ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បៈ​ចាក់​ចេក ពេញ​និយម​សម្រាប់​អ្នកស្រុក​អង្គរ ប្រើ​ក្នុង​ពិធីបុណ្យ​ផ្សេង​ៗ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

ការ​យក​ដើម​ចេក​មក​ឆ្លាក់​រំលេច​ជា​ក្បូរ​ក្បាច់រចនា​សម្រាប់​ជា​គ្រឿង​លម្អ គឺជា​សិល្បៈ​យ៉ាង​ប្រណីត ដែល​អ្នកស្រុក​អង្គរ​នៅ​តែ​បន្ត​ធ្វើ​ជា​ហូរហែ​ជា​ច្រើន​ជំនាន់​មក​ហើយ​សម្រាប់​ពិធីបុណ្យ​ទាន​ផ្សេង​ៗ​ទៅ​តាម​ប្រពៃណី​

ខេត្តសៀមរាប ៖ ការ​យក​ដើម​ចេក​មក​ឆ្លាក់​រំលេច​ជា​ក្បូរ​ក្បាច់រចនា​សម្រាប់​ជា​គ្រឿង​លម្អ គឺជា​សិល្បៈ​​យ៉ាង​ប្រណីត ដែល​អ្នកស្រុក​អង្គរ​នៅ​តែ​បន្ត​ធ្វើ​ជា​ហូរហែ​ជា​ច្រើន​ជំនាន់​មក​ហើយ​សម្រាប់​ពិធីបុណ្យ​ទាន​ផ្សេង​ៗ​ទៅ​តាម​ប្រពៃណី​។

អ្នកស្រុក​តំបន់​អង្គរ នៅ​តែ​ចាត់​ទុក​ការ​ចាក់​ក្បាច់​លើ​ស្រទបចេក ឬ​សិល្បៈ​ចាក់​ចេក ជា​សិល្បៈ​យ៉ាង​សំខាន់​ស្ទើរ​ខ្វះ​ពុំ​បាន សម្រាប់​រៀបចំ​ទី​សក្ការៈ​ដូច​ជា អាសនៈ​តម្កល់​ព្រះ​ពុទ្ធរូប កន្លែង​តម្កល់​គម្ពី​ធម៌អាថ៌ រាន​ពុទ្ធគុណ បុស្បុក ឬ​ក៏​ទី​តម្កល់​មឈូស​សម្រាប់​បូជា​ស​.​ព​ជាដើម​។

លោក ជា វុ​ធ អាយុ​៤៤​ឆ្នាំ ជា​អ្នកស្រុក​ក្នុង​តំបន់​អង្គរ​ម្នាក់ រស់នៅ​ភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្ត​សៀមរាប ដែល​បាន​មក​ជួយ​ចាក់​ក្បាច់​ស្រទបចេក ដើម្បី​ធ្វើបុណ្យ​បូ​ជាស​.​ព​សាច់ញាតិ​របស់​គាត់ បានឱ្យ​ដឹង​ថា រូប​គាត់​មាន​ជំនាញ​ខាង​សិល្បៈ​ចាក់​ស្រទបចេក​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​បាន​រៀនសូត្រ​ពី​ចាស់ព្រឹទ្ធាចារ្យ ចាស់ទុំ​នៅ​ក្នុងភូមិ​។ បន្ថែម​ពីលើ​នេះ លោក​ក៏​បាន​ទៅ​សង្កេត​មើល​ក្បាច់​នៅ​ចម្លាក់​តាម​ប្រាសាទ​នានា​ថែម​ទៀត ដូច​ជា ប្រាសាទអង្គរវត្ត បន្ទាយស្រី​ជាដើម ដើម្បី​យក​មក​ច្នៃ​ក្បាច់​បន្ថែម​ទៅ​លើ​ការងារ​ឆ្លាក់​នៅ​លើ​ស្រទបចេក ឱ្យ​កាន់តែ​រស់​រវើក និង​រីក​ចម្រើន​។

លោក ជា វុ​ធ មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​ចាក់​ស្រទបចេក​ជា​ក្បាច់​បាន​ល្អ គឺ​ត្រូវការ​កាំ​បិ​.​ត​មុត ដើម​ចេក​ស្រ​ឡូ​ន​មាន​ស្រទប​ល្អ​ច្រើន ឬ​ស្សី​សម្រាប់​ដោត​ភ្ជាប់​ក្បាច់ និង​ក្រដាស​ពណ៌​ជាដើម​។ ហើយ​ការ​ចាក់​ចេក​ទៀត​សោត ក៏​សម្រប​ទៅ​តាម​អាកាសធាតុ​ដែរ បើ​រៀបចំ​កម្មវិធី​បុណ្យ​ទាន​នៅ​រដូវក្តៅ តម្រូវ​ឱ្យ​អ្នក​ចាក់​ក្បាច់​ស្រទបចេក ត្រូវ​តែ​ចាក់​ដោយ​រហ័ស និង​ចាក់​ក្បាច់​ឱ្យ​មាន​រាង​ធំ​បន្តិច ដើម្បី​បង្ការ​នៅ​ពេល​ស្រទបចេក​នោះ​ស្វិត តែ​រក្សា​ទ្រង់ទ្រាយ​ក្បាច់​ល្អ​។ ម្យ៉ាងទៀត អ្នក​ចាក់​ស្រទបចេក​អាច​ចាក់​ភ្លាម រៀបចំ​កម្មវិធី​ភ្លាម​ៗ​ក៏​បាន​ដែរ ដើម្បី​រក្សា​កុំឱ្យ​ស្រទបចេក​ស្វិត​ទាន់​។

លោក វុ​ធ ឱ្យ​ដឹង​ទៀត​ថា អ្នក​ភូមិ​ពាម ហាក់​មិនសូវ​ជា​ពេញ​និយម​ការ​រៀបចំ​តម្លើង​រោង​ស្រាប់ ឬ​ក្បាច់​ព្រី​ន ដូច​ជា​អ្នក​រស់នៅ​ទីក្រុង ឬ​ទីប្រជុំជន​ឡើយ​។ អ្នក​ភូមិ​ពាម គឺ​នៅ​តែ​និយម​លើ​សិល្បៈ​ចាក់​ចេក សម្រាប់​តុបតែង​រោង​បុណ្យ​ផ្សេង​ៗ​ទៅ​តាម​ប្រពៃណី​របស់​អ្នក​ភូមិ​តាម​ទម្លាប់​ដូនតា​។ លោក ជា វុ​ធ ចង់ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ជួយ​ថែរក្សា​ក្បាច់​ចាក់​ចេក​នេះ កុំឱ្យ​បាត់បង់ ពីព្រោះ​វា​ជា​កេរ​មរតក​ដូនតា ដែល​មាន​ជា​យូរ​មក​ហើយ​។

អ្នក​ភូមិ​គោក​ត្នោត ម្នាក់​ទៀត ដែល​មាន​ជំនាញ​ខាង​សិល្បៈ​ចាក់​ក្បាច់​លើ​ស្រទបចេក​ជាង​១៥​ឆ្នាំ​មក​ហើយ លោក គី ក៏​បានឱ្យ​ដឹង​ដែរ​ថា លោក​ចេះ​ចាក់​ក្បាច់​លើ​ស្រទបចេក​នេះ ព្រោះតែ​ការ​ស្រលាញ់​។ កាលពី​ជាង​១៥​ឆ្នាំ​មុន លោក​បានឃើញ​ចាស់​ៗ​ចាក់​ក្បាច់​នៅ​លើ​ស្រទបចេក​បាន​ស្អាត រូប​លោក​ក៏​រៀនសូត្រ​បន្ត​។

លោក គី បាន​អធិប្បាយ​ថា សិល្បៈ​ចាក់​ក្បាច់​លើ​ស្រទបចេក​នេះ គេ​ប្រើ​នៅ​ក្នុង​ពិធីបុណ្យ​គ្រប់​ប្រភេទ ដូច​ជា បុណ្យ​ចម្រើន​អាយុ បុណ្យ​បូ​ជាស​.​ព បុណ្យ​ដា បុណ្យបច្ច័យបួន ជាដើម គឺ​មានការ​តុបតែង​លម្អ​ដោយ​ក្បាច់​ចាក់​ចេក​។ ហើយ​ការ​ប្រើ​ក្បាច់​ទៀត​សោត មាន​២​ប្រភេទ តួយ៉ាង​បុណ្យពុទ្ធាភិសេក គឺ​ត្រូវ​ប្រើ​ក្បាច់​ណា​ដែល​មាន​សិរី​សួស្តី ដូច​ជា​ក្បាច់​ភ្ញីទេស ឬ​ឯ​បុណ្យ​បូជាសព​វិញ គេ​ច្រើន​ប្រើ​ភ្ញីភ្លើង ហើយ​អ្នក​ភូមិ​គោក​ត្នោត មិន​និយម​ប្រើ​ក្បាច់​ដែល​គេ​គូរ​ស្រាប់​ៗ ឬ​ក្បាច់​ស្មាច់​នោះ​ឡើយ​។ មាន​ក្បាច់ចម្លាក់​ជា​ច្រើន ដែល​អ្នក​ភូមិ​តែងតែ​យក​មក​ប្រើ​សម្រាប់​ឆ្លាក់​លើ​ស្រទបចេក ដោយ​យក​គំរូ​តាម​ប្រាសាទបុរាណ មក​បូក​ផ្សំ​បញ្ចូល​គ្នា​។

អ្នក​ភូមិ​ពាម និង​ភូមិ​គោក​ត្នោត ក្នុង​តំបន់​អង្គរ យល់​ថា ការ​នៅ​តែ​ប្រតិបត្តិ​សិល្បៈ​ចាក់​ចេក ដែល​បន្សល់​ទុក​ពី​ដូនតា​របស់​ពួក​គាត់ គឺ​នៅ​តែ​រឹង​មាំ ហើយ​ថែម​ទាំង​អាច​ឈាន​ទៅ​រក​គំនិត​ច្នៃប្រឌិត​កាន់តែ​ច្រើន​ជាង​មុន​ផង ពីព្រោះ​អ្នក​ដែល​មានចំណេះ​ដឹង​សិល្បៈ​ចាក់​ចេក​ជំនាន់​ក្រោយ​ៗ មានគំនិត​កែ​ច្នៃ​បន្ថែម​យ៉ាង​សម្បូរ​បែប​ធ្វើ​ឱ្យ​អ្នក​ភូមិ​កាន់តែ​ពេញចិត្ត​។

បច្ចុប្បន្ន​នេះ នៅ​តាម​ផ្ទះ​នីមួយ​ៗ​នៅ​ក្នុងភូមិ​ពាម និង​ភូមិ​គោក​ត្នោត គឺ​ដាំ​ដើម​ចេកគ្រាប់​ជា​ច្រើន​នៅ​តាម​ផ្ទះ​នីមួយ​ៗ ដើម្បី​យក​ទៅ​ចាក់​ចេក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ