ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​ឃ្មុំ​ជា​មុខរបរ​ស្រួល​រក​ប្រាក់ គ្រាន់តែ​វា​មិន​ស្គាល់​ម្ចាស់

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ការ​ចិញ្ចឹម​ឃ្មុំ​នេះ វា​មិន​ហត់នឿយ​ក្នុង​ការ​ឱ្យ​ចំណី​ទេ គ្រាន់តែ​

ខេត្ត​ប៉ៃលិន ៖ « ការ​ចិញ្ចឹម​ឃ្មុំ​នេះ វា​មិន​ហត់នឿយ​ក្នុង​ការ​ឱ្យ​ចំណី​ទេ គ្រាន់តែ​យក​សម្បុក​វា​ទៅ​ដាក់​នៅ​ក្នុង​ចម្ការ នោះ​ឃ្មុំ​នឹង​ហើរ​ទៅ​ក្រេប​លម្អងផ្កា​អាច​ចិញ្ចឹម​ខ្លួនឯង និង​ផលិត​ជា​ទឹកឃ្មុំ​ឱ្យ​យើង​លក់​តែ​ម្ដង ប៉ុន្ដែ​វា​មិន​ស្គាល់​ម្ចាស់​ទេ »​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ចិញ្ចឹម​ឃ្មុំ​មួយ​រូប​រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។
លោក តាំង ម៉េ​ង​ស៊ឺ កសិករ​ដែល​មានគំនិត​ច្នៃប្រឌិត និង​បាន​រៀនសូត្រ​ពី​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ពី​ក្រៅប្រទេស​បាន​រៀបរាប់​ថា បច្ចុប្បន្ន​លោក​កំពុង​ចិញ្ចឹម​ឃ្មុំ​ជាង​២០០​សម្បុក ដោយ​ប្រមូល​ផល​ទឹកឃ្មុំ​លក់​ឲ្យ​អតិថិជន​ជា​ហូរហែរ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា របរ​ចិញ្ចឹម​ឃ្មុំ​នេះ លោក​បាន​រៀន​ពី​ប្រទេស​ថៃ និង​វៀត ណា​ម ហើយ​ក៏​ទិញ​ពូជ​ពី​ប្រទេស​គេ​ផង​ដែរ​។ មូលហេតុ​ដែល​លោក​ចាប់​យក​អាជីព​ចិញ្ចឹម​ឃ្មុំ​លក់​នេះ ដោយសារ​កន្លង​មក លោក​ធ្លាប់​ចិញ្ចឹមសត្វ​ព្រួត (​ស្រ​ដៀង​នឹង​សត្វ​ឃ្មុំ​)ដែរ តែ​វា​មិន​ចេះ​ទិច​ទេ គឺ​ចិញ្ចឹម​សាកល្បង​ចំនួន​២​ទៅ​៣​សម្បុក ហើយ​ក្រោយមក មាន​មិត្តភក្តិ​ប្រាប់​ពី​របៀប​ចិញ្ចឹម​ឃ្មុំ ងាយស្រួល​រក​ប្រាក់ ទើប​លោក​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​ទិញ​ពូជ​ឃ្មុំ​ពី​ប្រទេស​ថៃ មក​ចិញ្ចឹម​នៅ​បរិវេណ​ផ្ទះ​ក្នុងភូមិ​តែ​ម្តង ។

លោក​ថា ៖« ដំបូង ខ្ញុំ​ចិញ្ចឹម​ត្រឹមតែ​២០ សម្បុក​ប៉ុណ្ណោះ លុះ​ទទួល​បាន​ផល​គួរសម ហើយ​ទឹកឃ្មុំ​សុទ្ធ​ឡើងថ្លៃ ទើប​ខ្ញុំ​ទិញ​សម្បុក​មក បំបែក​ថ្មី​ៗ​រហូត​បាន​ជាង​២០០ ហើយ​ក៏​កំពុង​បំបែក​ចិញ្ចឹម​សម្រាប់​ទុក​លក់​បន្ថែម​ទៀត​ដែរ​។ បើសិនជា​មាន​បងប្អូន​ណា​ចង់​ចិញ្ចឹម​នោះ ខ្ញុំ​អាច​លក់​ជូន ហើយ​ថែម​ទាំង​បង្រៀន​ពី​របៀប​ចិញ្ចឹម​ឃ្មុំ​ដើម្បី​ឱ្យ​បាន​យល់​ច្បាស់ ដោយ​ក្នុង​១​សម្បុក​តម្លៃ​ចាប់ពី​១០០​ដុល្លារ​ឡើង​ទៅ »​។

លោក​បន្ដ​ថា ការ​ចិញ្ចឹម មិន​ត្រូវការ​ដាក់​ចំណី​ឱ្យ​វា​ស៊ី​ទេ គ្រាន់តែ​ដើរ​រក​ចម្ការ​របស់​ប្រជា​កសិករ​មាន​ផ្កាឈើ​ច្រើន ហើយ​លើក​សម្បុក​ទៅ​ដាក់​នៅ​ក្បែរ​នោះ ឃ្មុំ​នឹង​ទៅ​ក្រេប​យក​រសជាតិ​ផ្អែម និង​លម្អង​មក​ស៊ី​ខ្លួនឯង និង​ផលិត​ជា​ទឹកឃ្មុំ​តែ​ម្តង ។

លោក តាំង ម៉េ​ង​ស៊ឺ មានបទពិសោធន៍​ចិញ្ចឹម​ឃ្មុំ​រយៈពេល​៣​ឆ្នាំ​មក​ហើយ ។ ជា​រៀងរាល់ថ្ងៃ លោក​តែងតែ​ដើរ​រក​មើល​ចម្ការ​មៀន តា​ងែ​ន និង​ចម្ការ​ដំណាំ​ផ្សេង​ៗ​របស់​ពលរដ្ឋ​នៅ​ក្នុង​ក្រុងប៉ៃលិន ហើយ​បើ​ឃើញ​ថា អាច​ដាក់​សម្បុក​ឃ្មុំ​បាន លោក​នឹង​ទៅ​ទាក់ទង​ម្ចាស់​ចម្ការ រួច​យក​សម្បុក​ឃ្មុំ​ទៅ​ដាក់​នៅ​ក្នុង​ចម្ការ ហើយ​ទុក​រហូត​ដល់​ដំណាំ​នោះ​ជិត​អស់​ផ្កា ទើប​ផ្លាស់​ប្តូរ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត ។

លោក​បញ្ជាក់​ថា ៖« ចម្ការ​ណា​ដែល​មាន​ឃ្មុំ​ក្រេប​ផ្កា​កាន់តែ​ច្រើន ដំណាំ​ក្នុង​ចម្ការ​នោះ​នឹង​មាន​ក្តិ​ប​ផ្លែ និង​កាន់តែ​ទទួលផល​ច្រើន​ថែម​ទៀត​។ ចំណែក​ក្នុង​សម្បុក​នីមួយ​ៗ​មាន​ស្តេច​ឃ្មុំ​ញី​តែ​១​ក្បាល​ប៉ុណ្ណោះ​ជា​អ្នក​បង្កើតកូន ក្រៅពី​នោះ មាន​ឃ្មុំ​ជា​កម្មករ​រង់ចាំ​សម្អាត​សម្បុក ការពារ​សម្បុក និង​ក្រុម​ដែល​ចេញ​ទៅ​រក​ចំណីអាហារ​មក​ផ្គត់ផ្គង់​សម្បុក​ផង​ដែរ » ។

លោក​ថា ៖« សត្រូវ​របស់​ឃ្មុំ​មាន​ដូច​ជា ឪម៉ាល់ ស្រមោច សង្អារ ហ៊ីង កង្កែប និង​សត្វ​ចាប​ជាដើម ។ ដូច្នេះ អ្នក​ចិញ្ចឹម​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ថែរក្សា​វា​ឱ្យ​បាន​ដិត​ដល់ ។ ចុង​ក្រោយ នៅ​ពេល​ប្រមូល​ផល ក៏​អាស្រ័យ​ទៅ​លើ​កន្លែង​ណា​មាន​ផ្កា​រុក្ខជាតិ​ច្រើន នោះ​នឹង​ទាញ​យក​ទឹកឃ្មុំ​សុទ្ធ​ល្អ​ក៏​កាន់តែ​ច្រើន​ដែរ ដោយ​រយៈពេល​២៥​ថ្ងៃ​ឬ​ជាង​១​ខែ ប្រមូល ផល​ម្តង និង​យក​សម្បុក​ទៅ​ច្របាច់​យក​ទឹកឃ្មុំ​លក់​ឱ្យ​អតិថិជន​ដែល​មក​ពី​ខេត្ត​ប៉ៃលិន និង​ខេត្ត​នានា​ជា​ច្រើន​ទៀត »​។

លោក​ម៉េ​ង​ស៊ឺ ប្រាប់​ថា ៖« ឃ្មុំ​អត់​ស្គាល់​ម្ចាស់​ទេ បើសិនជា​ធ្វើការ​ជាមួយ​វា ត្រូវ​តែ​ចេះ​ការពារ​ខ្លួន​ពី​ការ​ទិច​របស់​ឃ្មុំ​ដែរ ដូច​ជា​ប្រអប់​សម្រាប់​ដុត​ជា​ផ្សែង ដែល​ជួយ​កុំឱ្យ​ឃ្មុំ​ទិច ។ ទោះជា​បែប​ណា យើង​ត្រូវ​តែការពារ​បន្ថែម​ទៀត​ដូច​ជា ស្លៀកពាក់​ខោអាវ និង​ស្បែកជើង​ឱ្យ​ជិត ហើយ​ពាក់មួក​ការពារ​ដោយ​ស្បៃ​ផង​ដែរ ហើយ​ខ្ញុំ​ក៏​ធ្លាប់​ត្រូវ​វា​ទិច​ដែរ ព្រោះ​វា​មិន​ស្គាល់​ខ្ញុំ​ជា​ម្ចាស់​ឡើយ » ៕