ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ ​ដើម្បី​ទាក់ទាញភ្ញៀវ​ទេសចរ​

6 ឆ្នាំ មុន

តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​កត្តា​អំណោយផល​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់ និង​ការ​កើនឡើង​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​នេះ​ធ្វើ​ដំណើរ​ទេសចរណ៍​យ៉ាងច្រើន​នៅ​លើ​ពិភពលោក ។

តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ឲ្យ​ដឹង​ថា អាស្រ័យ​ដោយ​កត្តា​អំណោយផល ធ្វើ​ឲ្យ​តម្រូវការ​នៃ​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​របស់​ប្រជាពលរដ្ឋ​ចិន​នៅ​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​១៣០​លាន​នាក់ រួម​ទាំង​ការ​ចំណាយ​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រមាណ​២៥០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​ចិន​បាន​ចូល​មក​ទស្សនា​កម្សាន្ដ​នៅ​តំបន់​អាស៊ាន​ប្រមាណ​១២​លាន​នាក់ ក្នុង​នោះ​កម្ពុជា​ទទួល​បាន​ទេសចរ​ចិន​ចំនួន​៥៦​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ ។ ចំណែក​ឆ្នាំ​២០១៥ ទេសចរ​ចិន​មក​កម្ពុជា​មាន​ចំនួន​៧០​ម៉ឺន​នាក់ ។

ផ្តើម​ពី​កត្តា​សត្យា​នុ​ម័ត​ទាំងនោះ បណ្តា​ប្រទេស​អាស៊ាន​ក៏​កំពុង​តែ​រៀបចំ​នូវ​យុទ្ធសាស្ត្រ ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរ​ចិន ។ ដោយឡែក​ក្រសួងទេសចរណ៍​កម្ពុជា ក៏​បាន​រៀបចំ​នូវ​យុទ្ធ សាស្ត្រ​ឆ្នាំ​២០១៦-២០២០ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ផង​ដែរ ។

តាម​សៀវភៅបោះពុម្ព​ផ្សាយ​ដោយ​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរ​ចិន​សម្រាប់​ឆ្នាំ​២០១៦-២០២០ មាន​៦​ចំណុច​សំខាន់​ៗ​គឺ ៖

១-​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​គោលដៅ​អាទិភាព​ទៅ​កាន់​ប្រទេស​ចិន សំខាន់​គោលដៅ​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​ដូច​ជា ទីក្រុង​ប៉េ​កាំ​ង ទីក្រុង​សៀង​ហៃ ទីក្រុង​ក្វា​ង​ចូ​វ និង​ទីក្រុង​ហុងកុង ជាដើម ។

២-​យុទ្ធសាស្ត្រ​ពង្រឹងគុណភាព និង​អភិវឌ្ឍន៍​ផលិតផល​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ចិន ខណៈ​ផលិតផល និង​សេវា​ទេសចរណ៍​កម្ពុជា​បច្ចុប្បន្ន​នៅ​មានការ​ខ្វះខាត​ច្រើន ។

៣-​យុទ្ធសាស្ត្រ​លើកទឹកចិត្ត និង​ជំរុញ​កា​រត​ភ្ជាប់​ដោយ​ផ្តើម​ចេញពី​នយោបាយ​ចិន វិ​ថី​សូត្រ (Silk Road) ។

៤-​យុទ្ធសាស្ត្រ​សម្រួលការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​ចាំបាច់​ត្រូវ​រៀបចំ​ដាក់​អក្សរ​ចិន​លើ​បែបបទ​លិខិត​ស្នាម និង​ស្លាក​សញ្ញា​សម្គាល់​នានា​ជា​ពិសេស​មួយ​សម្រាប់​ការ​មក​ដល់​នៃ​ទេសចរ​ចិន ។

៥-​យុទ្ធសាស្ត្រ​បង្កើន​ការ​ផ្សព្វផ្សាយ ខណៈ​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​កង្វះខាត​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ទេសចរ​ចិន​មាន​ភាព​ស្រពេចស្រពិល​ក្នុង​ការ​ជ្រើសរើស​គោលដៅ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ។

៦-​យុទ្ធសាស្ត្រ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ពិសេស​ជាមួយ​បណ្តា​ទីភ្នាក់ងារ​ទេសចរណ៍​ទាំងអស់​ដែល​ទទួលភ្ញៀវ​ទេសចរ​ចិន ។ ទន្ទឹម​នឹង​នេះ ក៏​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​ចិន ស្ថាប័ន​ទេសចរណ៍​ចិន​ក្នុង​បណ្តា​ទីក្រុង និង​ខេត្ត​សំខាន់​ៗ​របស់​ចិន ។

សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌​៌ា ដែល​មាន​ផ្ទៃដី​សរុប​ធំ​លំដាប់ថ្នាក់​ទី​៣ និង​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ចំណាត់ថ្នាក់​ទី​២ បន្ទាប់​ពី សហរដ្ឋអាមេរិក ដោយ​មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ចំនួន​ជាង​១០​ទ្រី​លាន​ដុល្លារ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​២០១៤ ដែល​មាន​អត្រាកំណើន​ជា​មធ្យម​៧,៤%​ក្នុង​១​ឆ្នាំ និង​នៅ​ឆ្នាំ​២០១៥ មាន​ចំនួន​១១​ទ្រី​លាន​ដុល្លារ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ដែល​មាន​កំណើន ៦,៨% ។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​អង្គការ IMF ស្តី​ពី World Economic Outlook (WEO) ខែតុលា ឆ្នាំ​២០១៥ ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​ចិន​ចំនួន​៨០​ម៉ឺន​នាក់ ក្នុង​នោះ កម្ពុជា​សង្ឃឹមថា នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​១​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧ និង​ប្រមាណ  ២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ៕