ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិកមូលនិធិស៊ីក្លូ នៅរាជធានី ជិត ៣០០នាក់ ទទួលបានអាវភ្លៀង មី និងថវិកា​របស់សម្តេចតេជោហ៊ុន សែន

10 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូ នៅក្នុងរាជធានីភ្នំពេញ ចំនួន ២៩៩នាក់ ទទួលបានអាវភ្លៀង មី និងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូ នៅក្នុងរាជធានីភ្នំពេញ ចំនួន ២៩៩នាក់ ទទួលបានអាវភ្លៀង មី និងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រ​យានកម្ពុជា (ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជំនួយនាពេលនេះ ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ខណៈរដូវវស្សាបានឈានមកដល់​។

ថវិកា និងសម្ភារៈទាំងនេះ ត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងអោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រ​យានកម្ពុជា ប្រគល់ជូនពួកគាត់ នារសៀលថ្ងៃអាទិត្យទី២៨ ខែ​ឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ​។

លោក ម៉េត មាសភក្តី បាន​​អោយដឹងថា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកអោយលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ​ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ជាក់ស្តែង នៅពេលនេះ ពួកគាត់ទាំង ២៩៩នាក់ បានទទួល អាវភ្លៀង មី និងថវិកា​របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ថែមពីលើ​ការឧបត្ថមប្រចាំខែរបស់ពួកគាត់​។ អំណោយទាំងនេះ ក្នុងម្នាក់ៗ ទទួលបានអាវភ្លៀង១ ថវិកាចំនួន ៥ម៉ឺនរៀល និងមី ១កេស​។

លោកបន្តថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេច​តែង​បានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង ២៩៩នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែ ចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង ១ខែពួកគាត់ អាចបើក​បាន ៣ដង ក្នុង ១ដង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណប. ស. ស ដើម្បីឲ្យបងប្អូន អាចទៅ​ព្យាបាលជំងឺ ដោយមិនអស់ប្រាក់ នៅតាមមន្ទីរពេទ្យរដ្ឋនានា​។

បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខ​នឹង​ការរាតត្បាតជំងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នៅបានផ្តល់​អំណោយ​ជាគ្រឿង​ឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។

គួរបញ្ជាក់ផងដែរថា មូលនិធិស៊ីក្លូ ត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី១៨មករា ឆ្នាំ២០១៨ ​ក្រោមការ​ផ្តួច​ផ្តើម​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមាន​ដើម​កំណើតតាំងពីសម័យអាណានិគមនិយមបារាំង មកម្លេះ៕