ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ល្បីឈ្មោះ​១រូប​ ត្រៀម​ចូល​រោងការ​ក្នុង​​វ័យ​៩២​ឆ្នាំ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋី​អា​មេ​រិ​ក លោក Rupert Murdoch ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វ​

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋី​អា​មេ​រិ​ក លោក Rupert Murdoch ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក News Corp បាន​ប្រកាស​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ជាមួយនឹង​គូស្នេហ៍​របស់​គាត់​គឺ​លោកស្រី Ann Lesley Smith ដែល​ជា​អតីតមន្ត្រី​ប៉ូលិស តារា​ម៉ូ​ដែល និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​មួយ​រូប​ផង​ដែរ​។

លោក Murdoch អាយុ​៩២​ឆ្នាំ និង​លោកស្រី Smith អាយុ​៦៦​ឆ្នាំ បាន​ជួប​គ្នា​លើក​ដំបូង​កាលពី​ខែកញ្ញា​ឆ្នាំ​មុន នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ឯ​ចម្ការ​ទំពាំងបាយជូរ​របស់​លោក Murdoch ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​។ លោក Murdoch បាន​ប្រាប់​កាសែត New York Post យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ខ្លាច​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ម្តងទៀត ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​នេះ​ជា​លើក​ចុង​ក្រោយ​របស់ខ្ញុំ ខ្ញុំ​ពិតជា​រីករាយ​ណាស់​»​។

លោក Murdoch បាន​ចែកផ្លូវ​ជាមួយ​ប្រពន្ធ​ទី​៤​របស់​គាត់​គឺ​លោកស្រី Jerry Hall កាលពី​ឆ្នាំ​មុន ខណៈ​ដែល​សា្វ​មី​មុន​របស់​លោកស្រី Smith គឺ​លោក Chester Smith ដែល​ជា​តារាចម្រៀង និង​ជានា​យក​ប្រតិបត្តិ​ស្ថានីយវិទ្យុ និង​ទូរទស្សន៍ ដែល​បាន​ទទួលមរណភាព​កាលពី​ឆ្នាំ​២០០៨ នៅ​ក្នុង​អាយុ​៧៨​ឆ្នាំ​។

លោកស្រី Smith បាន​ប្រាប់​កាសែត New York Post ថា «​សម្រាប់​យើង​ទាំង​២ វា​គឺជា​អំណោយ​ពី​ព្រះ​។ យើង​បាន​ជួប​គ្នា​កាលពី​ខែកញ្ញា​ឆ្នាំ​មុន​។ ខ្ញុំ​គឺជា​ស្ត្រី​មេម៉ាយ​រយៈពេល​១៤​ឆ្នាំ​មក​ហើយ​។ ដូច Rupert ដែរ ប្តី​របស់ខ្ញុំ​ក៏​ជា​អ្នកជំនួញ​ម្នាក់​ផង​ដែរ ដូច្នេះ​បាន​ចែករំលែក​ជំនឿ និង​ភាព​ដូច​គ្នា​ច្រើន​។

បន្ថែម​ពីលើ​នេះ លោក Murdoch ដែល​មានកូន​៦​នាក់ ដែល​បន្សល់​ពី​ចំណងអាពាហ៍ពិពាហ៍​៣​លើក​ដំបូង​របស់​គាត់​បាន​បន្ថែម​ថា «​យើង​ទាំង​២​នាក់ ទន្ទឹងរង់ចាំ​ចំណាយពេល​ពាក់កណ្តាល​ទី​ពីរ​នៃ​ជីវិត​របស់​យើង​ជាមួយ​គ្នា​»​។

ពិធី​មង្គលការ​របស់​លោក Murdoch និង​លោកស្រី Smith នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងរដូវ​ក្តៅ​នេះ ហើយ​គូស្នេហ៍​ចំណាស់​មួយគូ​នេះ នឹង​ចំណាយពេល​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ម៉ុ​នតា​ណា ញូ​វ​យ៉​ក រួម​និង​ចក្រភព​អង់គ្លេស​ផង​ដែរ​។

គួរ​រំលឹក​ថា លោក Rupert Murdoch ធ្លាប់​បាន​រៀប​ការ​៤​លើក ដោយ​លើក​ទី​១​ជាមួយ​លោកស្រី Patricia Booker អ្នកបម្រើ​ការ​លើ​យន្តហោះ​ជនជាតិ​អូស្ត្រាលី លើក​ទី​២​ជាមួយ​លោកស្រី Anna Mann អ្នកកាសែត​ដើម​កំណើត​ស្កុ​ត​ឡេ​ន លើក​ទី​៣​ជាមួយ​លោកស្រី Wendi Deng សហគ្រិន​ជនជាតិ​ចិន និង​លើក​ទី​៤​ជាមួយ​លោកស្រី Jerry Hall តារា​ម៉ូ​ដែល និង​សម្តែង​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ