ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុន​​កាត់​ក្ដី​​​ឡើង​វិញ​​បុរស​ដែលរង់​ចាំ​ការ​ប្រហា.រ​ជីវិត​យូរ​បំផុត​​​ក្នុង​លោក​​​

1 ឆ្នាំ មុន

ទីក្រុង​តូក្យូ​, ប្រទេស​ជប៉ុន​៖ ​ថ្មី​ៗ​នេះ​ តុលាការ​សាលា​ឧទ្ធរណ៍​នៃ​​ទី​ក្រុង​តូក្យូ​​​បាន​​បញ្ជា​ឱ្យ​​​កាត់​ក្ដី​ឡើង​វិញ​​​​ករណី​​បុរស​វ័យ​៨៧​ឆ្នាំ​​​ដែល​​រង់​ចាំ​ការ​ប្រហារ​​ជីវិត​អស់​រយៈ​ពេល​ជាង​ហា​សិប​ឆ្នាំ​មក​ហើយ​​​។ ​​មេ​ធាវី​របស់​ជន​ជាប់​ចោទ​នៅ​តែ​បន្ត​ការ​ត​វ៉ា​​ និង​​ប្ដឹង​ទាស់​​​ចំពោះ​សេច​ក្ដី​សម្រេច​នេះ​។ មេ​ធា​វី​លើក​ហេតុ​ផល​ថា​​​ភស្តុ​តាង​ដែល​​ដាក់​ជូន​ទៅ​តុលាការ​​បាន​មក​ពី​ការ​ធ្វើ​ទារុណ​កម្ម​​​ និងជា​ភស្តុ​តាង​ប្រឌិត​​។​ ​​​តុលាការ​កំពូល​​សម្រេច​​ថា​សំណុំ​រឿង​​ជន​ជាប់​ចោទ​ឈ្មោះ​អ៊ីវ៉ាអុ​ ហាកាម៉ាដា(Iwao…

ទីក្រុង​តូក្យូ​, ប្រទេស​ជប៉ុន​៖ ​ថ្មី​ៗ​នេះ​ តុលាការ​សាលា​ឧទ្ធរណ៍​នៃ​​ទី​ក្រុង​តូក្យូ​​​បាន​​បញ្ជា​ឱ្យ​​​កាត់​ក្ដី​ឡើង​វិញ​​​​ករណី​​បុរស​វ័យ​៨៧​ឆ្នាំ​​​ដែល​​រង់​ចាំ​ការ​ប្រហារ​​ជីវិត​អស់​រយៈ​ពេល​ជាង​ហា​សិប​ឆ្នាំ​មក​ហើយ​​​។ ​​មេ​ធាវី​របស់​ជន​ជាប់​ចោទ​នៅ​តែ​បន្ត​ការ​ត​វ៉ា​​ និង​​ប្ដឹង​ទាស់​​​ចំពោះ​សេច​ក្ដី​សម្រេច​នេះ​។ មេ​ធា​វី​លើក​ហេតុ​ផល​ថា​​​ភស្តុ​តាង​ដែល​​ដាក់​ជូន​ទៅ​តុលាការ​​បាន​មក​ពី​ការ​ធ្វើ​ទារុណ​កម្ម​​​ និងជា​ភស្តុ​តាង​ប្រឌិត​​។​ ​​​តុលាការ​កំពូល​​សម្រេច​​ថា​សំណុំ​រឿង​​ជន​ជាប់​ចោទ​ឈ្មោះ​អ៊ីវ៉ាអុ​ ហាកាម៉ាដា(Iwao Hakamada)​​ ត្រូវ​​កាត់​ក្ដី​​​​ឡើង​វិញ​។

លោក Iwao Hakamada និង​បង​ស្រី​របស់​គាត់​

តុលាការ​​ប្រកាស​​ថា​​ការ​​​ផ្ដន្ទា​ទោស​ប្រហារ​ជីវិតនេះ​ដោយ​ផ្អែក​​​ទៅ​លើ​ភស្តុតាង​ដែល​​ដាក់​ជូន​អង្គ​ជំនុំ​ជម្រះ​។ ​ចុះ​បើ​ភស្តុតាង​ហ្នឹង​ក្លែង​ក្លាយ ដែល​ត្រូវ​គេ​ប្រឌិត​ឡើង​​​ តើ​ធ្វើ​ម្ដេច​នឹង​អាច​យក​ជា​ការ​បាន​?​ ហើយ​ឲ្យ​គ្នា​ទទួល​ការ​ប្រហារ​ជីវិត​ទទេ​​ៗ​ម្ដេច​នឹង​កើត​​​?​ ​អង្គ​ជំនុំ​ជម្រះ​​យល់​​ថា​បើ​ភស្តុ​តាង​​​​ប្រឌិត​ឡើង​ដោយ​ក្រុម​​​ស៊ើប​អង្កេត ​វា​នឹង​ក្លាយ​ជា​រឿង​ដែល​គួរ​ឱ្យ​សោក​ស្ដាយ​។​​ជន​ជាប់​ចោទ​បាន​ជាប់​ឃុំ​រយៈ​ពេល​ជិត​៥០​ឆ្នាំ​ដើម្បី​ទន្ទឹង​ការ​​ប្រហារ​ជីវិត។​ នេះ​​ជា​​​រយៈ​ពេលដ៏​​​យូរ​បំផុត​​នៅ​ក្នុង​ពិភពលោក​​ដែល​ទទួល​ស្គាល់​ដោយ​​សៀវ​ភៅ​​ហ្គីន​នីស​ប៊ុក​ (Guinness Book) ​​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១១​​។

​តុលាការ​យល់​ព្រម​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​ចាប់​ពី​ឆ្នាំ​២០១៤។ ប៉ុន្តែ​នៅ​ជាប់​ក្ដី​ក្ដាំ​នៅ​តុលា​ការ​ដដែល​​​​​។ កាល​ពី​​ឆ្នាំ​២០១៤​​​, ​​សាលា​​ដំបូង​​ព្យួរ​​ទុក​​ការ​ប្រហារ​ជីវិត​​១​​ឡែក​សិន​ ​ដើម្បី​​​កាត់​ក្ដី​​​​​​ឡើង​វិញ​។​​ ​ប៉ុន្តែ​សាលា​ឧទ្ធរណ៍​​យល់​ថា​មិន​ត្រូវ​តាម​នីតិ​វិធី​ទេ។​​ មិន​អាច​រក្សា​ទុក​ទោស​ប្រហារ​ជីវិត​ផង​ ​កាត់​ក្ដី​ឡើង​វិញ​ផង​បែប​នេះ​ទេ​​។​ ដូច​នេះ​ ​​​សលា​ឧទ្ធរណ៍​​ក៏​ធ្វើ​មោឃ​ភាព​​​​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​​។ ​​ឆ្នាំ​២០២០ តុលាការ​កំពូល​បញ្ជា​ឱ្យ​សាលា​ដំបូង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ និង​កាត់ក្ដី​ឡើង​វិញ​​​​។​

ឥ​ឡូវ​នេះ ទោះ​បី​ជា​ដើរ​តាម​នីតិ​វិធីណា​ក៏​ដោយ​, ក៏​ជន​ជាប់​ចោទ​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ខ្លួន​​សឹង​តែ​១០០%​ទៅ​ហើយ​។
– ទី​១​ សាលា​ឧទ្ធរណ៍​សម្រេច​ថា​ត្រូវ​កាត់​ក្ដី​​​ឡើង​វិញ​ តប​តាម​សេច​ក្ដី​សម្រេច​​​ឆ្នាំ​២០២០​​របស់​តុលាការ​កំពូល​​។
– ទី២ បើ​​ព្រះ​រាជ​អាជ្ញា​ជំទាស់​​​​​នឹង​​សេចក្ដី​សម្រេច​របស់​សាលា​​ឧទ្ធរណ៍​ថ្មី​ៗ​នេះ​​, ​​​​សំណុំ​រឿង​​​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​កំពូល​។​ ទៅ​តុលាការ​កំពូល​ធ្វើ​អ្វី​ទៀតបើ​កំពូល​បញ្ជា​ឱ្យ​ទម្លាក់​ចោល​ការ​កាត់​ទោស​ប្រហារ​ជីវិត​​​ ​ហើយ​កាត់​ក្ដី​ឡើង​វិញ​។​
– ទី៣ ​​បើ​ព្រះ​រាជ​អាជ្ញា​មិន​ជំទាស់​ទេ​ មាន​ន័យ​ថា​​សាលា​ដំបូង​ត្រូវ​​កាត់​ក្ដី​ឡើង​វិញ​​។ លទ្ធភាព​សឹង​តែ​១០០%​ហើយ​ដែល​ថា​សាលា​ដំបូង​នឹង​សម្រេច​​ឱ្យ​ជន​ជាប់​ចោទ​រួច​ខ្លួន​​ពី​ការ​​ចោទ​ប្រកាន់​។​​

​ក្រោយ​ពេល​ទទួលដំណឹង​នេះ​, មេ​ធាវី​​ចុង​ចោទ​មាន​ចិត្ត​រំភើប​ឥត​ឧបមា​។ គាត់​ចេញ​មក​ខាង​ក្រៅ​បន្ទប់​សវនាការ​ និង​លើក​បដាបង្ហាញ​ប្រាប់​អ្នក​គាំទ្រ​ថា​ «​កាត់​ក្ដី​​ឡើង​វិញ​»។ ​អ្នក​ហ៊ីដេកុ (Hideko) ដែល​សព្វ​ថ្ងៃ​មាន​អាយុ​៩០​ឆ្នាំ ត្រូវ​ជា​បង​ស្រី​បង្កើត​របស់​ជន​ជាប់​ចោទ​ ប្រាប់​ថា​ «​​ទីបំផុត យើង​មាន​ជោគ​ជ័យ​ហើយ​ដែល​តុលាការ​យល់​ព្រម​ឱ្យ​កាត់​ក្ដី​​ឡើង​វិញ»​។​


ប្រវត្តិ​សាវតារ​ដែល​នាំ​ទៅ​ដល់​ការ​​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​ឆ្នាំ​១៩៦៨​
​​​​លោក​​ហាកាម៉ាដា (Hakamada) ត្រូវ​​តុលាការ​ផ្ដន្ទា​ទោសប្រហារ​ជីវិត​កាល​ពី​ឆ្នាំ​១៩៦៨​​ ពាក់​ព័ន្ធ​នឹង​​​សំណុំ​រឿង​ឃាត​កម្ម​​​ថៅ​កែ​ក្រុម​ហ៊ុន​​​ និង​សមាជិក​គ្រួ​សារ​របស់​ថៅកែ​៣​​នាក់​កាល​ពី​ឆ្នាំ​​១៩៦៦។​​ រួច​ហើយ​ដុត​ផ្ទះ​​​ជន​រង​គ្រោះ​ថែម​ទៀត​។ កាល​នោះ​, ​គាត់​​ជា​បុគ្គលិក​ស៊ី​ឈ្នួល​នៅ​ក្នុង​គ្រួសារ​នេះ​។ មុន​ដំបូង​​, គាត់​​ប្រកែក​​​​។ ​ក្រោយ​មក គាត់​​សុខ​ចិត្ត​ទទួល​ទោស​​​​​​។ ​ប៉ុន្តែ​​គាត់​ថា​គាត់​ឆ្លើយ​​​ទាំង​បង្ខំ​ចិត្ត​​ ដោយ​សារ​សមត្ថ​កិច្ច​ធ្វើ​ទារុណ​កម្ម​បង្ខំ​ឱ្យ​គាត់​​​ឆ្លើយ​សារ​ភាព​​។​​

មូល​ហេតុ​ដែល​គាត់​ចេះ​តែ​ឃ្វាង​​ៗ​ពី​ការ​ប្រហារ​ជីវិតដោយ​សារ​មេធាវី​​ខិត​ខំ​ប្ដឹង​ទាស់​ជា​ច្រើន​លើក​ច្រើន និង​ស្នើ​សុំ​ឱ្យ​កាត់​​ក្ដី​​ឡើង​វិញ​។​​ ក្រោយ​មក​នៅ​ឆ្នាំ​២០០៨, ជន​ជាប់​ចោទ​ប្ដឹង​ឧទ្ធរណ៍​ជា​លើក​ទី​២​។ នៅ​ទី​បំផុត, តុលាការ​យល់​ព្រម​ធ្វើ​តាម​សំណើ​របស់​គាត់​​។ គិត​ទៅ​, មេធាវី​តស៊ូ​ក្ដី​រយៈ​ពេល​២៧​ឆ្នាំ​​ ​​ទម្រាំ​តុលាការ​កំពូល​យល់​ព្រម​ឱ្យ​​​កាត់​​ក្ដី​​ឡើង​វិញ​។​

ចំណុច​ដែល​ក្រុម​ស៊ើប​អង្កេត​​​យក​ធ្វើ​ជា​ភស្តុតាង​គឺ​ខោ​អាវ​៥​សម្រាប់​ ដែល​​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ធុង​ទឹក​ស៊ីអ៊ីវ​ មាន​ជាប់​ស្នាម​ប្រឡាក់​ដូច​ឈាម​​​។ ​សាលា​ឧទ្ធរណ៍​ទទួល​ស្គាល់​ថា​បើ​យោង​តាម​ការ​ធ្វើ​ពិសោធ,​ សាច់​ក្រណាត់​ដែល​ត្រាំ​នៅ​ក្នុង​ទឹក​ស៊ី​អ៊ីវ​យូរ​នឹង​​មាន​ស្នាម​ជាំ​ក្រមៅ​ដូច​ជា​ឈាម​អីចឹង​​។ ​មេធាវី​ចុង​ចោទ​បញ្ជាក់​ថា​ស្នាម​ឈាម​ដែល​សមត្ថកិច្ច​យក​ធ្វើ​ជា​សម្អាង​នោះ​ នៅ​ពេល​ប្រៀប​ធៀប​ជា​មួយ​ឌីអឹន​អេ (DNA)​របស់​ជន​ជាប់​ចោទ​​មិន​ដូច​គ្នា​ទេ​។ ចំណែក​ខោ​ជើង​វែង​ដែល​សមត្ថកិច្ច​យក​ធ្វើ​ជា​ភស្តុតាង​នោះ​ក៏ជន​ជាប់​ចោទ​ស្លៀក​មិន​ត្រូវ​ដែរ​ព្រោះ​​តូច​ចង្អៀត​ពេក​។​

លោក Iwao Hakamada និង​បង​ស្រី​របស់​គាត់​

លោក​​ហាកាម៉ាដា​ចំណាយ​ពេល​៤៨​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ។​ ​គាត់​ដេក​ភ័យ​គ្រប់​ពេល​វេលា​ថា​ថ្ងៃ​ណា​១​​នឹង​ត្រូវ​​គេ​ប្រហារ​ជីវិត​។ ម៉្លោះ​ហើយ​ ​​គាត់​កើត​ជំងឺ​ផ្លូវ​ចិត្ត​​​។ ឆ្នាំ​២០១៤​ តុលាការ​យល់​ព្រម​ឱ្យ​គាត់​ជាប់​​ឃុំ​នៅ​ក្នុង​ផ្ទះ​ ដោយ​សារ​គាត់​កាន់​តែ​មាន​វ័យ​ចាស់​ជរា និង​មាន​ជំងឺ​តម្កាត់​ផ្សេង​ៗ​។ ​គេ​គិត​ថា​គាត់​មិន​អាច​រត់​ទៅ​ណា​រួច​ទេ​៕​

ប្រភព៖ Associated Press, BBC

លោក Iwao Hakamada និង​បង​ស្រី​របស់​គាត់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ