ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែដឹង​មូលហេតុ​​អ្នក​​ដែ​ល​ស្លា.ប់​​… ​ក្រោ​យ​ហូប​សាច់​ជ្រូកព្រៃ​​ឆៅ​​​នៅ​ខេត្ត​​​កំពង់​​ធំ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៦ កញ្ញា នេះ ក្រសួងសុខាភិបាល

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៦ កញ្ញា នេះ ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ករណី​ប្រជាពលរដ្ឋ​បាន​ស្លាប់ ដោយសារ​ការ​បរិភោគ​សាច់​ជ្រូកព្រៃ​ឆៅ កាល​ពេល​កន្លង​ទៅ​នោះ គឺ​បណ្តាល​មក​ពី​សាច់​ជ្រូកព្រៃ​នោះ មាន​ដង្កូវ​ព្រូន«​ទ្រី​ស៊ី​ណែ​ឡា​» ។​ គួររំលឹកថា រឿងហេតុលម្អិត… ករណីហូបសាច់សត្វព្រៃឆៅស្លាប់មនុ​ស្ស​៧នាក់​​យ៉ាង​​រន្ធត់

ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​បាន​ស្លាប់​ជា​បន្ត​គ្នា នៅ​ភូមិ​ច្រក​តោ​ល ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ស្ថិត​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្តកំពង់ធំ​នោះ ក្រសួង​បាន​ចាត់​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង រួម​ជាមួយ​មជ្ឈមណ្ឌល​ជំនាញ​នានា ដោយ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ និង​តំណាង​​អង្គការ​សុខភាព​ពិភពលោក បាន​ចុះ​ទៅ​ស្រាវជ្រាវ​បន្ទាន់ ដល់ទី​តាំង​កើតហេតុ​ហើយ​រក​ឃើញ​ថា ករណី​ដង្កូវ​ព្រូន​«​ទ្រី​ស៊ី​ណែ​ឡា​» នេះ កំពុង​កើត​មាននៅ​ទីតាំង​ខាងលើ ។

ក្រសួងសុខាភិបាល​បញ្ជាក់​ថា ជំងឺ​ដង្កូវ​ព្រូន «​ទ្រី​ស៊ី​ណែ​ឡា​» គឺជា​ជំងឺ​មួយ​ដែល​ចម្លង​មក​មនុស្ស តាម​រយៈ​ការ​បរិភោគ​សាច់​ឆៅ ឬ​សាច់​ចម្អិន​មិន​ឆ្អិន​ល្អ ដែល​សាច់​នោះ​មាន​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណៃ​ឡា ដែល​មាន​រោគ​សញ្ញា​ដំបូង រួម​មាន ក្អួតចង្អោរ រាករូស អស់​កម្លាំង និង​គ្រុនក្តៅ ហើយ​ឈឺពោះ អំឡុង​ពី​១ ទៅ​២​ថ្ងៃ បន្ទាប់​ពី​ឆ្លង​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ចូល​មក​ក្នុង​ខ្លួន​មនុស្ស​យើង ​។ អ្នក​ដែល​​មាន​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ក្នុង​រយៈ​ទី​២ ទៅ​៨​ស​ប្តា​ហ៍ បន្ទាប់​ពី​ការ​បរិភោគ​សាច់ ដែល​មាន​ដង្កូវ​ព្រូន​នេះ  នឹង​ចាប់ផ្តើម​ឈឺក្បាល គ្រុនក្តៅ ក្អក ហើម​មុខ ដៃ ជើង និង​ត្របកភ្នែក ឈឺសន្លាក់​និង​សាច់ដុំ រមាស់​ស្បែក រាក ឬ​ទល់លាមក​ជាដើម ។

បន្ទាប់​មក​ទៀត នឹង​កើត​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូច​ជា​ពិបាកធ្វើ​ចលនា និង​បង្ករ​បញ្ហា​ដល់​បេះដូង​និង​ដង្ហើម ដែល​បណ្តាល​មក​ពី​ការ​រាតត្បាត​នៃ​ដង្កូវ​ព្រូន​នេះ នៅ​ក្នុង​សេរី​រា​ង្គ​មនុស្ស ដូច​ជា​សួត បេះដូង ថ្លើម និង​ខួរក្បាល នឹង​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន​។​ភ្ជាប់​គ្នា​នេះ ក្រសួងសុខាភិបាល​អះអាង​ថា ករណី​ជំងឺ​ដង្កូវ​ព្រូន «​ទ្រី​ស៊ី​ណែ​ឡា​នេះ គឺ​អាច​ព្យាបាល​បាន​ដោយ​សាមញ្ញ​និង​មាន​ប្រសិទ្ធ​ភាព ខណៈ​ដែល​ឆ្លង​មក​ទទួល​ការ​ព្យាបាល​ឱ្យ​បាន​ឆាប់ ហើយ​ក្នុង​ករណី​អ្នក​ភូមិ​ច្រក​តោ​ល ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ មាន​រោគ​សញ្ញា​ដូចដែល​ក្រសួង​បាន​បញ្ជាក់ សូម​ប្រញាប់​រួសរាន់​មក​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ដើម្បី​ទទួល​បានការ​ព្យា​បាល​ទាន់​ពេលវេលា ។