ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គ្រោង​ដាក់​​លក់​នា​ឡិ​កា​របស់​ព្រះ​ចៅ​អធិ​​រាជ​​ចុង​​​ក្រោយ​នៃ​រាជ​វង្ស​ឆេង​​

1 ឆ្នាំ មុន

ទី​ក្រុង​ហុងកុង, ប្រទេស​ចិន​៖ ក្រុម​ហ៊ុន​ផលិត​នាឡិកា​ល្បី​ឈ្មោះ​ដែល​មាន​ម៉ាក​យីហោ​ប៉ាតិច ហ្វ៊ីលីព (Patek Philipe) គ្រោង​ដាក់​លក់​ដេញ​ថ្លៃ​នូវ​នាឡិកា​ដ៏​កម្រ ដែល​ជា​ព្រះ​រាជ​ទ្រព្យ​របស់​ព្រះ​ចៅ​អធិ​រាជ​ចិន​ចុង​ក្រោយ​បង្អស់​នៃ​រាជ​វង្ស​ឆេង​។ នាឡិកា​ម៉ាក Patek…

ទី​ក្រុង​ហុងកុង, ប្រទេស​ចិន​៖ ក្រុម​ហ៊ុន​ផលិត​នាឡិកា​ល្បី​ឈ្មោះ​ដែល​មាន​ម៉ាក​យីហោ​ប៉ាតិច ហ្វ៊ីលីព (Patek Philipe) គ្រោង​ដាក់​លក់​ដេញ​ថ្លៃ​នូវ​នាឡិកា​ដ៏​កម្រ ដែល​ជា​ព្រះ​រាជ​ទ្រព្យ​របស់​ព្រះ​ចៅ​អធិ​រាជ​ចិន​ចុង​ក្រោយ​បង្អស់​នៃ​រាជ​វង្ស​ឆេង​។ នាឡិកា​ម៉ាក Patek Philippe Ref 96 Quantieme Lune ត្រូវ​ព្រះ​ចៅ​អធិ​រាជ​ភូយី​ទ្រង់​ពាក់​។ នាឡិកា​នេះ​នៅ​រក្សា​ទុក​ទ្រង់​ទ្រាយ​ដើម​ទាំង​ស្រុង​គ្មាន​ការ​កែ​ប្រែ ឬ​ច្នៃ​ប្រឌិត​អ្វី​ទាំង​អស់​។

នាឡិកា​នេះ​កំពុង​ដាក់​តាំង​នៅ​ទី​ក្រុង​ហុងកុង​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា​។ អម​ជា​មួយ​នាឡិកា​នេះ​ក៏​មាន​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​របស់​ព្រះ​ចៅ​អធិ​រាជ​ភូយី​ផង​ដែរ ដូច​ជា​ផ្លិត, សៀវ​ភៅ​កំណត់​ហេតុ, រូប​គំនូរ​ដែល​ទ្រង់​គូរ​ដោយ​ផ្ទាល់​ព្រះ​ហស្ថ​របស់​ព្រះ​អង្គ និង​សៀវ​ភៅ​ប្រជុំ​ទ្រឹស្ដី​ល្អ​ៗ​របស់​អ្នក​ប្រាជ្ញ​ខុងជឺ​។ តាម​គម្រោង, គេ​នឹង​នាំ​យក​របស់​ទាំង​នេះ​ទៅ​ដាក់​តាំង​នៅ​ទី​ក្រុង​មួយ​ចំនួន​ដូច​ជា៖ ញូយ៉ក, សិង្ហបុរី, ឡុង, តៃប៉ិ និង​ហ្សឺណែវ។ បន្ទាប់​មក​នឹង​ឈាន​ដល់​ការ​ប្រកាស​លក់​ដេញ​ថ្លៃ​នា​ចុង​ឆ្នាំ​២០២៣​។

គេ​រំពឹង​ថា​របស់​ដ៏​មាន​តម្លៃ និង​ដ៏​កម្រ​ទាំង​នេះ​អាច​នឹង​មាន​គេ​ហ៊ាន​ឱ្យ​ថ្លៃ​រហូត​ដល់​ខ្ទង់លាន​ដុល្លារ​ឯណោះ​។ នាឡិកា​ដែល​ទ្រង់​ពាក់​នេះ ចាប់​តាំងពី​ផលិត​ដោយក្រុម​ហ៊ុន​ហ្វ៊ីលីព​កាល​ពី​អំឡុង​ឆ្នាំ១៩៣០​ប្លាយ ក៏​ស្រាប់​តែ​បាត់​ដំណឹង​ឈឹង​រយៈ​ពេល​ជាង​៨០​ឆ្នាំ​។ ទើប​តែ​លេច​មុខ​ជា​ថ្មី​កាល​ពី​ឆ្នាំ២០១៩​ នៅ​ពេល​គេ​បញ្ជូន​ត្រឡប់​ទៅ​ក្រុម​ហ៊ុន​ហ្វ៊ីលីព​វិញ​។


តើ​ព្រះ​ចៅ​អធិ​រាជ​ភូយី​មាន​ប្រវត្តិ​សាវតារ​យ៉ាង​ដូច​ម្ដេច​ខ្លះ​?​

ឆ្នាំ​១៩០៨ នៅ​ពេល​រាជ​បុត្រ​ភូយី​ទើប​តែ​មាន​ព្រះ​ជន្ម​២​វស្សា, នាហ្មឺន​សព្វ​មុខ​មន្ត្រី​ចិន​បាន​លើក​ព្រះ​អង្គ​ជា​ក្សត្រ​គ្រប់​គ្រង​នគរ​ឆេង​។ សោយ​រាជ្យ​បាន​ប៉ុន្មាន​ឆ្នាំ, ព្រះ​អង្គ​ក៏​ដាក់​រាជ្យ​សម្បត្តិ​នៅ​ឆ្នាំ​១៩១២ នៅ​ពេល​បដិវត្ត​បាន និង​កំពុង​តែ​ផ្ទុះ​ពេញ​ទំហឹង​។ ក្រុម​បដិវត្ត​យល់​ព្រម​ឱ្យ​ព្រះ​អង្គ​រក្សា​ព្រះ​នាម​ជា​ព្រះ​ចៅ​អធិ​រាជ និង​បន្ត​គង់​នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​​។ រហូត​ដល់​ឆ្នាំ១៩២៤ ក៏​មាន​អំពើ​រដ្ឋ​ប្រហារ​កើត​ឡើ​ង​។ ព្រះ​អង្គ​ត្រូវ​ភៀស​ព្រះ​កាយ​ចេញ​ពី​រាជ​ធានី​។

ព្រះ​អង្គ​ធ្លាប់​សោយ​រាជ្យ​នៅ​នគរ​ម៉ាន់ជូរី​ពី​ឆ្នាំ​១៩៣៤-១៩៤៥​។ ប៉ុន្តែ​មុខ​តំណែង​នេះ​មាន​តែ​ឈ្មោះ​តែ​ប៉ុណ្ណោះ ព្រោះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​កង​ទ័ព​ជប៉ុន​។ ឆ្នាំ១៩៤៥ ជប៉ុន​ទម្លាក់​អាវុធ​ចុះ​ចាញ់​សង្គ្រាម​លោក​លើក​ទី២​។ ព្រះ​អង្គ​ភូយី​ត្រូវ​ទាហាន​សូវៀត​ដែល​លើក​កង​ទ័ព​ចូល​ម៉ាន់ជូរី​​ចាប់​ឃុំ​រយៈ​ពេល​៥​ឆ្នាំ រហូត​ដល់​ឆ្នាំ​១៩៥០​ សូវៀត​ធ្វើ​បត្យាប័ន​បញ្ជូន​ព្រះ​អង្គ​ត្រឡប់​ទៅ​ប្រទេស​ចិន និង​គង់​នៅ​ទី​នោះ​រហូត​ដល់​អស់​ព្រះ​ជន្ម​នៅ​ឆ្នាំ​១៩៦៧​។

មិន​មាន​ប្រភព​ច្បាស់​ការណ៍​បញ្ជាក់​ថា​តើ​ព្រះ​អង្គ​ទទួល​បាន​នាឡិកា​ម៉ាក​ប៉ាតិច​នោះ​យ៉ាង​ដូច​ម្ដេច​។ ប៉ុន្តែ​គេ​ដឹង​ថា​នៅ​អំឡុង​ពេល​ជាប់​ឃុំ​៥​ឆ្នាំ​នោះ, ព្រះ​អង្គ​ និង​អ្នក​បក​ប្រែ​ភាសា​ថ្វាយ​ព្រះ​អង្គ មាន​ទំនាក់​ទំនង​គ្នា​ល្អ​ណាស់​។ ដូច្នេះ​ នៅ​ពេល​សូវៀត​បញ្ជូន​ព្រះ​អង្គ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ, ព្រះ​អង្គ​ក៏​ប្រទាន​នាឡិកា​ដៃ​នេះ​ទៅ​អ្នក​បក​ប្រែ​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​មុន​ពេល​បែក​គ្នា​។

​អ្នក​បក​ប្រែ​បាន​រក្សា​ទុក​នាឡិកា​នេះ​ជាប់​នឹង​ខ្លួន​ប្រៀប​បាន​នឹង​ទ្រព្យ​សំណព្វ​ចិត្ត​ទៅ​ទល់​នឹង​ពេល​ដែល​ទទួល​អនិច្ច​កម្ម​នៅ​ឆ្នាំ២០០៥​។ ក្រោយ​មក, ​គេ​ក៏​ប្រគល់​នាឡិកា​ទៅ​ឱ្យ​អ្នក​គ្រប់​គ្រង​គេហដ្ឋាន​ជា​អ្នក​ទុក​ដាក់​បន្ត​។ ក្រុម​អ្នក​ជំនាញ​បាន​ប្រើ​ប្រាស់​ពេល​វេលា​ជិត​៣​ឆ្នាំ​ដើម្បី​ស៊ើប​ពី​ប្រវត្តិ​សាវតារ​ពិត​របស់​នាឡិកា​នេះ​ និង​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ថា​នេះ​ពិត​ជា​​នាឡិកា​របស់​ព្រះ​ចៅ​អធិ​រាជ​ភូយី​ពិត​ប្រាកដ​មែន​។


តើ​នាឡិកា​នេះ​មាន​អ្វី​គួរ​ឱ្យ​អស្ចារ្យ?
ប៉ាតិច ហ្វ៊ីលីព ជា​ប្រភេទ​នាឡិកា​ដែល​ផលិត​ចេញ​មួយ​ស៊េរី​ៗ​តិច​តួច​ជាទី​បំផុត។ ពោល​គឺ​ផលិត​ត្រឹម​តែ​បួន​ប្រាំ​គ្រឿង​ប៉ុណ្ណោះ​។ ភាគ​ច្រើន​ ច្រើន​តែ​ប្រមុខ​រដ្ឋ​ ឬ​ប្រមុខ​រដ្ឋា​ភិបាល​ទើប​មាន​នាឡិកា​ប្រភេទ​នេះ​ពាក់​។ នាឡិកា​ដៃ​របស់​លោក​ពូទីន​ក៏​ម៉ាក​ប៉ាតិច ហ្វ៊ីលីព​ផង​ដែរ​។ នាឡិកា​ប៉ាតិច​របស់​ព្រះ​ចៅ​អធិ​រាជ​ភូយី​ គេ​រក​ឃើញ​តែ​២​គ្រឿង​គត់​កាល​ពី​មុន​នេះ​។

លក្ខណៈ​ពិសេស​មួយ​ទៀត​នៅ​ត្រង់​ថា​នាឡិកា​ម៉ាក Patek Philippe Ref 96 ធ្លាប់​ជា​ព្រះ​រាជ​ទ្រព្យ​របស់​ព្រះ​ចៅ​អធិ​រាជ​ចិន​ចុង​ក្រោយ​នៃ​រាជ​វង្ស​ឆេង​។ បើ​គិត​មើល​ទៅ, នាឡិកា​ដែល​ក្រុម​ហ៊ុន​ហ្វ៊ីលីពបាន​ចេញ​ស៊េរី​ជា​មួយ​គ្នា​នឹង​នាឡិកា​របស់​ព្រះ​ចៅ​អធិ​រាជ​ភូយី នៅ​សល់​តែ​បី​គ្រឿង​គត់​នៅ​ក្នុង​ពិភព​លោក​។

មាន​ប្រវត្តិ​តំណាល​ថា​ថ្ងៃ​មួយ​ព្រះ​អង្គ​បញ្ជា​ឱ្យ​អ្នក​បម្រើ​កោស​ផ្ទៃ​នាឡិកា​ដើម្បី​ចង់​ដឹង​ថា​តើ​នាឡិកា​នេះ​ផលិត​ពី​ផ្លាទីន​ស​មែន ឬ​មិន​មែន​។ នៅ​ពេល​កោស​ចុះ​កោស​ឡើង​ក៏​របក​ទឹក​ប្រាក់​ដែល​ស្រោប​ពី​ក្រៅ​ ហើយ​ចេញ​ស្ពាន់​ទៅ​វិញ​។ ព្រះ​អង្គ​ក៏​ប្រាប់​ឱ្យ​អ្នក​បម្រើ​ឈប់​កោស​ត​ទៅ​ទៀត​។ នាឡិកា​នេះ​ត្រូវ​គេ​ចាត់​ទុក​ជា​របស់​ដ៏​កម្រ និង​ដ៏​មាន​តម្លៃ​ជា​ប្រវត្តិ​សាស្ត្រ​៕

ប្រភព៖ Channel News Asia, Financial Times

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ