ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានបង្កាត់ភ្លើងស្នេហាជាមួយនារីម្នាក់យ៉ាងផ្អែមល្អែម និងយ៉ាងស៊ីជម្រៅបានរយៈពេលប្រហែល៥ខែមកហើយ រហូតឈានដល់ការដឹកដៃគ្នាឡើងទៅឋានសួគ៌ជាច្រើនដង។ ប៉ុន្តែស្នេហាដូចផ្លេកបន្ទោរមួយនេះ ត្រូវជួបនឹងខ្យល់កន្ត្រាក់ទាញទម្លាក់យ៉ាងកំហុកពីលើមេឃបែកគ្នា រហូតខាងប្រុសប្រឈមមុខនឹងផ្លូវច្បាប់ ព្រោះតែហ៊ានយករូបអាក្រា.តកាយរបស់នាងពេលរួមមេ.ត្រីទៅបង្ហោះចែកចាយជាសាធារណៈផ្អើលពេញក្នុងបណ្ដាញសង្គម ដោយសារខឹងនាងសុំចែកផ្លូវ។
បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា យុវជនខាងលើនេះមានឈ្មោះ ខៃ យីងយុង អាយុ១៩ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។ ហើយយុវជនរូបនេះបានក្លាយជាជនសង្ស័យមួយរំពេច ដោយសារតែសង្សារកំណាន់ចិត្តរបស់ខ្លួនដែលមានអាយុ១៩ឆ្នាំ ដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ច ក្រោយយករូបអាក្រា.តកាយរបស់នាងទៅបង្ហោះជាសាធារណៈនៅក្នុងបណ្ដាញសង្គម និងផ្ញើចែកចាយទៅកាន់មនុស្សដទៃទៀតដែលជាមិត្តភក្ដិរបស់នាង។
តាមរបាយការណ៍បន្តថា យុវជន ខៃ យីងយុង ត្រូវបានកម្លាំងអធិការស្រុកសំពៅលូន និង កម្លាំងប៉ុស្ដិ៍រដ្ឋបាលចុះទៅឃាត់ខ្លួននៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដល់លំនៅដ្ឋានតែម្តង ដែលស្ថិតក្នុងភូមិ-ឃុំខាងលើ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះបានដាក់ពាក្យប្ដឹងអតីតសង្សាររបស់ខ្លួនឈ្មោះ ខៃ យីងយុង នេះ កាលពីថ្ងៃទី២២ ខែឧសភា ក្រោយពេលឃើញរូបអាក្រា.តកាយរបស់នាង ត្រូវបានអតិតសង្សាររូបនេះយកទៅបង្ហោះតាមបណ្ដាញសង្គម ដែលមានអាក់ខោនឈ្មោះ «Vann Ying Yung» ហើយថែមទាំងបានផ្ញើរូបអាក្រា.តនោះ ចែករំលែកទៅកាន់មិត្តភក្ដិរបស់នាងចំនួន២នាក់ទៀតផង។
ប្រភពដដែល បានបញ្ជាក់ថា នៅពេលឃើញបែបនេះ នាងក៏ប្រញាប់ប្រញាល់ទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច ដើម្បីសុំឲ្យជួយអន្តរាគមន៍ចាត់វិធានការតាមផ្លូវច្បាប់ទៅលើអតីតគូស្នេហ៍របស់នាងម្នាក់នេះ។
គួរបញ្ជាក់ថា គេនៅមិនដឹងថា តើនារីរងគ្រោះបានផ្ដល់ចម្លើយទៅកាន់សមត្ថកិច្ចបែបណាទេ ជុំវិញការឈានដល់ផ្លូវបំបែកជាមួយគួស្នេហ៍វ័យក្មេងខ្ចីរូបនេះ?។ ប៉ុន្តែបើតាមចម្លើយសារភាពបឋមដែលសមត្ថកិច្ចបានស្រង់សំដីពីជនសង្ស័យឈ្មោះ ខៃ យីងយុង បានសារភាពថា «ខ្ញុំពិតជាបានយករូបអាក្រា.តកាយរបស់នាងទៅបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្ញុំមែន ហើយថែមទាំងបានផ្ញើរូបអាក្រា.តនោះទៅកាន់មិត្តភក្ដិរបស់នាង២នាក់ទៀត ឲ្យបានឃើញទៀតផង»។
ជនសង្ស័យរូបនេះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា «ខ្ញុំនិងនារីរងគ្រោះ ធ្លាប់បានទំនាក់ទំនងស្នេហាជាមួយគ្នាចាប់តាំងពីខែមករា (២០២៣) រហូតមក និងឈានដល់ការរួមមេ.ត្រីបានសម្រេចប្រហែល៥ទៅ៦ដងផងដែរ។ ប៉ុន្តែក្រោយមក ខ្ញុំនិងនាងតែងតែឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់ រហូតចុងក្រោយនេះ នាងទទូចសុំបែកគ្នាតែម្ដង»។
ជនសង្ស័យ យីងយុង បានបញ្ជាក់យ៉ាងដូច្នេះថា «មិនត្រឹមតែសុំបែកផ្លូវគ្នាទេ ប៉ុន្មានថ្ងៃចុងក្រោយនេះ នាងបានប្លុកហ្វេសប៊ុកខ្ញុំចោលទៀត ទើបខ្ញុំសម្រេចចិត្តបង្ហោះរូបអាក្រា.តកាយរបស់នាងបែបនេះ»។ បើតាមជនសង្ស័យរូបនេះ បានអះអាងថា «រូបភាពអាក្រា.តកាយអតីតសង្សារដែលខ្លួនយកទៅបង្ហោះក្នុងបណ្ដាញសង្គមនោះ ជារូបដែលខ្លួនគេបានថតនៅពេលរួមមេ.ត្រីជាមួយគ្នា»។ ជននេះបានបញ្ជាក់ថា « មុនពេលខ្លួនបង្ហោះរូបអាក្រា.តនោះ ខ្លួនបានផ្ញើតាម «ឆាត» ទៅកាន់មិត្តភក្ដិស្រីរបស់នាងចំនួន២នាក់ឲ្យបានឃើញ ហើយក៏ត្រូវនាងប្ដឹងតែម្ដង។
ប៉ុន្តែទោះបីយ៉ាងណា នេះគ្រាន់តែជាចម្លើយសារភាពពីតួអង្គខាងប្រុសតែប៉ុណ្ណោះ ប៉ុន្តែគេមិនទាន់ទទួលបានចម្លើយបំភ្លឺពីតួអង្គខាងស្រីនៅឡើយទេ។ ពេលនេះ យុវជនដែលជាអ្នកទោសស្នេហាវ័យក្មេងរូបនេះ ត្រូវកម្លាំងអធិការស្រុកសំពៅលូន ឃាត់ខ្លួន ដើម្បីសួរនាំហើយ។
បើតាមសមត្ថកិច្ចឱ្យដឹងថា លោកស្នងការខេត្តបានបញ្ជាឲ្យបញ្ជូនជនសង្ស័យរូបនេះទៅកាន់ការិយាល័យជំនាញ នៃស្នងការខេត្ត ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់ហើយក្នុងសំណុំរឿង «ស្នេហាដូចខ្យល់ព្យុះ»៕
ចែករំលែកព័តមាននេះ