ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជលផល​នេសាទ​សមុទ្រ​កាន់តែ​ធ្លាក់​ចុះ ខណៈ​បរទេស​ចូល​ទន្ទ្រាន

6 ឆ្នាំ មុន

ខេត្តកំពត ៖ « ទូក​ពួក​ខ្ញុំ​១០ មិន​ស្មើនឹង​ទូក​អ្នកនេសាទ​ជនជាតិ​វៀតណាម​១​គ្រឿង​ផង ដូច្នេះ មិនយូរ​ទេ ត្រី​ក្នុង​ដែនសមុទ្រ​កម្ពុជា​យើង នឹង​ហិនហោច​អស់ » ។ នេះ​ជា​ការ​លើក​ឡើង​

ខេត្តកំពត ៖ « ទូក​ពួក​ខ្ញុំ​១០ មិន​ស្មើនឹង​ទូក​អ្នកនេសាទ​ជនជាតិ​វៀតណាម​១​គ្រឿង​ផង ដូច្នេះ មិនយូរ​ទេ ត្រី​ក្នុង​ដែនសមុទ្រ​កម្ពុជា​យើង នឹង​ហិនហោច​អស់ » ។ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រជា​នេសាទ​រស់នៅ​ភូមិ​ដូន​តោក សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ។

ប្រជា​នេសាទ​ទាំងនោះ​បាន​បន្ដ​ថា កាលពីមុន ពួក​គាត់​អាច​នេសាទ​បាន​ច្រើន​គួរសម តែ​ឥឡូវ​កាន់តែ​យ៉ាប់​ទៅ​ៗ ដោយសារ​មាន​ទូក​ឆក់ និង​ទូក​អូស​គូ​របស់​ជនជាតិ​វៀតណាម​ជា​ច្រើន​បាន​ចូល​មក​នេសាទ​ដល់​ដែនសមុទ្រ​ខ្មែរ​ជា​រៀងរាល់ថ្ងៃ ហើយ​អាជ្ញាធរ​ហាក់ដូច​មិន​យកចិត្តទុកដាក់​សោះ ។

លោក សើ សា​រ៉េ​ត ប្រជា​នេសាទ​មួយ​រូប​បាន​និយាយ​ថា សម្រាប់​បងប្អូន​អ៊ិ​ស្លា​ម​ដែល​រស់នៅ​ខេត្តកំពត គឺ​៦០%​ជា​អ្នក​ប្រកប​របរ​នេសាទ ព្រោះ​មុខរបរ​នេះ​គឺជា​ឆ្នាំងបាយ​របស់​គាត់ ហើយ​ជា​មុខរបរ​ប្រចាំ​ត្រកូល​ទៀត​ផង ប៉ុន្ដែ​សព្វ​ថ្ងៃនេះ ការ​នេសាទ​របស់​ពួក​គាត់​កាន់តែ​លំបាកទៅ​ៗ ដោយ​ថ្ងៃ​ខ្លះ​ស្ទើរតែ​មិន​គ្រប់​ថ្លៃ​សាំង​ផង ។ នេះ​ដោយសារ​តែ​រាល់ថ្ងៃ​មាន​ជនជាតិ​វៀតណាម​យក​ឧបករណ៍​នេសាទ​ខុស​ច្បាប់​​មក​ឆក់ អូស ដោយ​មាន​ទូក​ធំ​ៗ ហើយ​នៅ​ពេល​ពួក​គេ​ទៅ​ដល់​កន្លែង​ណា នឹង​ហិនហោច​ត្រី​នៅ​កន្លែង​នោះ ។

លោក​ថា ៖« ទូក​យើង​១០ មិន​បាន​ស្មើ​ទូក​គេ​១​ផង អីចឹង​ហើយ​ត្រី​វា​នៅ​អី​ទៀត ជា​ពិសេស ទូក​អូស​គូ ។ ដូច្នេះ ខ្ញុំ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​អ្នក​ពាក់ព័ន្ធ មេត្តា​ជួយ​មាន​វិធានការ​ផង កុំ​ឲ្យ​គេ​ឈ្លានពាន និង​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​មក​លើ​ដែនដី​ខ្មែរ​យើង​ជា​ហូរហែ​បែប​នេះ​ទៀត » ។

លោក​បន្ដ​ថា កន្លង​មក នៅ​ពេល​មាន​មន្ត្រី​ជលផល​ចុះ​មក​ម្ដង​ៗ គេ​ពុំ​ឃើញ​មាន​ជនជាតិ​វៀតណាម​មក​នេសាទ​ទេ ។ នេះ​ហាក់ដូចជា​ខ្មោច​ស្រុក​ឲ្យ​ដំណឹង​មុន​អីចឹង ដូច្នេះ​ហើយ​មន្ត្រី​ជលផល​ក៏​លែង​ចុះ​មក​អន្តរាគមន៍​ទៅ ប៉ុន្ដែ​ក្រោយ​ពី​ស្ងប់ស្ងាត់​បាន​បន្ដិច ពួក​គេ​ក៏​ចូល​មក​នេសាទ​ដដែល ។

អ្នកស្រី សើ ស៊ី​យ៉ា​ស់ បាន​ឲ្យ​ដឹងផង​ដែរ​ថា ការ​នេសាទ ជា​មុខរបរ​ប្រចាំ​ត្រកូល​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម ព្រោះ​គ្មាន​ដីស្រែ​ចម្ការ​នឹង​គេ​ទេ ដូច្នេះ​មាន​តែ​មុខរបរ​នេះ​ហើយ​គ្រាន់​នឹង​ចិញ្ចឹម​គ្រួសារ ។

អ្នកស្រី​បន្ដ​ថា ៖« ជា​ទូទៅ ក្នុង​មួយ​ថ្ងៃ ខ្ញុំ​រកបាន​ប្រហែល​៥០​គីឡូក្រាម ។ និយាយ​រួម​ទៅ វា​មិន​បាន​ច្រើន​ទេ ព្រោះ​មាន​ទូក​វៀតណាម​ចូល​មក​នេសាទ​ខុសច្បាប់​នៅ​ទឹកដី​យើង​ច្រើន​ពេក ។ ចំណូល​ដែល​បាន​មកនេះ ខ្ញុំ​ត្រូវ​ចំណាយ​លើ​ថ្លៃ​សាំង និង​កម្មករ​អស់​ស្ទើរ​អស់​ទៅ​ហើយ មិន​សល់​អ្វី​នោះ​ទេ តែ​ធ្វើ​ម៉េច​បើ​យើង​ជា​អ្នកនេសាទ​ទៅ​ហើយ » ។

អ្នកស្រី​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ មេត្តា​ចាត់វិធានការ​ទៅ​លើ​ទូក​អូស​គូ​ប្រើប្រាស់​ឧបករណ៍​ឆក់​ទាំងនោះ​ដែល​កំពុង​តែ​ចូល​មក​នេសាទ​យ៉ាង​សកម្ម​នៅ​ដែនសមុទ្រ​របស់​យើង​ផង ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជើង​ទឹក​ប្រចាំ​ខេត្តកំពត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ម្សិលមិញ ថា កន្លង​មក​មាន​អ្នកនេសាទ​វៀតណាម​ចូល​មក​នេសាទ​មែន ប៉ុន្តែ​ក្រោយ​ពី​មានការ​ចុះ​អប់​រំជា​ញឹកញាប់​មក ឃើញ​ថា​ឥឡូវ​គ្មាន​ទៀត​ទេ ហើយ​បើ​មាន ខ្ញុំ​បាន​ប្រាប់​ឲ្យ​ប្អូន​នេសាទ​ទាក់ទង និង​ផ្ដល់​ដំណឹង​មក​ខាង​ក្រុម​ជើង​ទឹកជា​បន្ទាន់ ដើម្បី​ចុះ​អន្តរ​គម​ន៍ ។

លោក​បន្ត​ថា ៖« វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នកនេសាទ​ចូល​ដែនដី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពេល​ខ្លះ​ខាងជើង​ទឹក​យើង ក៏​មិន​អាច​ចុះ​ទៅ​គ្រប់ពេល​បាន​ដែរ ពិសេស​នៅ​ពេល​មាន​ភ្លៀង ខ្យល់​ម្ដង​ៗ ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​វេ​ង សា​ខុន បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ខែ​មុន​ថា សហគមន៍​អឺរ៉ុប​(EU) នឹង​ដាក់បន្ទុក ផ្ដល់​កាត​លឿង ឬ​ពិន័យ​ដល់​បណ្ដា​ប្រទេស​ណា​ដែល​ចូល​មក​នេសាទ រំលោភ​ដែនសមុទ្រ​របស់​ប្រទេស​ដទៃ ។ លោក​បន្ត​ថា នៅ​ពេល​ខាង​មុខ​អាច​នឹង​មានការ​ត្រួតពិនិត្យ​បទល្មើស​នេសាទ​តាម​ផ្កាយ​រណប ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ថា បទល្មើស​នេសាទ​នឹង​មិនកើត​មាន ហើយ​បើ​កើត​មាន​នោះ​នឹង​អាច​ទប់ស្កាត់​បាន​ទាន់​ពេលវេលា ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« បើកាលណា​អឺរ៉ុប​ដាក់​កាត​ក្រហម​លើ​ប្រទេស​ដែល​ប្រព្រឹត្ត​បទល្មើស រំលោភ​ដែនសមុទ្រ​របស់​ប្រទេស​ដទៃ និង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ហើយ ប្រទេស​ទាំងនោះ​នឹង​លែង​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ផលិតផល​នេសាទ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ទៀត ហើយ ។ ដូចនេះ ប្រទេស​ទាំងអស់​នឹង​ប្រុង​ប្រយ័ត្ន​ពី​ការ​ចូល​មក​នេសាទ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ៕