រាជធានីភ្នំពេញ ៖ អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃខេត្តបន្ទាយមានជ័យរកចំណូលពន្ធគយជូនជាតិបានប្រមាណ១លានដុល្លារ ទៅ១លានកន្លះពីទំនិញដែលចេញ-ចូលតាមច្រកទ្វារព្រំដែនផ្លូវការ។
![Picture]()
ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះស្ដីពី«ភាពជោគជ័យរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងយ៉ាងដូច្នេះថា«ខេត្តបន្ទាយមានជ័យខែខ្លះចាញ់តែខេត្តព្រះសីហនុនោះ គឺលេខ១តែម្ដងក្នុងការរកចំណូលជូនជាតិយើងខិតខំកៀរគរ ដើម្បីទប់ស្កាត់ច្រករបៀងចូលមកច្រកផ្លូវការ រួមគ្នាបង់ពន្ធជូនរដ្ឋដែលយើងគិតជាមធ្យម១លានដុល្លារទៅ១លានកន្លះ ក្នុងមួយថ្ងៃ»។
តាមរយៈអ្វីដែលខេត្តបន្ទាយមានជ័យ សម្រេចបាននេះឯកឧត្តមអភិបាលខេត្តក៏បានបង្ហាញនូវមោទនភាពផងដែរ ជាពិសេសការរកចំណូលជូនជាតិជាមួយសមត្ថកិច្ចគយ និងទប់ស្កាត់ការនាំទំនិញតាមច្រករបៀបដោយខុសច្បាប់ដែលនាំឲ្យបាត់ចំណូលជូនជាតិ ។
ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់អំពីការប្រមូលចំណូលពន្ធដារផងដែរដោយក្នុងមួយឆ្នាំៗចំណូលមិនដែលថយនោះទេ ។ ជាក់ស្ដែងក្នុងឆ្នាំ២០២២ កន្លងទៅនេះ ចំណូលពន្ធដារក្នុងខេត្តមានចំនួន២៥ពាន់លានរៀល ។
![Picture]()
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អាជីវករវិនិយោគិនដែលចូលរួមគោរពច្បាប់ និងបង់ពន្ធ ហើយក្នុងករណីប្រជាពលរដ្ឋ និងវិនិយោគិនមិនបានចូលរួមចំណែកទេនោះខេត្តបន្ទាយមានជ័យ មិនអាចរកចំណូលបានដូចពេលនេះឡើយ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យមានព្រំប្រទល់ខាងកើតជាប់ខេត្តសៀមរាប ខាងត្បូងជាប់ខេត្តបាត់ដំបង និងខាងជើងជាប់ខេត្តឧត្តមានជ័យ និងខាងលិចជាប់ព្រំប្រទល់ប្រទេសថៃ មានដែនគោក១៥៣គីឡូម៉ែត្រ ។ ជាប់ប្រទេសថៃបានជាប់ខេត្តចំនួនពីររបស់ថៃ គឺខេត្តស្រះកែវ និងបុរីរ៉ាំ។
![Picture]()
ក្រុងស្រុករបស់ខេត្តបន្ទាយមានជ័យដែលជាប់ព្រំប្រទល់ថៃ គឺមានស្រុកម៉ាឡៃ (ក្រុងប៉ោយប៉ែត) ស្រុកអូជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មភក់ ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានឲ្យដឹងថា នៅខេត្តបន្ទាយមានជ័យនេះបន្ទាប់រាជរដ្ឋាភិបាលបើកដំណើរការជាធម្មតា បន្ទាប់ពីជំងឺកូវីដវា.យលុកមក ពិសេសនោះក្រុងប៉ោយប៉ែតតែម្តង រដ្ឋាភិបាលទទួលប្រជាពលរដ្ឋដែលមកពីបណ្តារាជធានីខេត្តផ្សេងៗទៀតដែរ មកធ្វើការរកស៊ីមុខរបទទួលទានសរុបទាំងរស់នៅបណ្តោះអាសន្នមានជិត១០ម៉ឺននាក់ ។
ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា សន្តានុពលរបស់ខេត្តដែលជាក់ស្តែងប្រជាពលរដ្ឋជាង៨៥%ប្រកបមុខរបកសិកម្ម១០% អាជីវករ និង៥% ផែ្នកសេវាកម្មផ្សេងៗ៕
ចែករំលែកព័តមាននេះ