តារា​ស្រី​មួយ​ចំនួនមាន​ឋានន្តរសក្តិ


រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ក្រៅពី​អាជីព​ជា​តារាចម្រៀង និង​សម្តែង​នោះ តារា​ស្រី​មួយ​ចំនួន​មាន​មុខងារ​បន្ថែម​នៅ​សា្ថ​ប័ន​ប្រដាប់​អាវុធ ក្នុង​នោះ​តារា​ស្រី​ខ្លះ​មាន​សក្តិ​ខ្ពស់​ពាក់​នៅ​លើ​ស្មា​ទៀត​ផង ។

នៅ​ក្នុង​ជួរ​កង​អង្គរក្ស​មាន​អ្នកសិល្បៈ​ជានា​រី​ច្រើន​នាក់​ទាំង​ផ្នែក​សម័យ និង​បុរាណ ។ ដោយឡែក​តារា​ស្រី​ជើង​ចាស់​ដែល​ល្បីល្បាញ​ទាំង​កំប្លែង និង​អា​យ៉ៃ គឺ​អ្នកស្រី​នួន សារី ហៅ​យ៉​យ និង​យាយ​អឿ​ន ជា​មន្ត្រី​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) នៅ​ក្នុង​នាយកដ្ឋាន​អង្គរក្ស ។ ក្រៅពី​នេះ​នៅ​មាន​អ្នកស្រី​ហ៊ឹ​ម ស៊ី​វន និង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត ។ ពួក​គាត់​សុទ្ធតែ​ចូល​បម្រើ​ក្នុង​នាយកដ្ឋាន​អង្គរក្ស​ជា​ច្រើន​ឆ្នាំ ជាមួយ​តារា​កំប្លែង​ប្រុស ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា នាយ​ក្រឹម​, នាយ​កុយ​, នាយ​ចាប​ចៀន និង​នាយ​វីតាមីន​សេ​ជាដើម។

តារាចម្រៀង​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ត្រូវ​គេ​ដឹង​ថា មាន​តួនាទី​នៅ​ជួរ​កងទ័ព​ដែរ ដោយ​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ ជាមួយនឹង​ពិធី​ការិនី​ផ្នែក​ព័ត៌មាន​អប្សរា​ណេ​ត​យ៉ុ​ង ខេ​ម​រ៉ា ដែល​បច្ចុប្បន្ន​មាន​ស័ក្តិ​៤​កន្លះ ។

ដោយឡែក​តារា ថ្មី​ៗ​មួយ​ចំនួន​ទៀត​ទើបតែ​ជាប់​ឈ្មោះ​ក្នុង​ជួរ​មន្ត្រី​ប៉ូលិស​នៃ​ក្រសួងមហាផ្ទៃ​បើ​ទោះបីជា​បច្ចុប្បន្ន​អាជីព​សិល្បៈ​របស់​ពួក​គេ​កំពុង​តែ​រីក​លូតលាស់ និង​មាន​ទី​ផ្សារ​ជា​ហូរហែ​ស្ទើរ​មិន​ដាច់​សូរ​ក៏​ដោយ ។ តារា​ជើង​ថ្មី​ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​តាម​រយៈ​ខ្សែភាពយន្ត​ភាគ​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កញ្ញា​ម៉ុ​ន ផល​ចរិយា ហៅ​​រី​យ៉ា បច្ចុប្បន្ន គឺជា​មន្ត្រី​ប៉ូលិស​នៅ​ក្នុង​ក្រសួងមហាផ្ទៃ មាន​ឋានន្តរស័ក្តិ​ព្រិ​ន្ទ​បាល​ទោ ជាមួយនឹង​តារា​សម្តែង​ហង្ស ម៉ា​រ៉ា​នី ។ អ្នក​ទាំង​ពីរ​ត្រូវ​គេ​ដឹង​ថា​បាន​ចូល​បម្រើ​ជា​មន្ត្រី​ប៉ូលិស ក្នុង​ពេល​ដែល​ក្រសួងមហាផ្ទៃ​បង្កើត​ស្ថានីយទូរទស្សន៍ ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​សម្តែង​ប្រុស​ស្រី ថ្មី​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

កន្លង​មក​តារា​សម្តែង​សម ម៉ា​ណា បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បង្ហាញខ្លួន​ជាមួយនឹង​សម្លៀក​បំពាក់​ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ត្រី​សក្តិ​៤ ។ ប៉ុន្តែ​គេ​មិន​បានដឹង​ទេ​ថា នាង​កំពុង​បម្រើ​ការងារ​ជា​មន្ត្រី​យោធា​នៅ​នាយកដ្ឋាន ឬ​ង្គ​ភាព​ណាមួយ​ឡើយ ក្នុង​ពេល​ដែល​នាង​បាត់​មុខ​ពី​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។

តារាចម្រៀង និង​សម្តែង​អ៊ុ​ន អា​លី​ហ្សា ក៏​បាន​ចូល​ម​ម្រើ​ជា​មន្ត្រី​ប៉ូលិស​ថ្នាក់​អនុសេនីយ៍ត្រី​នៅ​នាយកដ្ឋាន​អង្គរក្ស​ក្រសួងមហាផ្ទៃ​ផង​ដែរ បន្ទាប់​ពី​នាង​ប្រឡង​ជាប់​ជា​ស្ថាពរ ។

ក្រោយ​ការ​ហ្វឹកហាត់​ជំនាញ​ផ្នែក​ការពារ​នេះ នាង​នឹង​ចេញ​មក​បំពេញ​តួនាទី​ជា​មន្ត្រី​អង្គរក្ស​ស្រី​ជា​ផ្លូវការ ។ នាង​បាន​ចូលរួម​ហ្វឹកហាត់​តេ​ក្វា​ន់​ដូ បាញ់កាំភ្លើង និង​ជំនាញ​ជា​ច្រើន​ទៀត​នៅ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

បើ​យោង​តាម​លោកនាយ​ឧត្តមសេនីយ៍​ហ៊ីង ប៊ុ​ន​ហៀ​ង មេបញ្ជាការ​កង​អង្គរក្ស ធ្លាប់​បាន​បញ្ជាក់​នា​ពេល​កន្លង​ទៅ​ថា សិល្បករ​នៅ​ក្នុង​កង​អង្គរក្ស​មាន​ចំនួន​៦០​នាក់ គឺ​បែងចែក​ទៅ​តាម​បុរាណ និង​សម័យ ។ ក្រុម​សិល្បករ​នៃ​កង​អង្គរក្ស មាន​យូរ​មក​ហើយ ។

លោក​ហ៊ីង ប៊ុ​ន​ហៀ​ង លើក​ហេតុផល​ថា​៖ «​សិល្បករ​ទាំងអស់​គាត់​បាន​ចូល​បម្រើកងទ័ព​ស្ទើរ​ពេញ​មួយ​ជីវិត​ទៅ ហើយ​ៗ​គាត់​ក៏​បាន​បម្រើ​ជាតិ​ផ្នែក​សិល្បៈ​គ្រប់​ទីកន្លែង​ដែរ ដូច្នេះ​គាត់​គួរតែ​ទទួល​បានការ​បំពាក់ស័ក្តិ​ជា​បន្តបន្ទាប់ »៕

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ