បុរសម្នាក់បានទៅដកធ្មេញនៅមន្ទីរពេទ្យមួយកន្លែង ហើយក៏ទទួលមរណភាព បន្ទាប់ពីគាត់ដកធ្មេញរហូតដល់១២ដើម។ ជនរងគ្រោះបានហូរឈាមពីជើងធ្មេញឥតឈប់ រហូតទាល់តែខ្សោះឈាមអស់ពីខ្លួន ស្លាប់តែម្ដង។ ឈាមនៅក្នុងខ្លួនរបស់មនុស្សយើងមិនមែនសម្បូរហូរហៀរពេកទេ មានត្រឹមតែជាង៣លីត្រ ឬជាង៤លីត្រតែប៉ុណ្ណោះ។
ឥឡូវនេះ សមត្ថកិច្ចថៃកំពុងចុះស៊ើបអង្កេតសំណុំរឿងនេះយ៉ាងដុតដៃដុតជើង ដើម្បីចង់ដឹងមូលហេតុពិតប្រាកដនៃការស្លាប់របស់បុរសវ័យ៦៤ឆ្នាំនៅខេត្តស៊ីងប៊ូរី (Sing Buri)។ នេះបើយោងតាមការជូនដំណឹងរបស់ក្រុមប្រឹក្សាទន្តពេទ្យប្រទេសថៃ។ បន្ទាប់ពីឮដំណឹងនេះភ្លាម, ក្រុមប្រឹក្សាបានចុះស្រាវជ្រាវជាមួយក្រុមអ្នកជំនាញ។

យោងតាមព័ត៌មានបឋម, ជនរងគ្រោះឈ្មោះសោមសាក់ (Somsak)បានទៅពេទ្យដើម្បីព្យាបាលជំងឺរាក់ស៊ីធ្មេញ និងកំបោរជើងធ្មេញ។ គ្រូពេទ្យប្រាប់ថាទាល់តែដកធ្មេញរបស់គាត់ដែលពុកចោលឱ្យអស់ ទើបអាចព្យាបាលជំងឺបាន ព្រោះគាត់មានជំងឺមេរោគនៅក្នុងឈាម, ជំងឺក្រិនថ្លើម និងជំងឺសួតក៏បណ្ដាលមកពីពុកធ្មេញ និងកំបោរធ្មេញ។

គេរំពឹងថាការស៊ើបអង្កេតស៊ីជម្រៅទៅលើសំណុំរឿងនេះអាចនឹងជួយបកស្រាយអាថ៌កំបាំង និងមូលហេតុពិតប្រាកដនៅពីក្រោយការស្លាប់នេះ។ អ្នកស្រីចន្ថាណា ឃុំគ្រង (Chanthana Khumkrong) ដែលជាកូនស្រីរបស់ជនរងគ្រោះ ប្រាប់ថាឪពុករបស់អ្នកស្រីបានធ្វើដំណើរទៅព្យាបាលជំងឺក្រិនថ្លើមនៅមន្ទីរពេទ្យមួយកន្លែង។ ថ្ងៃទី១៥ ខែឧសភា, គ្រូពេទ្យប្រាប់ថាដោយសារឪពុករបស់អ្នកស្រីកើតជំងឺម៉្យាងដែលប៉ះពាល់ដល់ចលនាឈាមរត់។ គាត់ត្រូវលេបថ្នាំរហូតដល់ថ្ងៃទី២៨ ខែឧសភា។
ស្រាប់តែនៅថ្ងៃទី២៣ ខែឧសភា, មន្ទីរពេទ្យប្រាប់ថាឪពុករបស់អ្នកស្រីមានបញ្ហាពុកធ្មេញធ្ងន់ធ្ងរដែលត្រូវដកធ្មេញចោលចំនួន១២ដើម។ នៅថ្ងៃនោះ គ្រូពេទ្យដកធ្មេញរបស់ជនរងគ្រោះចំនួន៧ដើម។ នៅថ្ងៃបន្ទាប់, ដកថែម៥ដើមទៀត។ ការដកធ្មេញលើកទី២នេះគឺមានបញ្ហាតែម្ដង។ ឪពុករបស់អ្នកស្រីចាប់ផ្ដើមហូរឈាមតាមជើងធ្មេញឥតឈប់រហូតដល់ខ្សោះខ្លួន។

គេបានរក្សាទុកសាកសពរបស់អ្នកជំងឺនៅមន្ទីរពេទ្យរហូតដល់ថ្ងៃ២៥ ខែឧសភា ទើបសម្រេចចិត្តដឹកចេញទៅកាន់វត្តសាដាវ (Sadao) នៅតំបន់មេឡា (Mae La) ស្រុកបាងរ៉ាឆាន់ (Bang Rachan) ដើម្បីរៀបចំពិធីបុណ្យ និងបូជា។
អ្នកកាសែតបានធ្វើដំណើរទៅវត្តសាដាវ ដើម្បីសម្ភាសអ្នកស្រីផ្លែក (Plaek)ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ។ អ្នកស្រីប្រាប់ថាលោកតាសោមសាក់ត្រូវគ្រូពេទ្យប្រាប់ឱ្យដកធ្មេញពុកចោលឱ្យអស់។ អ្នកស្រីប្រាប់ថាដកធ្មេញ៧ដើមថ្ងៃទី១ក៏ចាប់ផ្ដើមមានបញ្ហាដែរ។ គ្រាន់តែថាថ្ងៃនោះជនរងគ្រោះត្រឹមជ្រាបឈាមតិចៗតាមជើងធ្មេញ។ ឃើញបញ្ហានេះកើតឡើងហើយ គ្រូពេទ្យនៅតែបន្តដកធ្មេញ៥ដើមទៀតនៅថ្ងៃបន្ទាប់។ លើកទី២នេះ ឈាមហូរចេញពីជើងធ្មេញមកច្រើនៗតែម្ដង។

គ្រូពេទ្យដាក់សំឡីទ្រាប់ជើងធ្មេញ និងប្រាប់ឱ្យអ្នកជំងឺខាំសំឡីឱ្យជាប់ដើម្បីទប់ឈាម។ ប៉ុន្តែជនរងគ្រោះគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីខាំសង្កត់សំឡីទ្រាប់ជើងធ្មេញទេ។ អ្នកស្រីផ្លែកប្រាប់ថាតាំងពីកើតពីពោះម៉ែមកដល់អាយុប៉ុណ្ណឹង, អ្នកស្រីមិនដែលឃើញមន្ទីរពេទ្យណាដកធ្មេញអ្នកជំងឺម្ដងលេងសុទ្ធតែ១២ដើមអីចឹងទេ។ គេដកដោយសន្សឹមៗម្ដងបន្តិចៗ និងរង់ចាំរហូតដល់មុខរបួសរបស់ធ្មេញចាស់ជាសះស្បើយទាំងស្រុងសិន។ បន្ទាប់មក, ទើបគេចាប់ផ្ដើមដកធ្មេញដទៃទៀត។
អ្នកកាសែតបានសម្ភាសអ្នកស្រី ប៊ុនរុង (Boonruang)ដែលត្រូវជាភរិយារបស់ជនរងគ្រោះ។ អ្នកស្រីប្រាប់ថាមុនដំបូងប្ដីរបស់គាត់មិនមែនត្រូវការដកធ្មេញឯណា។ គាត់ចង់ពិនិត្យជំងឺថ្លើម។ គ្រូពេទ្យពិនិត្យឃើញថាគាត់ក៏មានបញ្ហាសួត និងមេរោគនៅក្នុងឈាមផងដែរ។ គ្រូពេទ្យប្រាប់ថាទាល់តែដកធ្មេញពុករបស់ប្ដីគាត់ចោលឱ្យអស់ ទើបអាចព្យាបាលជំងឺទាំងនេះបាន៕
ប្រភព៖ កាសែតបាងកកប៉ុស្តិ៍ និងប្រភពដទៃទៀត
https://www.bangkokpost.com/thailand/general/2580120/sing-buri-man-bleeds-to-death-after-12-teeth-removed
https://thethaiger.com/news/national/man-dies-after-hospital-extracts-12-teeth-family-demands-answers
ចែករំលែកព័តមាននេះ