រាជធានីភ្នំពេញ ៖ នេះចាត់ទុកថា ជាលើកដំបូងហើយសម្រាប់តារាចម្រៀង លោកឧកញ៉ា ព្រាប សុវត្ថិ ចេញមុខឆ្លើយតបទៅកាន់មហាជនមួយចំនួនដែលចូលចិត្តធ្វើការរិះគន់ ដោយប្រើប្រាស់ពាក្យពេចន៍មិនល្អតាមរយៈការខំមិនលើបណ្តាញសង្គម ខណៈពេលដែលលោកបានសម្តែងការហួសចិត្តនៅពេលឃើញមានរឿងមួយនេះ កើតឡើងចំពោះរូបលោកផងដែរ។
បើទោះបីជាការខំមិនបែបរិះគន់ និងប្រើពាក្យមិនល្អមកលើរូបលោកមានចំនួនតិចតួចក្តី ប៉ុន្តែតារាចម្រៀងរូបនេះ ហាក់សម្តែងការស្ងើចចិត្តចំពោះជនទាំងនោះ ដែលមើលឃើញតែពីចំណុចអវិជ្ជមាន ហើយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យមកកាន់រូបលោក។
![Picture]()
តាមរយៈវីដែអូឃ្លីបដែលបង្ហោះតាមបណ្តាញសង្គម លោកឧកញ៉ា ព្រាប សុវត្ថិ បានលើកឡើងថា «រយៈពេលកន្លងមក លោកបានឃើញពីការខំមិនរបស់បងប្អូន ទាំងការសរសើរលើកទឹកចិត្ត និងការរិះគន់បន្ទោសបង្អាប់នូវផ្លូវចិត្តណាមួយមកលើរូបលោក»។ លោកបញ្ជាក់ថា «មានបងប្អូនខ្លះគាត់ខំមិនជេរយ៉ាងអាក្រក់ ហើយខ្ញុំក៏ស្ងើចពីពួកគាត់ដែរថាតើហេតុអីបានជាគាត់មានអារម្មណ៍បែបនឹងកើតឡើងចំពោះរូបលោក?»។
លោកបន្តថា «យើងបានរៀនតាំងពីតូច ដោយមានគ្រូត្រឹមត្រូវដែរ គេបង្រៀនពីការសរសេរពាក្យល្អៗ ហើយក៏មានពាក្យអាក្រក់នៅក្នុងនោះដែរ ប៉ុន្តែគេអោយយើងពេលណាដែលយើងមិនគួរប្រើពាក្យ មិនល្អនោះ»។ លោកថា »ការចូលទៅសរសេរខំមិនអ្វីមួយហើយនោះ គឺប្រាកដណាស់មានមនុស្សជាច្រើនបានមើល ហើយគេគិតថា ការខំមិនរបស់យើងនោះស.បញ្ជាក់ថា យើងមានកម្រិតចេះដឹងប៉ុណ្ណា ហេតុដូច្នេះប្រសិនបើយើងខឹងពេក ក៏អូសរំលងចោលទៅ»។
លោកបន្ថែមថា «ជាធម្មតាពាក្យអាក្រក់អ្នកណាក៏ចេះប្រើដែរ ប៉ុន្តែយើងមិនអាចបញ្ចេញបានទេ ហើយបើយើងបញ្ចេញវានោះអាចនឹងឲ្យចិត្តរបស់យើងក៏អាក្រក់តាមពាក្យសម្តីរបស់យើងដែរ »។
![Picture]()
យ៉ាងណា បើតាមលោកឧកញ៉ា ព្រាប សុវត្ថិ ថា «សម្រាប់រូបលោកមុននឹងក្លាយជាតារាចម្រៀងរហូមកទល់នាពេលនេះ គឺលោកបានជួបនូវការលំបាកជាច្រើន ហើយភាពលំបាកនោះ វានៅតែជាស្រមោលអន្ទរតាមប្រាណ ហើយការលំបាកទាំងអស់នេះ យើងនៅអាចធ្វើបានតាមរយៈទង្វើល្អ សុជីវធម៌ និងពាក្យសម្តីល្អ ដែលសង្គមទទួលស្គាល់»។
លោកបញ្ជាក់ថា «បច្ចុប្បន្ននេះ សង្គមគឺមានភាពជឿនលឿនណាស់ ហើយសម្រាប់លោកគឺយល់ថា យើងម្នាក់ៗគួរសរសេរពាក្យពេចន៍ណាដែលល្អ សមរម្យ ទោះបីជាយើងខឹងអ្នកណាមួយក៏ដោយ មិនគួរបញ្ចេញមកឡើយ»។ លោកថា «ពេលខ្លះយើងខំមិនជេរគេទាំងគេមិនបានដឹងខ្លួនផង គេរស់ដោយការខិតខំប្រឹងប្រែងរបស់គេ ហើយធ្វើឲ្យសង្គមទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេសថែមទៀត។ ទោះជាយ៉ាងណា លោកក៏សូមអគុណដល់បណ្តាអ្នកគាំទ្ររូបលោកជារៀងរហូតមក ហើយលោកសន្យានឹងខិតខំបន្ថែមទៀតធ្វើយ៉ាងណារិះរកអ្វីដែលថ្មី ប្លែក ដើម្បីបម្រើអារម្មណ៍ទស្សនិកជាបន្តបន្ទាប់ទៀត»៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ