ខេត្តកំពង់ស្ពឺ ៖ លុយចំនួន១០៦០០ដុល្លារ និងលុយខ្មែរ៨០០០០០រៀល ព្រមទាំងទូរស័ព្ទចំនួន៧គ្រឿង និងចិញ្ចៀនផ្លាកទីន១វង់ទម្ងន់៥ជីនៅក្នុងកាបូប ត្រូវក្រុមចោរហារយលួចយកទៅបាត់ ដោយសុវត្ថិភាព ខណៈពេលដែលម្ចាស់ផ្ទះកំពុងតែដេកលង់លក់ក្នុងដំណេកនាពេលរាត្រី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រង់សម្ដីម្ចាស់ផ្ទះ (សុំមិនបញ្ចេញឈ្មោះ) រស់នៅក្នុងភូមិកើតហេតុខាងលើ បានរៀបរាប់ថា ក្រោយពីលោកសំរាកពីការងារនាព្រលប់ថ្ងៃទី២៦ ខែឧសភា លោកក៏បានហូបបាយជុំគ្រួសារ និងអង្គុយលេងជាមួយបងប្អូន រហូតដល់ម៉ោង១០យប់ក៏បែកគ្នាចូលសំរាកអស់ទៅ។

ប្រភពព័ត៌មានបន្តទៀតថា ខណៈពេលលោកសំរាកនោះ (ម្ចាស់ផ្ទះ) បានដាក់កាបូបលុយក្បែរក្បាលដំណេក ព្រោះជាទម្លាប់ទៅហើយ។ ដោយក្នុងនោះមានលុយ និងទូរស័ព្ទផងដែរ ហើយមិនដឹងថា តើក្រុមចោរបានផ្លោះរបងចូលតាំងពីពេលណានោះទេ?។
ម្ចាស់ផ្ទះបានបន្តទៀតថា លុះដល់ម៉ោង៤ទៀបភ្លឺ នៅពេលលោកភ្ញាក់ដឹងខ្លួនក៏រាវរកកាបូបដើម្បីយកថ្នាំមកលេប តែរកមិនឃើញនោះឡើយ ក៏ផ្អើលឆោឡោឡើង និងទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍តែម្តង។ នៅពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ក៏បានធ្វើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញាក្រុមជនសង្ស័យដែលធ្វើសកម្មភាពនោះផងដែរ។

ក្រោយមកក៏មានអ្នកលក់បន្លែប្រទះឃើញកាបូបដែលត្រូវក្រុមចោរលួចយកទៅរើកកាយនោះ នៅក្បែរមាត់ស្រះទឹកខាងជើងភូមិ ហើយក៏បានយកកាបូបនោះទៅជូនសមត្ថកិច្ច ប៉ុន្តែក្នុងកាបូបនៅសល់តែកាតសម្គាល់ខ្លួន និងប័ណ្ណសម្គាល់ខ្លួនផ្សេងៗរបស់ម្ចាស់កាបូបតែប៉ុណ្ណោះ។
ម្ចាស់ផ្ទះបានបញ្ជាក់ផងដែរថា លុយដែលបាត់បង់ទៅនោះ គឺមួយចំនួនជាលុយក្រុមហ៊ុន និងមួយចំនួនទៀតជាលុយផ្ទាល់ខ្លួន ដែលយកតាមដើម្បីទិញរថយន្ត។ ក្នុងនោះទូរស័ព្ទដែលក្រុមចោរយកទៅ រួមមាន ៖ អាហ្វូន១២ប្រូម៉េក ១គ្រឿង, អាយហ្វូន១១ប្រូម៉េក ២គ្រឿង អាហ្វូនអ៊ិចម៉េក ០១គ្រឿង និងអុបប៉ូរីណីធូអេស ចំនួន០៣គ្រឿងផងដែរ។

គួរបញ្ជាក់ផងដែរថា នៅពេលនេះ សមត្ថកិច្ចកំពុងតែដុតដៃដុតជើងតាមស្រាវជ្រាវមុខសញ្ញាដែលធ្វើសកម្មភាព ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោស។ ហើយនេះគឺជាករណីទី១ ដែលក្រុមចោររាតត្បាតដើផ្លោះរបងលួចសម្ភារ:តាមភូមិនាស្រុកគងពិសី ដូច្នេះគប្បីសមត្ថកិច្ចបង្កើនការដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីឈានទៅឃាត់ខ្លួនក្រុមចោរដើរលួចអ្នកភូមិនាពេលយប់ជ្រៅឱ្យបាន៕
ចែករំលែកព័តមាននេះ