ទីក្រុងបាងកក, ប្រទេសថៃ៖ ស្ត្រីជនជាតិថៃម្នាក់ប៉ះចំលាភធំ បន្ទាប់ពីគាត់ចាក់ឆ្នោតត្រូវចំកៅអូវ។ គាត់ក៏មិនភ្លេចនឹកគុណម្ចាស់ទឹក ម្ចាស់ដីនោះទេ។ ជាពិសេស ព្រះពុទ្ធសមណគោតម ដែលជាព្រះបរមគ្រូនៃយើង។ ស្ត្រីរូបនោះបានទិញក្បាលជ្រូកចំនួន១រយយកទៅសែនពីមុខពុទ្ធបដិមាកម្ពស់សាមសិបម៉ែត្រនៅខេត្តនគរបឋម។ ស្ត្រីដែលឈ្នះឆ្នោតនោះឈ្មោះផានូ (Phanu) រស់់នៅខេត្តសមុទ្រប្រាកាន។ គាត់មិនបានប្រាប់ថាចាក់ឆ្នោតត្រូវបានលុយប៉ុន្មានទេ។
![Picture]()
គាត់ប្រាប់ថាគាត់យកក្បាលជ្រូក១រយមកលាបំណន់ តាមពាក្យដែលគាត់ធ្លាប់បានសន្យាមុនពេលចាក់ឆ្នោត។ គាត់ប្រាប់ថាមុនពេលត្រូវឆ្នោត, គាត់បានទៅបន់ស្រន់នៅមុខព្រះពុទ្ធបដិមាអង្គនេះ ព្រោះល្បីថាពូកែស័ក្ដិសិទ្ធិណាស់។ បន់អី បានហ្នឹង។ កាលនោះ, គាត់បន់ស្រន់២យ៉ាង ទី១- សូមព្រះអង្គជួយឱ្យកូនចៅរកស៊ីមានបាន និងទី២- សូមព្រះអង្គជួយឱ្យកូនចៅត្រូវឆ្នោតមួយក្ដារមក។ គាត់ស្បថនៅចំពោះព្រះភ័ក្ត្ររបស់ព្រះពុទ្ធរូបថាបើគាត់ត្រូវឆ្នោត, គាត់នឹងថ្វាយក្បាលជ្រូក១រយ។
គាត់ប្រាប់ថាតាំងពីទៅបែបន់នៅព្រះពុទ្ធរូបរួចមក ស្រាប់តែមុខរបររបស់គាត់ត្រូវប៉ាន់។ គាត់រកស៊ីកាក់កបដូចឡើងកាំជណ្ដើរ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងចាក់ឆ្នោតត្រូវថែមទៀតផង។ ដូចនេះ គាត់មិនហ៊ានក្បត់ពាក្យសន្យាទេ ខ្លាចចាញ់សម្បថ ទេវតាបរាមុខ។ គាត់ក៏ទិញក្បាលជ្រូកមកថ្វាយ ដោយដាក់តម្រៀបពេញទីលានមុខព្រះបាទព្រះពុទ្ធរូបតែម្ដង។ ក្រៅពីនេះ, គាត់ថ្វាយកម្រងផ្កាចំនួន៩ និងផាវមួយប្រអប់ធំមាន១ម៉ឺនដើម។ អ្នកស្រីថែមទាំងរៀបចំពិធីតាមបែបព្រហ្មញសាសនា និងដោតធូបគ្រប់ក្បាលជ្រូក។
![Picture]()
ពេលចប់ពិធី, ព្រះគ្រូចៅអធិការវត្តសូត្រជយន្តោ ប្រោះព្រំទឹកមន្ត ដើម្បីឱ្យមានសិរីសួស្ដីជ័យមង្គលគ្រប់ៗគ្នាសម្រាប់អ្នកដែលបានចូលរួមលើករាសីនៅក្នុងថ្ងៃនោះ។ អ្នកស្រីផានូក៏បានអុជផាវផ្ទុះកងរំពងពេញវត្ត។ ក្រោយពេលផាវឆេះអស់, វាបានបន្សល់កន្ទុយរបស់វាចេញលេខ៩២ និងលេខ៨៣៦។ ឃើញដូចនេះ, អ្នកស្រីគិតថាត្រូវតែបន្តចាក់ឆ្នោតទៀត។ អ្នកស្រីនឹងចាក់ឆ្នោតតាមលេខកន្ទុយផាវដែលនៅសល់។ មួយជាឆ្នោតពីរខ្ទង់ និងមួយទៀតជាឆ្នោតបីខ្ទង់។
គាត់ជឿថាលេខឆ្នោតដែលចេញសាក្រោយ មុខតែចេញលេខទាំងពីរហ្នឹងហើយ។ គាត់ប្រាប់ថាបើគាត់ឈ្នះឆ្នោតលើកក្រោយទៀត, គាត់នឹងទិញតង្វាយល្អៗយកមកលាបំណន់។ លើកនេះគាត់សន្យាថានឹងយកបាយ ពងមាន់ និងក្បាលជ្រូកកាន់តែច្រើនជាងលើកនេះទៀត។ នៅក្នុងប្រទេសថៃដដែល, ស្ត្រីម្នាក់ជាអ្នកលក់ពងទានៅផ្សារ បានចាក់ឆ្នោតត្រូវ៦លានបាត ឬ១,៧៦សែនដុល្លារ។ ប៉ុន្តែចំនួនលុយប៉ុណ្ណឹងមិនគ្រប់គ្រាន់សម្រាប់ឱ្យគាត់យកទៅសងបំណុលរបស់គេដែលសរុបទៅស្មើនឹងដប់លានបាត។
![Picture]()
រឿងល្បែងស៊ីសងមួយ មិនថាចាក់ឆ្នោត អាប៉ោង ឡូតូ បៀរ ឬអ្វីផ្សេងទេ គ្មានអ្នកលេងណាម្នាក់អាចមានអនាគតល្អទេ។ វាគ្រាន់តែជាគ្រឿងបញ្ឆោតចិត្តរបស់មនុស្សឱ្យផ្សងព្រេង និងដេកសង្ឃឹមតែប៉ុណ្ណោះ។ ដូច្នេះ សូមបងប្អូនខិតខំជៀសឱ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ៕
ប្រភព៖ The Thaiger
ចែករំលែកព័តមាននេះ