ស្លុតចិត្ត! ក្រោយឮដំណឹងថា អ្នកម្តាយ ឌួង ហ្សូរីដា ទទួលមរណភាពហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដោយសារខ្សោយកម្លាំង ក្រោយចាក់គីមី រហូតសង្គ្រោះនៅបន្ទប់ ICU បានតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ពេលនេះអ្នកស្រី យ៉ាលីន ម្តាយបង្កើតដ៏រឹងមាំរបស់កញ្ញា ឌួង ហ្សូរីដា បានទទួលមរណភាពហើយ។

ដំណឹងមរណភាពរបស់ម្តាយ ឌួង ហ្សូរីដា នាពេលនេះ បានធ្វើឱ្យអ្នកសិល្បៈជាច្រើន ព្រមទាំងមហាជន ក៏ដូចជាអ្នកគាំទ្រមានការស្លុតចិត្តគ្រប់ៗគ្នា ព្រោះថាអ្នកម្តាយរបស់ ឌួង ហ្សូរីដា គឺជាម្តាយដែលខំតស៊ូចិញ្ចឹមកូនទាំងអស់ក្នុងនាមជាស្ត្រីមេម៉ាយ ក្រោយពីអត់ស្វាមីមើលថែ។

អ្នកស្រី យ៉ាលីន សុខលីម អំឡុងរស់រានមានកម្លាំង រមែងផ្តាំកូនៗអោយចេះសាងអំពើល្អ ហើយរកស៊ីសុទ្ធចរិត ទៀងត្រង់ និងចេះជួយអ្នកអត់ ហើយនឹងជួយសង្គម។ បែបនេះហើយ កាលរស់នៅអ្នកម្តាយរូបនេះ តែងតែនាំកូនៗសាងរូបភាពល្អៗ ធ្វើបុណ្យចែកទាន ទាំងក្នុងវិស័យពុទ្ធសាសនា ក៏ឃើញ។ ម្ល៉ោះហើយ អ្នកសិល្បៈជាច្រើនតែងតែគោរពស្រឡាញ់អ្នកម្តាយ ហ្សូរីដា ព្រោះលោកឧស្សាហ៍ទូន្មាននូវដំបូន្មានល្អៗ ជាមួយការចេះជួយគ្នា។

អ្នកស្រី យ៉ាលីន បានរងនូវសម្ពាធជំងឺជាច្រើនឆ្នាំមកហើយ និងត្រូវបានកូនៗខំរកប្រាក់ចេញទៅព្យាបាលនៅប្រទេសថៃ។ បងប្អូនស្រីដ៏ពូកែទាំង៣រូប បានចាត់ចែងនៅមើលថែទាំ ដោយកូនកណ្តាល (ស្រីណុច) មើលថែជាងគេ ខណៈ ឌួង ហ្សូរីដា និងប្អូនពៅ ចាំហាងរកស៊ី ដើម្បីស្វែងរកប្រាក់បញ្ជូនទៅមន្ទីរពេទ្យ។
ទឹកប្រាក់ជាច្រើនសន្ធឹក ត្រូវបានចំណាយ ហើយ ហ្សូរីដា និងប្អូនៗ បានបូជាពេលវេលាជាមួយម្តាយ ចោលភាពជាយុវវ័យ មិនគិតឡើយ អោយតែម្តាយបានជា ចំណាយបែបណាមិនខ្វល់ សុខចិត្តលំបាក។ ពេលនេះអ្វីៗបានបន្សល់ទុកត្រឹមតែអនុស្សាវរីយ៍ ហើយកូនៗបាន ត្រឹមតែនឹកគ្រប់យ៉ាង គុណម្តាយ។ ចាប់ពីពេលនេះតទៅ បងប្អូនត្រកូលឌួង ក្លាយជាកូនកំព្រាហើយ។

មិនត្រឹមតែប៉ុណ្ណោះ មិត្តភក្តិសិល្បៈ ក៏បានផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នា និងអោយកញ្ញា ឌួង ហ្សូរីដា និងប្អូនៗ ត្រូវរឹងមាំបន្តទៅទៀត ហើយការមើលថែម្តាយ ធ្វើបានល្អហើយ។ ក្រោយឃើញ ឌួង ហ្សូរីដា បានបង្ហោះសារថា «លោកម៉ែឈប់ឈឺទៀតហើយ លោកម៉ែគេងអោយលង់លក់ចុះ ជាតិនេះជាតិក្រោយកូនស្រឡាញ់លោកម៉ែរហូត»។
គួររំលឹកថា ៖ សិល្បករជាច្រើនដួង កំពុងព្រួយបារម្ភពីជំងឺម្តាយ ឌួង ហ្សូរីដា ខណៈធ្វើទុក្ខរហូតបន្តដាក់ក្នុងបន្ទប់ ICU ៕















ចែករំលែកព័តមាននេះ