ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ ធ្វើ​ឱ្យ​ការ​ចំណាយ​ពលរដ្ឋ​កើនឡើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​រាល់ថ្ងៃ​កាន់តែ​ស្មុគស្មាញ​ឡើង និង​ធ្វើ​ឲ្យ

រាជធានី​ភ្នំពេញ ៖ បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​រាល់ថ្ងៃ​កាន់តែ​ស្មុគស្មាញ​ឡើង និង​ធ្វើ​ឲ្យ​អ្នកដំណើរ​គ្រប់​មជ្ឈដ្ឋាន​កំពុង​ត្អូញត្អែរ និង​ធុញទ្រាន់​គ្រប់​គ្នា ។ ការ​កកស្ទះ​នេះ កំពុង​តែ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវចិត្ត ពេលវេលា ផលិតភាព​ការងារ ពិសេស​គឺ​ការ​ចំណាយ​របស់​ពលរដ្ឋ​កើនឡើង​ដោយ​មិនដឹង​ខ្លួន ។ ទោះបី​យ៉ាងណា ក៏​មាន​អ្នក​ទទួលផល​ពី​ការ​កកស្ទះ​ចរាចរណ៍​នេះ​ផង​ដែរ ។

អ្នក​រកស៊ី​ដឹក​ទឹកកក​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៥ តុលា ថា បញ្ហា​ស្ទះចរាចរណ៍ គឺ​បង្ក​មក​ពី​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍ គឺ​ពួក​គេ​បើក​ប្រជែង​គ្នា​ដើម្បី​បាន​ទៅ​មុន​រៀង​ៗ​ខ្លួន ដោយ​មិន​ខ្វល់​ពី​អ្នក​រួម​ដំណើរ​ជាមួយ​គ្នា​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ខាតបង់​ទាំង​ពេលវេលា និង​ថវិកា ។

លោក ស៊ុន គង់ អ្នក​បើករថយន្ដ​ដឹក​ទឹកកក​រូប​នេះ​បន្ដ​ថា ៖« ពេល​មានការ​កកស្ទះ​ម្ដង​ៗ គឺ​ខាត​ទាំងអស់ ទាំង​ពេលវេលា និង​លុយ ។ ដូច​យើង​អ្នកធ្វើការ​អីចឹង បើ​ទៅ​ធ្វើការ​យឺត ដឹង​តែ​ត្រូវមាត់​ហើយ ។ ចំណែក​ខ្ញុំ​ជា​អ្នកលក់​ទឹកកក បើ​នៅ​ជាប់​គាំង គឺ​ដឹង​តែ​ខាតបង់​ច្រើន​ហើយ ព្រោះ​ទឹកកក​វារ​លាយ » ។

លោក​បាន​បន្ថែម​ថា ផ្លូវ​ភាគច្រើន​ដែល​កកស្ទះ​ជាងគេ គឺ​ផ្លូវ​ដែល​មាន​អ្នក​លក់ដូរ​នៅ​ជាប់​ផ្សារ ឬ​ភោជនីយដ្ឋាន ការ​យក​ចិញ្ចើម​ផ្លូវ​លក់ទំនិញ ជា​ពិសេស តំបន់​ដែល​មាន​រោងចក្រ ហើយ​រាល់ថ្ងៃ បើ​យើង​គោរព​ច្បាប់​ត្រឹមត្រូវ​តែឯង តែ​អ្នក​ដទៃ​មិន​គោរព​នោះ គឺ​បើក​អត់​ទៅ​មុខ​ទេ ។ ដូច្នេះ មាន​តែ​បង្ខំចិត្ត​ទៅ​តាម​លំហូរ​ចរាចរណ៍​អីចឹង​ទៅ ។
ចំណែក​លោក ហ៊ុ​ង វិចិត្រ បុគ្គលិក​នៅ​ក្រុមហ៊ុន​ដាយ​រិ​កសិន អ៊ែ​ត​វើ​ថា​យ​ស៊ី​ង ខូ​អិ​ល​ធី​ឌី បាន​ត្អូញត្អែរ និង​មិន​ពេញចិត្ត​ពេល​ដែល​មាន​បញ្ហា​កកស្ទះ​ម្ដង​ៗ សូ​ម្បី​តែ​កន្លែង​ដែល​មាន​ភ្លើងស្តុប និង​សញ្ញា​ចរាចរណ៍​ក៏​ដោយ ក៏​នៅ​តែ​បំពាន​ទៀត ។

លោក​ថា ៖« ខ្ញុំ​មិន​ពេញចិត្ត​ទាល់តែ​សោះ​ដែល​អ្នកបើកបរ​មិន​គោរព​គ្នា​អីចឹង ។ អ្នក​ណា​ក៏​គេ​ប្រញាប់​ដែរ តែ​សូម​មេត្តា​ឲ្យ​ចេះ​គោរព​ច្បាប់​ផង​» ។ លោក​បាន​បន្ថែម​ថា បើ​អ្នកបើកបរ​ទាំងឡាយ​ចេះ​គោរព​ច្បាប់ ស្គាល់​ពី​ច្បាប់​ត្រឹមត្រូវ កុំ​ប្រញាប់ប្រញាល់ ហើយ​ចេះ​យោគយល់​ដល់​អ្នកបើកបរ​ដូច​គ្នា​នោះ បញ្ហា​កកស្ទះ​ក៏​អាច​ជួយ​កាត់​បន្ថយ​បាន​៥០%​ដែរ ។

បើ​តាម​អ្នក​រត់​តាក់ស៊ី​ពី​ខេត្តកំពត​-​ភ្នំពេញ លោក លី សា​រ៉ា​ក់ បាន​លើក​ឡើង​ពី​បញ្ហា​កកស្ទះ​នៅ​តាម​ផ្លូវ​រាជធានី​ភ្នំពេញ គឺ​មាន​ស្ទើរ​គ្រប់​ផ្លូវ​ទាំងអស់ ។

លោក​ប្រាប់​ថា ៖« សឹងតែ​គ្រប់​ផ្លូវ​ទាំងអស់​ដែល​មានការ​កកស្ទះ ដោយសារ​តែ​អ្នកបើកបរ​មិន​គោរព​ច្បាប់ ។ អ្នកខ្លះ​ប្រញាប់​ពេក​ក៏​បើក​បញ្ច្រាស​ផ្លូវ​ក៏​មាន ឯ​មួយ​ចំនួន​ទៀត​ដែល​មាន​រថយន្ដ​ទំនើប​ៗ គឺ​បើក​មិន​ខ្វល់​ពី​អ្នក​ណា​ទាំងអស់ សូ​ម្បី​តែ​មាន​សមត្ថកិច្ច​នៅ​ចាំ​សម្រួល​ក៏​ដោយ ។ អីចឹង​ហើយ វា​ធ្វើ​ឲ្យ​ខ្ញុំ​ដែល​ជា​អ្នក​ដឹក​ភ្ញៀវ និង​អីវ៉ាន់ គឺ​តែងតែ​រង​ការ​ត្រូវមាត់​ជា​ញឹកញាប់ ហើយ​ការ​ចំណាយ​ថ្លៃ​ប្រេងឥន្ធនៈ​ក៏​កើនឡើង​ដែរ » ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍  នៃ​ក្រុមហ៊ុន Emerging Market Consuting បាន​ប្រាប់​នៅ​ថ្ងៃ​ដដែល​នេះ​ថា ៖« បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ វា​ធ្វើ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត ប៉ះពាល់​ដល់​ផលិតភាព​ការងារ គឺ​គាត់​មិន​បាន​ធ្វើការ​គ្រប់​ម៉ោង​ឡើយ ជា​ពិសេស ខាតបង់​លុយកាក់ ដោយសារ​តែ​ពេល​កកស្ទះ​ម្ដង​ៗ អ្នកបើកបរ​គាត់​ត្រូវការ​បញ្ឆេះ​ឡាន ឬ​ម៉ូតូ​ចោល​រយៈពេល​យូរ ទម្រាំ​តែ​បាន​ចេញដំណើរ ។ អីចឹង​ហើយ​ធ្វើ​ឲ្យ​សាំង ឬ​ម៉ា​សូត ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​ការ​បើកបរ​នោះ » ។

លោក ង៉ែត ជូ បាន​បន្ថែម​ទៀត​ថា ៖ «​ឥឡូវ អ្នក​ដែល​គាត់​ធូរធារ គឺ​មាន​រថយន្ដ​ស្ទើរ​គ្រប់​គ្នា ហើយ​ពេល​គាត់​ធ្វើ​ដំណើរ​ម្ដង​ៗ រថយន្ដ​មួយ​គាត់​ជិះ​តែ​ម្នាក់ឯង ហើយ​ផ្លូវ​យើង​មួយ​ចំនួន​ដែល​មាន​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​គឺ​តូច ព្រោះ​ពី​មុន ផ្លូវ​ទាំងនោះ​ធ្វើ​សម្រាប់​តែ​រទេះគោ ឬ​រទេះសេះ ដោយ​មិន​បាន​គិត​ថា ធ្វើ​តម្រូវ​សម្រាប់​ថ្ងៃ​ខាង​មុខ​ឡើយ » ។

លោក​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​ថា អាជ្ញាធរ​មុន​នឹង​ធ្វើ​ផ្លូវ សូម​សិក្សា​លទ្ធភាព​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឲ្យ​បាន​ច្បាស់លាស់ និង​សូម​បង្កើត​ក្រុង​ថ្មី ដោយ​ពង្រីក​ផ្លូវ ធ្វើ​ស្ពាន ដាក់​លូ និង​ធ្វើ​ប្រឡាយ​តាម​ផ្លូវ​នីមួយ​ៗ​បន្ថែម​ទៀត​ដើម្បី​ការពារ​ការ​កកស្ទះ ព្រោះ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​បញ្ហា​កកស្ទះ​ចរាចរណ៍ គឺ​មាន​ច្រើន​ស្ទើរ​គ្រប់​តំបន់​នៅ​រាជធានី​ភ្នំពេញ ។

ចំណែក​អ្នកវិភាគ​សេដ្ឋកិច្ច​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា កន្លង​មក​បាន​លើក​ឡើង​ថា បញ្ហា​កកស្ទះ​ចរាចរណ៍​សព្វថ្ងៃ​នៅ​ក្នុង​ក្រុងភ្នំពេញ បណ្ដាល​ឲ្យ​មានការ​ខាតបង់​ជា​ច្រើន តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​អ្នក​ចំណេញ​ពី​ការ​កកស្ទះ​ចរាចរណ៍​នេះ​ដែរ ។

លោក ច័ន្ទ សុផល ក៏​បាន​លើក​ឡើង​ពី​ការ​ខាតបង់​បណ្ដាល​មក​ពី​ការ​កកស្ទះ​ចរាចរណ៍​ដូច​ជា ចំណាយ​ច្រើន​លើ​ប្រេងឥន្ធនៈ​, ខាត​ពេលវេលា​, ខាត​ការងារ និង​យឺតយ៉ាវ​ប្រតិបត្តិការ​ធុរកិច្ច​, ខកខាន​កិច្ចប្រជុំ ឬ​លុប​ចោលការ​ណាត់​ដែល​ជា​រឿង​សំខាន់​, ខូច​អារម្មណ៍ មួម៉ៅ ស្ត្រេ​ស (​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​), ការ​បំពុលបរិយាកាស​ដោយ​ឧស្ម័ន​កាបូ​និក​កាន់តែ​ច្រើន​, ការ​ចំណាយ​លើ​ថ្នាំ និង​ថែទាំ​សុខភាព​ជាដើម ។

សម្រាប់​ផល​ចំណេញ និង​អ្នក​ដែល​ចំណេញ​ពី​ការ​កកស្ទះ​ចរាចរណ៍​នោះ លោក ច័ន្ទ សុផល លើក​ឡើង​ថា អ្នក​ចំណេញ​ពី​ការ​កកស្ទះ​មាន​ដូច​ជា អ្នកលក់​ប្រេងឥន្ធនៈ ក្រុម​ហ៊ុន​នាំ​ចូល​ប្រេងឥន្ធនៈ ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ចំណេញ​ទៅ​លើ​ពន្ធ​ពី​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​, អ្នកលក់​ថ្នាំពេទ្យ និង​គ្រូពេទ្យ ដោយសារ​តែ​ជំងឺ​ផ្សេង​ៗ​ទាក់ទង​នឹង​ផ្លូវដង្ហើម និង​អារម្មណ៍ ហើយ​ក្រុមហ៊ុន​នាំ​ចូល ឬ​ផលិត​ថ្នាំពេទ្យ ក៏​ទទួលផល​ចំណេញ​ពី​ការ​កកស្ទះ​នេះ​ដែរ ។

ប៉ុន្តែ​បើ​ប្រៀបធៀប​ពី​ផល​ចំណេញ និង​ការ​ខាតបង់​វិញ​ឃើញ​ថា ការ​ខាតបង់​មាន​ច្រើន​ណាស់ ។ ដូចនេះ ទាំង​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ផ្ទាល់​ត្រូវ​តែ​ចូលរួម​ដើម្បី​កាត់​បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដូច​រាល់​ថ្ងៃនេះ ។

លោក ច័ន្ទ សុផល បាន​ផ្ដល់​ជា​មតិយោបល់​មួយ​ចំនួន​ផង​ដែរ​ទាក់ទង​នឹង​ដំណោះស្រាយ ក្រៅពី​ការ​ពង្រីក​ផ្លូវ និង​សង់ស្ពាន​អាកាស ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដូច​ជា ៖

១-​ដាក់​នគរបាល​ចរាចរណ៍​ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​បាន​ទៀងទាត់​នៅ​តាម​ចំណុច​ដែល​មានការ​កកស្ទះ​ខ្លាំង ។
២-​ដាក់​ភ្លើងស្តុប​នៅ​កន្លែង​ចាំបាច់ ហើយ​បំពាក់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​សម្រាប់​ភ្លើងស្តុប ដែល​ងាយ​ដាច់​ភ្លើង ។
៣-​សិក្សា និង​កំណត់​ទិស​ចរាចរណ៍​តែ​មួយ​សម្រាប់​ផ្លូវ​មួយ​ចំនួន ។
៤-​ជួសជុល​ផ្លូវត្រូវ​សម្រុក​ធ្វើ​នៅ​ពេល​យប់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ។
៥-​គ្រប់គ្រង​កន្លែង​ដាក់ និង​យក​កុមារ​នៅ​សាលារៀន ដែល​នាំ​ឲ្យ​កកស្ទះ ។
៦-​ចៀសវាង​ការ​បិទផ្លូវ​សម្រាប់​ពិធី​ផ្សេង​ៗ​។
៧-​បញ្ចៀស​ការ​ចេញ​រថភ្លើង​នៅ​ម៉ោង​រវល់​ខ្លាំង​ពេល​ព្រឹក និង​ពេល​រសៀល ដែល​អាច​ឲ្យ​ស្ទះចរាចរណ៍​កាន់តែ​ខ្លាំង ៕