ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង វង្ស ថា​ណា​ន់ ថា លោក​ខាតបង់​ខ្ទង់​ម៉ឺន​ដុល្លារ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍

10 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក វង្ស ថា​ណា​ន់ បាន​លើក​ឡើង​ថា លោក​បាន​បាត់បង់​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ពេល​ដែល​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក វង្ស ថា​ណា​ន់ បាន​លើក​ឡើង​ថា លោក​បាន​បាត់បង់​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ពេល​ដែល​លោក​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​លោក​ជួប​គ្រោះ ស្រប​ពេល​ការងារ​កំពុង​បុក​មក​ខ្លាំង​។

ហើយ​រហូត​មក​ទល់​នា​ពេល​នេះ ស្ថានភាព​របួស​របស់​លោក វង្ស ថា​ណា​ន់ បាន​វិវត្តន៍​មក​រក​សភាព​កាន់តែ​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​លោក​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ អំឡុង​ពេល​លោក​បើកឡាន​ចេញពី​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​ន្ដ្រី​មួយ​នៅ​ខេត្ត ហើយ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​វិញ​។

តារាចម្រៀង​រូប​នេះ បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ម៉ាក Toyota Prius នៅ​លើ​ផ្លូវជាតិ​លេខ​ផ្លូវ​៥ ក្នុង​ដំណើរ​ចេញពី​ខេត្តបន្ទាយមានជ័យ ហើយ​ក៏​បាន​ជួប​ហេតុការណ៍​បុក​ជាមួយនឹង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដែល​ចត​ចោល​នៅ​លើ​ផ្លូវត្រង់​ចំណុច​គីឡូ​លេខ​១៦ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បណ្តាល​ឲ្យ​លោក​របួស​បាក់​ភ្លៅ ចំណែកឯ​រថយន្ត​វិញ រង​ការ​ខូចខាត​អស់​មួយ​កំណាត់​មុខ​ទាំងស្រុង​ផង​ដែរ​។

ក្រោយ​ហេតុការណ៍​កើតឡើង​តារាចម្រៀង​រូប​នេះ បាន​លុប​ចោល​កម្មវិធី​ទាំងអស់​ដែល​លោក​ទទួល​ទាំង​ការ​សម្តែង​តាម​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ ដោយសារ​តែ​លោក​ត្រូវ​ប្រើ​ពេល​មួយ​រយៈ​ធំ​សម្រាប់​ការ​ព្យាបាល​ដោយ​របួស​បាក់​ភ្លៅ​។

ម្ចាស់​បទ «​ស្នេហ៍​ក្រៅផ្លូវការ​» លោក វង្ស ថា​ណា​ន់ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ក្រោយ​ពី​លោក​ជួប​ហេតុការណ៍​គ្រោះថ្នាក់​នេះ ចំពោះ​ការ​ច្រៀង និង​សម្តែង​ខាងក្រៅ គឺ​លោក​ត្រូវ​លុប​ចោល​ទាំងអស់​តែ​ម្តង​។ លោក​បញ្ជាក់​ថា មុន​គ្រោះថ្នាក់ លោក​បាន​ទទួល​ការងារ​ខុន​សឺត​តាម​បណ្តា​ខេត្ត​ជា​ច្រើន ហើយ​នៅ​ក្នុង​នោះ​ក៏​មានការ​ច្រៀង​នៅ​តាម​ក្លិប​មួយ​ចំនួន​ទៀត​ផង​ដែរ ដែល​ការងារ​ទាំង​អស់នោះ ត្រូវ​លុប​ចោល​ទាំងស្រុង ។

បើ​តាម​លោក វង្ស ថា​ណា​ន់ ថា បើ​គិត​ពី​ការ​ខាតបង់​ចំណូល​ទាំង​អស់នោះ គឺ​អាច​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ ដោយសារ​លោក​បាន​ទទួល​ការងារ​ច្រើន​គួរសម ហើយ​ណាមួយ​តម្លៃ​ខ្លួន​របស់​លោក​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ក៏​មានការ​កើនឡើង​ផង​ដែរ​។ យ៉ាងណា លោក​នៅ​មិន​ទាន់​ដឹង​ទេ​ថា លោក​នឹង​ត្រូវ​ដោះស្រាយ​យ៉ាងណា​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ដែល​លោក​បាន​ទទួល​ការ​ច្រៀង​ទាំង​អស់នោះ​ឡើយ ដោយសារ​តែ​ពេល​នេះ លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នៅឡើយ​។

លោក វង្ស ថា​ណា​ន់ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា លោក​ពិតជា​មានការ​សោក​ស្តា​ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​លោក​ជួប​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ចំ​ពេល​ដែល​ការងារ​ចូល​មក​ច្រើន​នា​ពេល​នេះ​។ លោក​បញ្ជាក់​ថា តាម​រយៈ​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រូពេទ្យ​យ៉ាង​ហោច​ណាស់​លោក​ត្រូវ​ចំណាយពេល​យ៉ាងតិច​មួយ​ឆ្នាំ ទើប​លោក​អាច​សម្តែង​ច្រៀង​ដូច​ធម្មតា​ឡើង​វិញ ដោយសារ​របួស​បាក់​ភ្លៅ​របស់​លោក​បាន​វះ​ដាក់​ដែក និង​ចាំបាច់​ត្រូវការ​លាង​ជា​រៀង​រាល់​ខែ ដើម្បី​កុំអោយ​ច្រែះ នៅ​មុន​ពេល​ដក​ដែក​ចេញ​។

លោក​បន្ថែម​ថា តាម​ស្ថានភាព​ជាក់ស្តែង​ក្រុម​គ្រូពេទ្យ​ថា ក្នុង​រយៈពេល​ប្រហែលជា​កន្លះ​ឆ្នាំ គឺ​លោក​អាច​ឈរ​ច្រៀង​បាន ប៉ុន្តែ​លោក​មិន​អាច​ហក់លោត​ជា​ក្បាច់​រាំ​បាន​ទេ​។

ដោយឡែក​ពាក់ព័ន្ធ​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​វិញ តារាចម្រៀង​លោក វង្ស ថា​ណា​ន់ បាន​អះអាង​ថា នៅ​មុន​ពេល​លោក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​លោក​បាន​ថត​បទ​ចម្រៀង​ថ្មី​ៗ​មួយ​ចំនួន​រួច​ហើយ ហើយ​ក្នុង​ករណី​ផលិតកម្ម​ចង់​ឲ្យ​លោក​ច្រៀង​ចេញ​បទ​ថ្មី​ទៀត​នោះ គឺ​ក៏​មិនជា​បញ្ហា​ចោទ​ដែរ ដោយ​សារ​តែ​លោក​របួស​ជើង​តែ​ប៉ុណ្ណោះ ពោល​គឺ​លោក​នៅ​អាច​ច្រៀង​បាន​ដូច​ដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ