ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយកែវរ​មៀតកំពុង​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​ថៃ និង​វៀតណាម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្វាយកែវ​រមៀត គឺជា​ដំណាំ​កសិកម្ម​មួយ​ប្រភេទ​ដែល​ប្រជា​កសិករ​ជា​ច្រើន​កំពុង​តែ​ពេញ​និយម​នាំ​គ្នា​ដាំ ដោយសារ

រាជធានី​ភ្នំពេញ ៖ ស្វាយកែវ​រមៀត គឺជា​ដំណាំ​កសិកម្ម​មួយ​ប្រភេទ​ដែល​ប្រជា​កសិករ​ជា​ច្រើន​កំពុង​តែ​ពេញ​និយម​នាំ​គ្នា​ដាំ ដោយសារ​តែ​កំពុង​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិតខាង​ដូច​ជា​ថៃ និង​វៀតណាម​ជាដើម ។ ទោះបី​យ៉ាងណា ទិន្នផល​ក្នុងឆ្នាំនេះ​មានការ​ធ្លាក់​ចុះ ហើយ​តម្លៃ​វិញ​ក៏​នៅ​ទាប​ផង​ដែរ ។

លោក ណុ​ប វណ្ណៈ ជា​ឈ្មួញកណ្ដាល​ម្នាក់​បានឱ្យ​ដឹង​ថា រៀង​រាល់​ឆ្នាំ លោក​តែងតែ​ដើរ​ប្រមូល​រក​ទិញ​ផ្លែស្វាយ​កែវ​រមៀត និង​ម៉ៅ​ចម្ការ​របស់​ប្រជា​កសិករ​ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ ដោយ​ក្នុង​១​ឆ្នាំ ពី​២​ទៅ​៣​ដង​ទៅ​តាម​រដូវ​កាល​របស់​វា ។

លោក​បន្ដ​ថា ៖« នៅ​ដើមរដូវ​ឆ្នាំ​នេះ ខ្ញុំ​កំពុង​តែ​ដើរ​ប្រមូល​ទិញ​ស្វាយ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ និង​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ ។ ចំពោះ​តម្លៃ គឺ​ខ្ញុំ​ទិញ​ចូល​១​គីឡូក្រាម​៨០០​រៀល និង​លក់​ចេញពី​១២​ទៅ​១៣​បាតប្រាក់​ថៃ ស្មើនឹង​ជាង​១.២០០​ទៅ​១.៣០០​រៀល ដោយសារ​តែ​ផ្លែស្វាយ​មិនសូវ​ល្អ ប៉ុន្ដែ​បើ​ស្វាយ​ល្អ​វិញ ខ្ញុំ​ហ៊ាន​ទិញ​ក្នុង​១​គីឡូក្រាម តម្លៃ​រហូត​ទៅ​ដល់​៣.០០០​ទៅ​៣.៥០០​រៀលឯណោះ » ។

អ្នកស្រី ទេព ផល្លា ប្រជា​កសិករ​ម្នាក់​រស់នៅ​ភូមិ​អង្គ​ក្រឡាញ់ ឃុំ​មហា​សាំង ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា ស្វាយកែវ​រមៀត​ឆ្នាំ​នេះ គឺ​ទទួល​បាន​ទិន្នផល​ទាប ហើយ​លក់​បាន​តម្លៃ​ថោក ត្រឹម​៨០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ដែល​ខុស​ពី​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ច្រើន ស្វាយ​ផ្លែ​មិនសូវ​ល្អ ។

អ្នកស្រី​បន្ដ​ថា ៖«  ខ្ញុំ​មាន​ស្វាយ​ចំនួន​១០០​ដើម ដោយ​រៀង​រាល់​ឆ្នាំ ខ្ញុំ​ប្រមូល​ផល​បាន​ពី​៣​ទៅ​៥​តោន​ក្នុង​១​រដូវ ហើយ​តម្លៃ​លក់​បាន​ពី​១.៥០០​ទៅ​២.៥០០​រៀល​ក្នុង​១​គីឡូក្រាម ប៉ុន្ដែ​ឆ្នាំ​នេះ មិន​ត្រឹមតែ​ទទួល​បាន​ទិន្នផល​តិច​ទេ ថែម​ទាំង​តម្លៃ​ថោក​ទៀត » ។

ដំណាំ​ស្វាយកែវ​រមៀត ជា​ដំណាំ​ងាយស្រួល​ដាំ និង​ថែទាំ ពិសេស​គឺ​មាន​ហាងឆេង​លក់​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដែល​រួមចំណែក​ផ្ដល់​ចំណូល​សម្រាប់​ជួយ​បង្កើត​សេដ្ឋកិច្ច​គ្រួសារ ៕