បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ គឺលោកស្រី Paetongtarn Shinawatra បាននិយាយថា គណបក្សភឿថៃនឹងតែងតាំងលោក Srettha Thavisin នៅក្នុងការបោះឆ្នោតជុំទី៣ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ប្រសិនបើប្រធានគណបក្សឆ្ពោះទៅមុខ គឺលោក Pita Limjaroenrat នៅតែបរាជ័យនៅក្នុងការបោះឆ្នោតជុំទី២ ដែលនឹងធ្វើឡើងនៅថ្ងៃពុធនេះ។
កាលពីថ្ងៃច័ន្ទ ដៃគូសម្ព័ន្ធទាំងអស់បានអះអាងជាថ្មីនូវជំហររបស់ពួកគេក្នុងការបោះឆ្នោតឱ្យលោក Pita នៅក្នុងជុំទី២ ខណៈដែលមេដឹកនាំក្រុមចម្រុះរូបនេះបានសន្យាថា នឹងចុះចេញ ហើយបើកឱ្យគណបក្សភឿថៃដឹកនាំក្រុមសម្ព័ន្ធ និងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី ប្រសិនបើគាត់បរាជ័យជាលើកទី២។
លោកស្រី Paetongtarn បាននិយាយថា ភឿថៃនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រលោក Pita ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី ប៉ុន្តែប្រសិនបើលោក Pita បរាជ័យ លោកស្រីនឹងស្នើឱ្យមានការប្រជុំក្រុមប្រឹក្សាភឿថៃ ដើម្បីតែងតាំងលោក Srettha ក្នុងការបោះឆ្នោតលើកក្រោយទៀត បន្ទាប់ពីគណបក្សភឿថៃក្លាយជាមេដឹកនាំក្រុមចម្រុះ។
ជម្រាបដែរថា លោកស្រី Paetongtarn គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីទី១ របស់គណៈបក្សភឿថៃ ខណៈដែលលោក Srettha Thavisin ឈរនៅលេខ២ ហើយលោក Chaikasem Nitisiri ឈរនៅទី៣។ ចំពោះហេតុផលដែលលោកស្រី Paetongtarn មិនឈរឈ្មោះក្នុងជុំបន្ទាប់ គឺលោកស្រីបាននិយាយថា៖«ខ្ញុំមិនចង់បានតំណែងជាប្រធាននោះទេ។ បេក្ខភាពនាយករដ្ឋមន្ត្រីទាំង ៣ មានឆន្ទៈជួយការងារគ្នា មិនថាមុខតំណែងអ្វីក៏ដោយ»។
លោកស្រីបាននិយាយថា លោកស្រីក៏មិនបានដឹងថាក្រុមសមាជិកសភាបក្សភឿថៃមកពីខេត្តភាគឦសាន ចង់រុញឱ្យគាត់បានធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះដែរ ប៉ុន្តែលោកស្រីបានសារភាពដោយត្រង់ថា វាមិនងាយស្រួលទេក្នុងការដឹកនាំប្រទេសក្នុងស្ថានភាពបច្ចុប្បន្ននេះ។ លោកស្រីសង្ឃឹមថា លោកស្រីនឹងអាចពន្យល់ពីស្ថានភាពនេះដល់សមាជិកសភានៅខេត្តភាគឦសាន។ លោកស្រី Paetongtarn បានបន្ថែមថា៖«ក្នុងពេលនេះ ខ្ញុំនឹងបន្តសិក្សាអំពីការគ្រប់គ្រងប្រទេស និងអភិវឌ្ឍខ្លួនខ្ញុំ»៕
ចែករំលែកព័តមាននេះ