ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌា​សម្លា.ប់​ និង​រត់​គេច​ខ្លួន​៤៩​ឆ្នាំ ទម្រាំ​សមត្ថកិច្ច​ចាប់​បាន​​​

11 ខែ មុន

ប្រទេស​ឥណ្ឌា៖ នៅ​ទី​បំផុត​, សមត្ថកិច្ច​ឥណ្ឌា​អាច​បំបែក​សំណុំ​រឿង​​​​ចាស់​ដែល​បាន​កន្លង​ផុត​ទៅ​​រយៈ​ពេល​​៤៩​ឆ្នាំ​​ ​និង​ចាប់​បាន​ជន​សង្ស័យ​​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ណាស់​ទៅ​ហើយ​​​​នៅ​ពេល​គាត់​វិល​ត្រឡប់​ទៅ​ស្រុក​​កំណើត​​ចំ​ពេល​ដែល​សមត្ថកិច្ច​ទើប​តែ​​ចាត់​មនុស្ស​ទៅ​ស៊ើប​សួរ​នៅ​ក្នុង​​ភូមិ​។ អាច​ចាត់​ទុក​ថា​​នេះ​ជា​ការ​គាប់​ជួន​គ្នា​ល្អ​ពេក ប្រៀប​ដូច​​ជា​ទេវតា​​បាន​ចារ​មក​តាំង​ពី​បុព្វេ​។​ ​​អំពើ​ឃាត​កម្ម​​កើត​ឡើង​កាល​​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​១៩៧៣​ នៅ​​ភូមិ​១​នៃ​រដ្ឋ​គជ់ចារ៉ាត…

ប្រទេស​ឥណ្ឌា៖ នៅ​ទី​បំផុត​, សមត្ថកិច្ច​ឥណ្ឌា​អាច​បំបែក​សំណុំ​រឿង​​​​ចាស់​ដែល​បាន​កន្លង​ផុត​ទៅ​​រយៈ​ពេល​​៤៩​ឆ្នាំ​​ ​និង​ចាប់​បាន​ជន​សង្ស័យ​​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ណាស់​ទៅ​ហើយ​​​​នៅ​ពេល​គាត់​វិល​ត្រឡប់​ទៅ​ស្រុក​​កំណើត​​ចំ​ពេល​ដែល​សមត្ថកិច្ច​ទើប​តែ​​ចាត់​មនុស្ស​ទៅ​ស៊ើប​សួរ​នៅ​ក្នុង​​ភូមិ​។ អាច​ចាត់​ទុក​ថា​​នេះ​ជា​ការ​គាប់​ជួន​គ្នា​ល្អ​ពេក ប្រៀប​ដូច​​ជា​ទេវតា​​បាន​ចារ​មក​តាំង​ពី​បុព្វេ​។​

​​អំពើ​ឃាត​កម្ម​​កើត​ឡើង​កាល​​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​១៩៧៣​ នៅ​​ភូមិ​១​នៃ​រដ្ឋ​គជ់ចារ៉ាត (Gujarat) ​​​ប្រព្រឹត្ត​ឡើង​ដោយ​ជន​សង្ស័យ​​ឈ្មោះ​ស៊ីថារ៉ាម ផាថានី​(Sitaram Bhatane)​​ទៅ​លើ​​​​ស្ត្រី​រង​គ្រោះ​​​ឈ្មោះ​​ម៉ានី ស៊ូខ្លា (Mani Shukla) ​អាយុ​​៧០​ឆ្នាំ​​ ត្រូវ​​បាន​សម្លាប់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​​​។ ​ជន​រង​គ្រោះ​គ្មាន​​​កូន​ ឬ​សាច់​ញាតិ​រស់​នៅ​ជា​មួយ​​​ទេ​​។ ​​​គាត់​ស្លាប់​រយៈ​ពេល​​បី​​ថ្ងៃ​គ្មាន​នរ​ណា​ដឹង​។​ រហូត​ដល់​​​​សព​​​​បញ្ចេញ​ក្លិន​ស្អុយ​​​​ដល់​​បន្ទប់​អ្នក​ជិត​ខាង ​​​ទើបពួក​គេ​ផ្អើល​ឈូឆរ​ និង​​រាយ​ការណ៍​​ប្រាប់​​សមត្ថកិច្ច​​​។​

សាក្សី​និយាយ​ថា​​​​ឃាត​ករ​គ្មាន​នរណា​ក្រៅ​ពី​​ស៊ីថារ៉ាម ផាថានី​​ទេ​ (Sitaram Bhatane)​​ ព្រោះ​​​គាត់​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ជន​រង​គ្រោះ​នៅ​​​យប់​​​កើត​ហេតុ​នោះ​​​។​​ ​បង​ប្អូន​​ជន​សង្ស័យ​​​បញ្ជាក់​ថា​​​​​​ផាថានី​ពិត​ជា​​​បា​ន​ចូល​​លួច​​ទ្រព្យ​សម្បត្តិ​​ និង​​សម្លាប់​លោកយាយ​ម្នាក់​នោះ​មែន​​។​ ទម្រាំ​ដឹង​ការ​ពិត​​, ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​​បាត់​ស្រមោល​។​​ សមត្ថកិច្ច​​​​បន្ត​​ស៊ើប​អង្កេត​,​ ​​បិទ​ប្រ​កា​ស​​​​​ និង​​បញ្ជូន​កម្លាំង​ចុះ​​​ស៊ើប​សួរ​នៅ​ក្នុង​​ភូមិ​​​​​​។​​ ​ប៉ុន្តែ​​​​រយៈ​ពេល​៣៧​ឆ្នាំ​កន្លង​ផុត​ទៅ​, ជនរង​គ្រោះ​នៅ​តែ​មិន​អាច​​​ទទួល​បានពន្លឺ​​​យុត្តិ​ធម៌។

​​ព្រឹត្តិការណ៍​វិវត្ត​ថ្មី​កើត​ឡើង​​នៅ​ឆ្នាំ​២០១០ នៅ​ពេល​​​​ហ្គោហ៊ីល​(Gohil)​ចូល​បម្រើ​ការ​​​នៅ​ក្នុងស្នង​ការ​ដ្ឋាន​​​នគរ​បាល​នៃ​រដ្ឋ​គជ់​ចារ៉ាត​​។ គាត់​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​សំណុំ​រឿង​នេះ​​​​​។​ ​អ្នក​ស៊ើប​ក្ដី​ម្នាក់​នេះ​សង្ស័យ​ថា​ផាថានី​​ទំនង​ជា​​រត់​ពីគេ​ច​ខ្លួន​ពី​​​រដ្ឋ​គជ់ចារ៉ាត​ទៅ​​សម្ងំ​​លាក់​ខ្លួន​នៅ​​​​រដ្ឋ​មហារាស្ត្រ ព្រោះ​រដ្ឋ​ទាំង​២​​មាន​ព្រំ​​ដែន​​ជាប់​គ្នា​​។ ​តាម​ពិត,​​សមត្ថ​កិច្ច​នៅ​រដ្ឋ​គជ់ចារ៉ាត​បាន​​​បញ្ជូន​ឈ្មោះ​​ផាថានី​​ទៅ​រដ្ឋ​មហារាស្ត្រ​​​​​តាំង​ពី​ឆ្នាំ​២០១៣​ ដើម្បី​ជួយ​ស្វែង​រក​។​​ ប៉ុន្តែ​គេ​​​នៅ​តែ​មិន​អាច​​​កំណត់​មុខ​សញ្ញា​បាន​​ទេ​​។

​រាប់​សិប​ឆ្នាំ​​កន្លង​ផុត​ទៅ​​​, នគរ​បាល​តែង​ចាត់​កម្លាំង​ចុះ​ស៊ើប​សួរ​ក្នុង​ភូមិ​​របស់​ជន​សង្ស័យជា​រៀង​រាល់​១​​ឆ្នាំ​ម្ដង​​​។ ប៉ុន្តែ​​​គ្មាន​តម្រុយ​សូម្បី​តែ​បន្តិច ​ព្រោះ​​​​​ជន​សង្ស័យ​​​ពុំ​​​ដែល​ចូល​ភូមិ​​​ម្ដង​ណា​ឡើយ​​​។ ​​លើក​នេះ​​ចំ​ពេល​​ដែល​សមត្ថកិច្ច​ចាត់​មនុស្ស​ទៅ​ភូមិ​, ផាថានី​ក៏​ចូល​ទៅ​​ក្នុង​ភូមិ​នោះ​ដែរ។ ​ល្អៀង​គ្នា​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​។​ អ្នក​ស៊ើប​ក្ដី​ហ្គោហ៊ីល​​ប្រាប់​ថា​នេះ​ជា​ភាព​ចៃដន្យ​សុទ្ធ​សាធ​​ដែល​យើង​ចាត់​កម្លាំង​ចុះ​ទៅ​​ក្នុង​ភូមិ​​​​ចំ​ពេល​​​ជន​សង្ស័យ​​ដើរ​ចូល​ភូមិ​ដោយ​ខ្លួន​ឯង​​, ប្រៀប​បាន​នឹង​ការ​យក​ក​ទៅ​ល​អន្ទាក់​ដូច្នោះ​​ដែរ​។​​​

​​អ្នក​ភូមិ​​ប្រាប់​ថា​​ជន​សង្ស័យ​ទើប​តែ​ដើរ​ចូល​ភូមិ​​កាល​ពី​​ពីរ​បី​ថ្ងៃ​​មុន​នេះ​​​ប៉ុណ្ណោះ​។​​​ ហ្គោហ៊ីល​ក៏​ទាក់​ទង​ទៅ​​សមត្ថកិច្ច​នៅ​រដ្ឋ​មហា​រាស្ត្រ​ដើម្បី​កំណត់​មុខ​សញ្ញា​ដែល​ទើប​តែ​ត្រឡប់​ពី​​រដ្ឋ​​គជ់ចារ៉ាត​។ ​សមត្ថកិច្ច​​ប្រាប់​ថា​ពួក​គេ​បាន​ជួប​ប្រទះ​បុរស​ម្នាក់​ហ្នឹង​ជា​ច្រើន​ដង​រួច​មក​ហើយ​ ប៉ុន្តែ​មិន​​ដឹង​ថា​គាត់​ជា​ជន​សង្ស័យ​ឈ្មោះ​ផាថានី​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​នោះ​ទេ​។ ពួក​គេ​ជា​ក្មេង​ស្រករ​ក្រោយ​ដែល​មាន​អាយុ​ទើប​តែ​សាម​សិប​ឆ្នាំ​​ប្លាយ​។ ម៉្លោះ​ហើយ​​, ពួក​គេ​មិន​អាច​ដឹង​បាន​នូវ​សំណុំ​រឿង​ដែល​បាន​កើត​ឡើង​តាំង​ពី​​យូរ​មក​ហើយ​​​។

សមត្ថកិច្ច​នៃ​រដ្ឋ​ទាំង​២​ គជ់ចារ៉ាត និង​មហារាស្ត្រ​ ​បាន​ចុះ​ស្រាវ​ជ្រាវ​បន្ថែម និង​​ស៊ើប​ដឹង​ថា​​​​បន្ទាប់​ពី​បាន​ប្រព្រឹត្ត​អំពើ​ឃាត​កម្ម​នោះ​​​​រួច​, ជន​សង្ស័យ​ក៏​​​​រត់​គេច​ខ្លួន​ទៅភាគ​​ខាង​ជើង និង​រស់​នៅ​តែ​ម្នាក់​ឯង​ គ្មាន​ប្រពន្ធ​ គ្មានកូន​ទេ​​​។​ គាត់​​​​ចិញ្ចឹម​ជីវិត​​ដោយ​​ការ​លួច​​​​របស់​ទ្រព្យ​អ្នក​ដទៃ​ ឬ​ការ​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ផ្សេង​ៗ​ ដែល​ជា​ជំនាញ​របស់​គាត់​តាំង​នៅ​ក្មេង​ៗ​។​ នៅ​ពេល​​​វ័យ​កាន់​តែ​ចាស់​ជរា​​​​, ​គាត់​​បាន​ផ្លាស់​ប្ដូរ​អាជីព​ទៅ​ជា​អ្នក​​សុំ​ទាន​​​វិញ​ម្ដង​។​​​ ​ឆាក​ជីវិត​របស់​គាត់​ពោរ​ពេញ​ដោយ​ភាព​​រសាត់​អណ្ដែត​ដូច​ចក​កណ្ដាល​ជល​សារ​​។ ​​​​

បន្ទាប់​ពី​កំណត់​មុខ​សញ្ញា​​បាន​ហើយ​​​​​​​,​ ហ្គោហ៊ីល​ក៏​​​​ចាត់​​មនុស្ស​​ទៅ​ជួប​ផាថានី​នៅ​រដ្ឋ​មហា​រាស្ត្រ​​ និង​​ស្នើ​សុំ​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​​របស់​គាត់​​។ ​​សមត្ថកិច្ច​ប្រើ​ពេល​យូរ​ដែរ​ទម្រាំ​គាត់​ឆ្លើយ​សារ​ភាព​​​តាម​ត្រង់​​។ ​គាត់​​ប្រាប់​ថា​គាត់​ហាក់​ដូច​ជា​ភ្លេច​​អស់​​​​​ហើយ​នូវ​​រឿង​រ៉ាវ​​ពី​​​អតីត​កា​ល​​។ គាត់​សួរ​បក​ទៅ​សមត្ថកិច្ច​វិញ​ថា រឿង​កន្លង​ផុត​ទៅ​៥០​ឆ្នាំ​ហើយ ​​កោត​តែ​អស់​លោក​តាម​ចង​កម្ម​ចង​ពៀរ​ជា​មួយ​ខ្ញុំ​ទៀត​?​​

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​១៩៧៣, ​​ផាថានី​បាន​សម្លាប់​ស្ត្រី​វ័យ​៧០​ឆ្នាំ​នៅ​រដ្ឋ​គជ់​ចារ៉ាត នៅ​ពេល​ជន​នេះ​​ចូល​​លួច​​ទ្រព្យ​សម្បត្តិ​។ ​នៅ​ពេល​​ឮ​​សំឡេង​ក្ដុង​ក្ដាំង, ជន​រង​គ្រោះ​​ក៏​ភ្ញាក់​ពី​​ដំណេក​​ ​និង​​ប្រយុទ្ធ​​​គ្នា​ជា​មួយ​ជន​សង្ស័យ​​​​។ ​នៅ​ទី​បំផុត​, ​អ្នក​ដែល​​ទទួល​​​ជ័យ​ជម្នះ​គឺ​ផាថានី​។ រីឯ​លោក​យាយ​​​ក៏​ត្រូវ​បង់​សង្ខារ​នៅ​ក្នុង​គ្រា​នោះ​ទៅ​​។ ​​​

នៅ​គ្រា​ចុង​ក្រោយ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ និង​ដឹក​ផាថានី​ត្រឡប់​ទៅ​​​ភូមិ​កំណើត​របស់​គាត់​​វិញ​ដើម្បី​ធ្វើ​កំណត់​ហេតុ​​បន្ថែម​ទៀត​, គាត់​​រក្សា​ភាព​ស្ងប់​ស្ងាត់​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​។ គាត់​​និយាយ​​ដោយ​ខ្លីថា «​​ប្រហែល​ជា​ព្រហ្ម​លិខិត​​​បាន​ចារ​មក​ឱ្យ​គាត់​ជាប់​គុក​នៅ​អាយុ​​ប៉ុណ្ណឹង​​​»​។​ សមត្ថកិច្ច​យល់​ថា​​​វ័យ​​របស់​គាត់​ចំណាស់​នេះ​​ហើយ​,​ គាត់​​​ត្រូវ​ជាប់​គុក​រហូត​ដល់​ថ្ងៃ​ស្លាប់​តែ​ម្ដង​៕​​

ប្រភព៖ South China Morning Post, Vice, Times of India

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ