ខេត្តប៉ៃលិន ៖ ក្មេងប្រុសស្រីតូចៗចំនួន២នាក់បានលង់ទឹកស្ទឹងបរយ៉ាខា ស្លា.ប់យ៉ាងអាណោចអាធ័ម ខណៈឪពុកម្តាយនាំយកពួកគេទៅអង្គុយលេងនៅខ្យុសក្បែរមាត់ទឹកស្ទឹង លុះពេលភ្លេចខ្លួនបណ្តោយឱ្យក្មេងៗដើរលេង ក៏ស្រាប់តែរអិលជើងដួលចូលទឹកលង់ស្លា.ប់ទាំងពីរនាក់គួរឱ្យសង្វេគតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្នុងស្ទឹងបរយ៉ាខា ក្រោយខ្យុសវត្តបរហ៊ុយ ស្ថិតក្នុងភូមិបហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងងថា ក្មេងរងគ្រោះទី១- ឈ្មោះ ឆេង ស្រីម៉ី ភេទស្រី អាយុ០៧ឆ្នាំ និងទី២- ឈ្មោះ ឆេង លីម៉េង ភេទប្រុស អាយុ០៥ឆ្នាំ ទាំង២នាក់គឺជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមការរៀបរាប់ពីឪពុកឈ្មោះ ខែម លេង អាយុ៣០ឆ្នាំ ជាកសិករ និងម្តាយឈ្មោះ ចៅ សំ អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ បានរៀបរាប់ទាំងមានសេចក្តីសោកស្តាយ និងវិបដិសារីថា មុនពេលកើតហេតុ ពួកគាត់ធ្វើដំណើររចេញពីផ្ទះវេលាម៉ោង១២និង៣៥នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដោយនាំកូនទាំង២នាក់ និងសាច់ញាតិបងប្អូនទៅលេងនៅខាងក្រោយខ្យុសវត្តបរហ៊ុយ។
ប្រភពដដែលបន្តថា ពេលទៅដល់ទីនោះ ក៏នាំគ្នាអង្គុយលេងនៅលើខ្យុស ហើយញ៉ាំអាហារជួបជុំបងប្អូនរហូតភ្លេចខ្លួន។ លុះវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃដដែល ខណៈរៀបចំបម្រុងចេញទៅផ្ទះវិញ បែរជាបាត់កូនទាំង២នាក់ខាងលើ ដោយគិតថា កូនៗរបស់ពួកគេទៅទិញនំញ៉ាំ ហើយក៏ដើរស្វែងរកតាមកន្លែងលក់នំ តែមិនឃើញនោះ ទើបចាប់ផ្តើមភ័យបារម្ភ ក៏ដើរស្វែងរកបន្តនៅតាមដងស្ទឹងបរយ៉ាខា។ មួយសន្ទុះក្រោយមក ក៏ប្រទះឃើញកូនៗរបស់គាត់លង់ទឹកស្ទឹង ដែលគេទប់ថ្មសម្រាប់ទុកមុជលេង មានទទឹងប្រវែង១៥ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ និងជម្រៅ០១ម៉ែត្រ។
ប្រភពដដែលបន្តទៀតថា ក្រោយពេលឃើញកូនលង់ទឹក ក៏ប្រញាប់ស្រង់ឡើងគោក រួចដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ប៉ុន្តែអ្វីៗហួសពេលបាត់ទៅហើយ ខណៈទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យប្រាប់ថា កូនៗរបស់គាត់បានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ។
ប្រភពពីប្រជាពលរដ្ឋ ក៏បានឱ្យដឹងដែរថា នេះជាការធ្វេសប្រហែសរបស់ឪពុកម្តាយ នៅពេលនាំគ្នាទៅលេងក្បែរៗមាត់ទឹក គឺត្រូវតែមានការប្រុងប្រយ័ត្នបំផុត ព្រោះថា ក្មេងតូចៗចូលចិត្តទឹក លុះពេលចុះទៅលេង ហើយអត់ចេះហែលទៀត ក៏បណ្តាលឱ្យលង់ទឹកស្លា.ប់គួរឱ្យអាណោចអាធ័មតែម្តង។
ក្រោយពេលពិនិត្យរួច ស.ពក្មេងរងគ្រោះទាំង២នាក់បងប្អូនត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប្រគល់ស.ពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ