ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​លំ​ហាត់ប្រាណ​នៅ​វ័យ​ជំទង់​កាត់​បន្ថយ​ហានិភ័យ

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​មួយ​អះអាង​ថា

ការ​ស្រាវជ្រាវ​មួយ​អះអាង​ថា​ស្ត្រី​ដែល​មាន​ភាព​សកម្ម​ក្នុង​វ័យ​ជំទង់​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺមហារីក​បាន​ដល់​ទៅ​១៣% ។

បរិមាណ​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​លេង​កីឡា​នៅ​ពេល​ដែល​ស្ត្រី​នៅ​វ័យ​ជំទង់​ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង​សុខភាព​របស់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​ពី​៤០​ទៅ​៧០​ឆ្នាំ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​អ្នក​ដែល​បាន​ធ្វើ​លំ​ហាត់ប្រាណ​ជាប់លាប់​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺមហារីក​បាន​២០% ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Vanderbilt នៅ​ទីក្រុង Nashville រដ្ឋ Tennessee បាន​វិភាគ​លើ​សុខភាព​របស់​ស្ត្រី​ចំនួន​៧៩.៩៤១​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​៤០​ឆ្នាំទៅ​៧០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន ។

ស្ត្រី​ទាំងនេះ​ត្រូវ​បាន​គេ​សម្ភាស​អំពី​សកម្មភាព​របស់​ពួក​គេ​ក្នុងអំឡុងពេល​វិទ្យាល័យ និង​ក្នុង​វ័យ​កណ្តាល ។

លទ្ធផល​ទាំងនេះ​ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង​សុខភាព និង​កត្តាសេដ្ឋកិច្ច​សង្គម​ដទៃ​ទៀត​នា​ពេល​បច្ចុប្បន្ន ។ ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹ​ត្តប​ត្រ Cancer Epidemiology, Biomarkers & Prevention បាន​រក​ឃើញ​ថា​អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​មាន​ហានិភ័យ​ទាប​ក្នុង​កា​រវិ​វ​ឍ្ឍ​ជា​ជំងឺមហារីក ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​រ៉ាំរ៉ៃ ផ្សេង​ៗ​ទៀត ។

ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​ត្រូវ​បាន​កំណត់​ថា​គឺជា​ការ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​រយៈពេល​បន្តបន្ទាប់​គ្នា​៣​ខែ ។

ស្ត្រី​ដែល​ចូលរួម​លេង​កីឡា និង​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ក្នុងអំឡុងពេល​វ័យ​ជំទង់​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ពី​ជំងឺ​ទាំងអស់​បាន​២០% និង​១៣%​ពី​ការ​ស្លាប់​ដោយសារ​ជំងឺមហារីក និង​១៧% ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង ។

លោក Sarah Nechuta ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ Vanderbilt បាន​និយាយ​ថា ៖«​លទ្ធផល​របស់​យើង​គាំទ្រ​ពីសារ​សំខាន់​នៃ​ការ​លើកកម្ពស់​ការ​ចូលរួម​ក្នុង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ពេល​វ័យ​ជំទង់​ដើម្បី​កាត់​បន្ថយ​អត្រា​មរណភាព​នៅ​ពេល​ពួក​គេ​មាន​វ័យ​ចំណាស់ និង​បង្ហាញ​ពី​តម្រូវការ​ចាំបាច់​ក្នុង​ការ​ចាប់ផ្តើម​ការ​ការពារ​ជំងឺ​នៅ​ពេល​នៅ​ក្មេង​» ៕