អតីតមន្ត្រីនគរបាលទីក្រុងហូជីមិញត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ១៣ឆ្នាំពីបទរត់ពន្ធទំនិញគេចពន្ធដែលមានតម្លៃសរុប២១៧ពាន់លានដុង ឬស្មើនឹង៩លាន ២សែនដុល្លារ។ លោកហុងឌុយទៀន (Hoang Duy Tien) អាយុ៣៨ឆ្នាំ ធ្លាប់កាន់តំណែងជាមន្ត្រីនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលទីក្រុងហូជីមិញ។ លោកត្រូវតុលាការសាលាដំបូងនៃទីក្រុងហូជីមិញប្រកាសសាលក្រមកាលពីថ្ងៃសៅរ៍។ លោកវ៉ូវ៉ាន់ដុង (Vo van Dong) ដែលជាអតីតមន្ត្រីនគរបាលម្នាក់ទៀតក៏ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទរត់ពន្ធទំនិញគេចពន្ធដូចគ្នា។
លោកហុងឌុយទៀន (Hoang Duy Tien)អ្នកសមគំនិតនៅក្នុងរឿងនេះចំនួន១៩នាក់ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ១១ឆ្នាំ។ ចំណែកអាជីវករ៥នាក់ត្រូវពិន័យជាប្រាក់សរុប១,៥ពាន់លានដុង ឬស្មើនឹងជាង៦ម៉ឺនដុល្លារ។ រដ្ឋអាជ្ញាចោទប្រកាន់ថាលោកហុងឌុយទៀនជាមេខ្លោងធំជាងគេ។ គាត់ជួលបុគ្គលិក និងបង្ហាត់បង្រៀនពួកគេពីរបៀបរកស៊ីទុច្ចរិត។ ចម្លើយសារភាពរបស់គាត់នាំឱ្យបកអាក្រាតអំពើទុច្ចរិតរបស់វ៉ូវ៉ាន់ដុង។ អ្នកសមគំនិតដទៃទៀតបានឆ្លើយសារភាព។ លើកលែងតែលោកវ៉ូវ៉ាន់ដុងប្រកែកញ៉ាញ មិនព្រមទទួលស្គាល់កំហុសទេ។ ប៉ុន្តែតុលាការអាចរកបានភស្តុតាងមួយកំភ្លូសទុកសម្រាប់ដាក់បន្ទុកទៅលើរូបគាត់។

លោកហុងឌុយទៀន (Hoang Duy Tien)ចូលដៃជាមួយឈ្មួញទុច្ចរិត លួចនាំចូលទំនិញគេចពន្ធប្រភេទគ្រឿងបរិក្ខារពីប្រទេសចិន និងជប៉ុនចូលវៀតណាម។ ដល់អីចឹងទៅ, ទំនិញអាចលក់ធូរៗថ្លៃក៏នៅតែចំណេញ។ ពួកឈ្មួញត្រូវបង់ថ្លៃរត់ការឱ្យលោកហុងឌុយទៀនចន្លោះពី៧៨លានដុងទៅ៩០លានដុងក្នុងមួយកុងតេណឺ ដើម្បីឱ្យលោកធ្វើឯកសារភូតកុហក និងជួយសម្រួលជាមួយមន្ត្រីគយ។
ជាការកាត់ទោសមួយកញ្ចប់ទៅលើក្រុមដែលឃុបឃិតគ្នាជាមួយអតីតមន្ត្រីនគរបាលហុងឌុយទៀនលោកហុងឌុយទៀន (Hoang Duy Tien)ជ្រើសរើសមនុស្សយកមកបណ្ដុះបណ្ដាលដោយផ្ទាល់ដៃរបស់គាត់ពីរបៀបរកស៊ីទុច្ចរិត និងបើកក្រុមហ៊ុនជាងសែសិបដើម្បីងាយស្រួលនាំចូលទំនិញ។ គាត់ក៏បានសហការគ្នាជាមួយក្រុមហ៊ុនសវនកម្មដើម្បីងាយស្រួលធ្វើឯកសារក្លែង និងនាំចូលទំនិញ និងគ្រឿងបរិក្ខារដែលមិនបំពេញគ្រប់លក្ខខណ្ឌអនុញ្ញាតឱ្យនាំចូល។
ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២១, លោកហុងឌុយទៀននាំចូលទំនិញសរុប១២៨៧កុងតេណឺ គិតជាទឹកប្រាក់២១៧ពាន់លានដុង។ នៅអំឡុងពេលនោះ, គាត់ក៏បានជួយសម្រួលឱ្យលោកវ៉ូវ៉ាន់ដុងនាំចូលទំនិញគេចពន្ធ៦កុងតេណឺដែលសរុបជាទឹកប្រាក់៩រយលានដុង។ នេះបើយោងតាមការរកឃើញរបស់តុលាការ៕
ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/former-hcmc-policeman-gets-jail-for-smuggling-9m-worth-of-goods-4610470.html
ចែករំលែកព័តមាននេះ