អង្គការណាហ្សា៖ អាច.ម៍ផ្កាយមួយនឹងហោះមកកៀកភពផែនដីនាពេលដ៏ខ្លីខាងមុខ ហើយអាចមើលឃើញតាមរយៈកែវយឹត។ អាចម៍ផ្កាយនេះមានទំហំមិនធំពេកទេ។ ប៉ុន្តែបើប៉ះចំផែនដី វាអាចកម្ទេចទីក្រុងមួយទាំងមូលឱ្យវិនាសសាបសូន្យបាន។ វានឹងហោះមកកៀកនឹងទីតាំងមួយស្ថិតនៅចន្លោះផែនដី និងព្រះចន្ទ (ព្រះចន្ទ និងផែនដីឃ្លាតគ្នាប្រហែលជាង៣សែនគីឡូម៉ែត្រ)។
![Picture]()
បាតុភូតធម្មជាតិនេះនឹងកើតឡើងនាចុងសប្ដាហ៍នេះតែម្ដង។ អ្វីដែលយើងចាត់ទុកថាជាភ័ព្វសំណាងសម្រាប់មនុស្សជាតិនៅលើភពផែនដីនេះគឺអាចម៍ផ្កាយនេះនឹងមិនហោះមកកៀកនឹងផែនដីពេកទេ។ វាគ្រាន់តែហោះជ្រួសគ្នានឹងផែនដី ប្រៀបដូចជាការមើលគ្នាទៅវិញទៅមករវាងផែនដី និងអាចម៍ផ្កាយ។ អាចម៍ផ្កាយដែលអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះថាពីរពាន់ម្ភៃបី ឌីហ្សិតធូ (2023 DZ2) ត្រូវគេរកឃើញវត្តមានរបស់វាតាំងពីមួយខែមុនមកម៉្លេះ។
![Picture]()
នៅថ្ងៃសៅរ៍នេះ, អាចម៍ផ្កាយនឹងហោះទៅកៀកនឹងព្រះចន្ទមុនផែនដី ដោយស្ថិតនៅចម្ងាយ៥,១៥សែនគីឡូម៉ែត្រពីព្រះចន្ទ។ ប៉ុន្មានម៉ោងក្រោយមក, វានឹងរំកិលខ្លួនមករកផែនដីវិញម្ដង។ វាជាបាតុភូតដ៏កម្រដែលអាចម៍ផ្កាយទំហំអង្កត់ផ្ចិតចន្លោះពី៤០-៩០ម៉ែត្រហោះមកកៀកនឹងផែនដីដល់ថ្នាក់នេះ។ បើយោងតាមអង្គការណាហ្សា (NASA) នេះជាឱកាសដ៏ល្អកម្ររកបានសម្រាប់អ្នកអវកាសវិទ្យាសិក្សាស្វែងយល់កាន់តែទូលំទូលាយថែមទៀតអំពីអាចម៍ផ្កាយ។
![Picture]()
ពួកគេគួរតែឆ្លៀតឱកាសសិក្សាលម្អិតទៅលើវត្ថុនៅក្នុងទីអវកាសដែលអាចនឹងហោះមកប៉ះផែនដី ទោះបីជាលទ្ធភាពដែលអាចកើតមានវាមានកម្រិតតិចតួចជាទីបំផុតយ៉ាងណាក្ដី។ អាចម៍ផ្កាយពិឃាតនេះគ្មានឱកាសនឹងមកប៉ះផែនដីយើងទេ។ ប៉ុន្តែនៅពេលអាចម៍ផ្កាយនេះហោះកាន់តែកៀកនឹងផែនដី, វាជាឱកាសដ៏ល្អមួយសម្រាប់ក្រុមអ្នកសង្កេតអវកាស។ ខាងលើនេះជាការថ្លែងរបស់លោករីឆាដ ម៉យសល ជាប្រធានក្រុមការពារអវកាសរបស់អឺរ៉ុប។
![Picture]()
ដោយសារអាចម៍ផ្កាយនេះគ្រាន់តែធ្វើដំណើរឆ្លងកាត់ និងស្ថិតនៅចម្ងាយ៦,៨ម៉ឺនគីឡូម៉ែត្រពីផែនដី, គេអាចប្រើកែវយឹត ឬតេឡេស្កុបចាប់ពីខ្នាតតូចឡើងទៅក៏អាចមើលឃើញអាចម៍ផ្កាយនេះបានដែរ។ ក្រៅពីនោះ, មនុស្សទូទាំងពិភពលោកក៏អាចមើលតាមអ៊ីនធឺណិតផ្សាយបន្តផ្ទាល់ពី The Virtual Telescope Project។ គេព្យាករថាអាចម៍ផ្កាយនេះនឹងធ្វើដំណើរមកកៀកផែនដីម្ដងទៀតនាឆ្នាំ២០២៦។ ប៉ុន្តែមិនខុសពីពេលនេះទេ, អាចម៍ផ្កាយនេះនៅតែមិនអាចបង្កការគំរាមកំហែងចំពោះភពផែនដីទេ៕
ប្រភព៖ BBC
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ