ខេត្តកំពង់ស្ពឺ ៖ ក្រោមការរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏សម្បូរបែបរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ នៃពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គេសង្កេតឃើញថា កំណើនភ្ញៀវទេសចរមកលេងកម្សាន្តបានហក់ឡើងខ្ពស់លើសពីថ្ងៃទី១ នៃសង្ក្រាន្តនេះ ដែលចំនួននោះគឺមានរហូតដល់ទៅជិត២០ម៉ឺននាក់ឯណោះ។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២ នៃកំពង់ស្ពឺសង្ក្រាន្តនេះ មានទេសចរណ៍មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានចំនួន១៨៧,១០២នាក់ និងភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន១៤,៣៩០នាក់។សម្រាប់ថ្ងៃទី១ និងថ្ងៃទី២ នេះ សរុបភ្ញៀវទេសចរមានចំនួន២០១,៤៩២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន៦៧០នាក់។

ជុំវិញការហក់ឡើងខ្ពស់នៃកំណើនភ្ញៀវទេសចរនេះដែរ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក រស់ សុខ បានគូសបញ្ជាក់ថា គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះ យើងក៏អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ផងដែរ ដែលជាឱកាសដល់បងប្អូនប្រជាពលរដ្ឋអាចដើរហើរដោយសេរី មិនមានការភ័យខ្លាច។

លោកបន្តថា នេះជាឆ្នាំទី២ហើយ ដែលខេត្តកំពង់ស្ពឺបានរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តនេះឡើង ក្រោយវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកាលពីឆ្នាំទី១ កំពង់ស្ពឺសង្ក្រាន្តមានអ្នកមកលេងកម្សាន្តជាង៣៣ម៉ឺននាក់។ ហើយសម្រាប់ឱកាសកំពង់ស្ពឺសង្ក្រាន្តនៃឆ្នាំទី២នេះ មន្ទីរទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្ត រំពឹងថា កំណើនភ្ញៀវនឹងកើនឡើងទ្វេដងនៃឆ្នាំកន្លងទៅ ខណៈឆ្នាំនេះ គឺមានការរៀបចំព្រឹត្តិការណ៍យ៉ាងច្រើន ដើម្បីបម្រើដល់ការកម្សាន្តសប្បាយរបស់ភ្ញៀវ ក្រោមការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ដោយកងកម្លាំងទាំង៣ប្រភេទយ៉ាងប្រុងប្រយ័ត្នបំផុត៕







ចែករំលែកព័តមាននេះ