផ្លា​ក​លេខ​រថយន្ត​ក្លែងក្លាយ​។ ពួក​គេ​បាន​ទទួល​បាន​ឈ្មោះ​អ្នក​ប្រើប្រាស់ និង​លេខ​សម្ងាត់​របស់​មន្ត្រី នៅ​ក្នុង​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បង្កើត​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ​។ មន្ត្រី CCIB បាន​រឹបអូស​រថយន្ត​ចំនួន ៦៥​គ្រឿង​មាន​តម្លៃ​ជាង​៧៧​លាន​បាត ស្មើនឹង​ជាង ២,២​លាន​ដុល្លារ​។ រថយន្ត​ទាំងនោះ ត្រូវ​បាន​គេ​រៀបចំ​លក់​ទៅ​ឱ្យ​អ្នក​ប្រមូល​ទិញ ដែល​ភាគច្រើន​គឺជា​តារា​ល្បី​របស់​ថៃ​។

បណ្តាសារ​ព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់ ឈ្មោះ M ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ក្មេង​ទំនើង​ផង​ដែរ ដែល​ក្រោយមក Mario បាន​សារភាព​ប្រាប់​អ្នក​សារព័ត៌មាន​ថា តារា​សម្តែង​ឈ្មោះ M នោះ គឺជា​រូបគេ​។ លោក​បាន​អះអាង​ថា លោក​បាន​និយាយ​ជាមួយ​ប៉ូលិស​រួច​ហើយ​តាម​ទូរស័ព្ទ ហើយនឹង​គ្រោង​ជួប​មន្ត្រី​ប៉ូលិស​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត នៅ​ពេល​កាលវិភាគ​ណាត់ជួប​ច្បាស់លាស់​។

Mario បាន​ទទូច​លើ​ភាព​គ្មាន​កំហុស​ដោយ​បញ្ជាក់​ថា រូបគេ និង​ភ្នាក់ងារ​ដែល​ទុកចិត្ត​របស់​គេ បាន​ក្លាយជា​ជន​រង​គ្រោះ​ក្នុង​ក្រុម​ឧក្រិដ្ឋជន ហើយ​ពួក​គេ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ក្មេង​ទំនើង​នោះ​ទេ​។ Mario បាន​បញ្ជាក់​ថា ភ្នាក់ងារ​របស់​គេ​បាន​ទិញ​ឡាន​នេះ​ពី​ក្រុម​ក្មេង​ទំនើង ហើយ​លក់​បន្ត​ឱ្យ​គេ ទាំង​ដែល​រូបគេ​មិន​ទាន់​បាន​ទទួល​នៅឡើយ​ទេ​។ ក្រោយ​ពី​ឃាត់ខ្លួន ភ្នាក់ងារ​របស់ Mario ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​ពី​សកម្មភាព​ឧក្រិដ្ឋជន ដែល​នៅ​ពីក្រោយ​ការ​ទិញ​លក់ ហើយ​បាន​ប្រគល់​ប្រាក់​ឱ្យ​គាត់​វិញ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ការ​ចុះបញ្ជី​រថយន្ត​នៅ​តែ​ជាប់​ឈ្មោះ​របស់​គាត់ ដោយសារ​តែ​ដំណើរការ​ផ្ទេរកម្មសិទ្ធិ​បាន​បញ្ចប់​។

Mario បាន​និយាយ​ថា «​ខ្ញុំ​មិន​បារម្ភ​អំពី​បញ្ហា​នេះ​ទេ​។ ខ្ញុំ​ជា​អ្នកទិញ​ឡាន​សាមញ្ញ​ម្នាក់​ដែល​បាន​ទិញ​ឡាន​ដោយ​ស្មោះត្រង់ និង​ត្រឹមត្រូវ​។ ខ្ញុំ​មិនដឹង​ថា ឡាន​នីមួយ​ៗ​ឆ្លងកាត់​អ្វីខ្លះ​ទេ ព្រោះ​ខ្ញុំ​ឃើញ​ឡាន​មាន​ឯកសារ​ចាំបាច់​ទាំងអស់ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា គឺជា​ផ្លា​ក​លេខ​ក្លែងក្លាយ ឬ​អត់​នោះ​ទេ​។ ភ្នាក់ងារ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ក៏​ត្រូវ​បាន​បោក​បញ្ឆោត​ដែរ​។ ខ្ញុំ​បាន​បង្ហាញ​ភាព​គ្មាន​កំហុស​របស់ខ្ញុំ ចំពោះ​ប៉ូលិស​រួចរាល់​»​។

លោក Amnart Traipoj មេបញ្ជាការ​រង​នៃ CCIB បាន​រាយការណ៍​ថា ប៉ូលិស​មិន​មានការ​ជឿជាក់​ចំពោះ​ចម្លើយ​សារភាព​នោះ​ទេ ដោយ​ពួក​គេ​នឹង​សាកសួរ Mario និង​ភ្នាក់ងារ​របស់​គេ​បន្ត​ទៀត ដើម្បី​បញ្ជាក់​ថា តើ​ពួក​គេ​បាន​ទិញ​ឡាន​ដោយ​ដឹង​ថា ផ្លា​ក​លេខ​ក្លែងក្លាយ​ឬ​ក៏​អត់?

លោក Amnart បាន​បន្ថែម​ថា មន្ត្រី​របស់​លោក​បាន​រក​ឃើញ​ឡាន​ស៊េរី​ចាស់​ចំនួន ៥០​គ្រឿង​ផ្សេង​ទៀត ដែល​ប្រើប្រាស់​ផ្លា​ក​លេខ​ក្លែងក្លាយ​។ ម្ចាស់​ឡាន​ទាំងអស់​នឹង​ត្រូវ​កោះហៅ ដើម្បី​តាម​ចាប់​ជនសង្ស័យ​ផ្សេង​ទៀត​ក្នុង​ក្រុម​ក្មេង​ទំនើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ