រាជធានីភ្នំពេញ ៖ រហូតមកទល់នាពេលនេះ រលកកំដៅ នៃការរិះគន់ទៅលើសម្លៀកបំពាក់មួយឈុតរបស់អ្នកច្នៃម៉ូដលោក ឯម រៀម ដែលបានចូលរួមនៅក្នុងកម្មវិធីដ៏ធំមួយ កាលពីពេលថ្មីៗនេះ នៅមិនទាន់រលត់នៅឡើយទេ ខណៈពេលដែលតារារូបនេះ បានធ្វើការព្រមា.នគិតខ្លី (សម្លា.ប់ខ្លួន) នៅពេលរឿងរ៉ាវមួយនេះ នៅមិនព្រមបញ្ចប់។
ទន្ទឹមនឹងការព្រមា.នខាងលើនេះ លោក ឯម រៀម ក៏បានស្នើសុំទៅកាន់ប្រព័ន្ធច្បាប់ពិចារណាសិក្សាចំពោះមហាជនមួយចំនួន ដែលបានរិះគន់ ប្រសិនបើលោកគិតខ្លី ដោយសារលោកចាត់ទុកថា ការរិះគន់ទាំងអស់នោះ គឺធ្វើតាមអារម្មណ៍ ពោលគឺមិនមែនរិះគន់បែបស្ថាបនានោះឡើយ។
![Picture]()
ក្នុងសារដែលបានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ឯម រៀម បានលើកឡើងថា «ខ្ញុំនៅតែឆ្ងល់ ហេតុអ្វីតាមព្យាបាទអ្នកដែលគាំទ្រ និងការពារខ្ញុំ? នេះសបញ្ជាក់ថា មិនមែនរិះគន់ក្នុងនៃស្ថាបនាទេ គឺក្នុងនៃគុំកួន និងញុះញង់»។ លោកបញ្ជាក់ថា «ថាមិនត្រូវ ខ្ញុំអាចបាក់ទឹកចិត្ត ហើយគិតខ្លី ព្រោះការអត់ធ្មត់ និងភាពរឹងមាំរបស់ខ្ញុំគឺមានកំរិត ថាមិនត្រូវ ខ្ញុំអាចគិតខ្លី ហើយសូមផ្តាំបងប្អូនថា បើខ្ញុំយ៉ាងណា គឺពួកគាត់នេះហើយ និងសូមអោយមានច្បាប់ ចំពោះអ្នកដែលរិះគន់តាមអារម្មណ៍ ដោយគ្មានការសិក្សាពិចារណា»។
ជាការកត់សម្គាល់ ការចេញសារខាងលើនេះ ពីលោក ឯម រៀម បានធ្វើឡើង បន្ទាប់ពីលោកអាចារ្យធំ បានចេញជាវីដេឃ្លីបមួយបង្ហោះនៅលើគណនីហ្វេសប៊ុក ដោយបន្តរិះគន់ចំៗ ហើយមិនសម្ចៃមាត់មកលើអ្នកច្នៃម៉ូដរូបនេះ។
តាមរយៈវីដេអូនោះ អាចារ្យធំបានលើកឡើងថា ការច្នៃម៉ូដរបៀបនេះ គឺបង្ហាញពីលក្ខណៈអត្តចរិតរបស់ខ្លួនឯងជាស្រី (ឯម រាម) ពិតថា លោកជាមនុស្សប្រុសអាចស្លៀកបាន ចុះបើមនុស្សស្រីអាចស្លៀកបានទេ។ លោកត្រូវដឹងថា ពណ៌សម្បុររបស់លោក គឺជាអ្នកសិល្បៈខ្មែរ មិនមែនជាបរទេសមកពីណានោះឡើយ។ អ៊ីចឹងនៅពេលមានព្រឹត្តិការណ៍ធំៗ មួយៗ គឺលោកជាបុគ្គលសាធារណៈដែលមានឥទ្ធិពលក្នុងការផ្សាយ ហើយបើលោកផ្សាយបែបនឹង តើថ្ងៃក្រោយទៅបានអីមកវិញ?។ ការផ្សាយបែបនេះចំណេញដែរឬទេ? ហើយអ្នកគាំទ្ររូបលោកនោះ តើហ៊ានស្លៀកសម្លៀកបំពាក់បែបនេះដែរទេ?។
ដោយឡែកជុំវិញ ការលើកឡើងពីលោក ឯម រាម ខាងលើនេះដែរ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ចេញសារនៅលើគណនីហ្វេសប៊ុករបស់លោកជំទាវឆ្លើយតបវិញថា «អុញ! បងប្អូនកូនក្មួយជួយមើល ស្ដេចម៉ូដប្ដឹងទុកហើយថា បើគាត់គិតខ្លី សូមផ្ដាំបងប្អូនថា គឺពួកអ្នករិះគន់គាត់នេះហើយ ឲ្យច្បាប់ចាត់ការអ្នកទាំងនេះ»។
![Picture]()
លោកជំទាវបញ្ជាក់ថា «សូមប្រាប់ទៅ លោក EM Riem ផងថា មួយប្រទេសគេបានរិះគន់លោក អ៊ីចឹងច្បាប់ចាប់មួយប្រទេសទៅ លើកលែងតែបុគ្គលគាំទ្រលោកចេញ។ ម្យ៉ាងទៀត មតិណាខ្លះដែលថា បុគ្គល ឯម រៀម ជាអ្នកច្នៃម៉ូដធ្វើឲ្យបរទេសស្គាល់ខ្មែរ? បើពិតជាអ៊ីចឹងមែន ក្រុមមនុស្សតែស្ករអស់នោះ ដូចជាប្រឹងលើកជើងយ៉ាងព្រហើ.នពេកហើយ រហូតដល់ភ្លេចមើលពីតម្លៃនៃ មរតកវប្បធម៌ដ៏ល្អផូរផង់របស់ដូនតា ដែលមានអង្គរវត្តជាប្រធាន ដែលជាដើមចម ដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ រហូតបរទេសភ្លូកទឹកភ្លូកដីបានជិះយន្តហោះមកជាន់ដីខ្មែរ ព្រោះតែអង្គរវត្ត ព្រោះតែខ្មែរមាន មរតកវប្បធម៌ ដ៏អស្ចារ្យដែលពិភពលោកគ្មាន»។
យ៉ាងណា បើតាមលោកជំទាវ ហ៊ុន ស៊ីណាត ថា កុំព្រោះតែភាពត្រេកត្រអាលរវើរវាយតាមអារម្មណ៍ចរិតសន្ដានមួយជ្រុងរបស់ខ្លួនឯង បែរជាច្នៃម៉ូដឡប់ឡែ មកបំពុលសង្គមខ្មែរ ជាបុគ្គលសាធារណៈ ត្រូវដើរតួជាអ្នកផ្សព្វផ្សាយដែលមានគុណភាព ផ្សាយអ្វីដែលខ្មែរមានពិតប្រាកដ កុំផ្សាយអ្វីដែលចម្លងពីវប្បធម៌គេ មកអួតថា ជាមោទនភាពរបស់ខ្មែរនោះ។ បើបងប្អូនគាំទ្រស្ដេចម៉ូដ មេត្តាគិតតាមតែចិត្តអ្នកចុះ»។
យ៉ាងណា ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបញ្ចេញសារនៅលើគណនីរបស់លោកផងដែរ ដោយនៅក្នុងនោះឯកឧត្តម បានស្នើឲ្យការបញ្ចេញទស្សនៈទាំងអស់ មិនគួរឲ្យក្លាយជាទំនាស់ឡើយ។
ឯកឧត្តម បានលើកឡើងថា «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នា ក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរឹតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»។
គួររំលឹកថា ៖ ក្តៅគគុក! លោក ហ៊ុន ម៉ានី និងអ្នកសិល្បៈ២ដួងចេញមុខដាក់ចំៗ ក្រោយពេលអ្នកច្នៃម៉ូដល្បី ឯម រៀម រងការរិះគន់ដូចទឹកបាក់ទំនប់ ។ គួររំលឹកបន្តថា ៖ នី មុន្នីនាថ ទ្រាំលែងបានចូលមកលូកដៃភ្លែត ពេលឃើញមហាជនរិះគន់អ្នកច្នៃម៉ូដល្បីឈ្មោះរឿងស្លៀកពាក់មិនសមរម្យ ។ គួររំលឹកទៀតថា ៖ ទ្រាំលែងបាន! អ្នកច្នៃម៉ូដល្បី ឯម រៀម ចេញមុខដាក់ប៉ុន្មានឃ្លា ក្រោយរងការរិះគន់ដូចទឹកបាក់ទំនប់ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ