ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​ឈាន​ទៅ​កាត់​បន្ថយ​ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​ត្រៀម​ឈាន​ទៅ​កាត់​បន្ថយ​តម្រូវការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រទេស​ជិតខាង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​ត្រៀម​ឈាន​ទៅ​កាត់​បន្ថយ​តម្រូវការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រទេស​ជិតខាង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​ពង្រីក​ការ​ចែកចាយ និង​ប្រើប្រាស់​អគ្គិសនី​ឲ្យ​បាន​កាន់​ច្រើន​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស បន្ទាប់​ពី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិត​នៅ​ខេត្តស្ទឹងត្រែង នា​ដើមឆ្នាំ​២០១៨ ខាង​មុខ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consuting បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ម្សិលមិញ​ថា ៖« កម្ពុជា​អាច​ចូលរួម​កាត់​បន្ថយ​ការ​ពឹងផ្អែក​ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង ហើយ​មួយ​ផ្សេង​ទៀត​តាម​ខ្ញុំ​ដឹង តម្លៃ​អគ្គិសនី​នឹង​ធ្លាក់​ចុះ​មក​តាម​ផែនការ ជា​ពិសេស សម្រាប់​សហគ្រាស​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ពេល​យប់ ។ នេះ​ជា​សញ្ញា​ល្អ​សម្រាប់​ប្រទេស​ណា ក៏​ដូច​ប្រទេស​ណា » ។

បើ​តាម​លោក ង៉ែត ជូ ថា នៅ​ពេល​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ខាង​មុខ វិស័យ​ណា​ដែល​ប្រើប្រាស់​អគ្គិសនី​ច្រើន​ជាងគេ​នឹង​រីក​ចម្រើន ដូច​ជា វិស័យ​កម្មន្តសាល​ទូទៅ និង​កាត់ដេរ​ជាដើម ។

លោក​បន្ត​ថា ការ​ផ្គត់ផ្គង់​អគ្គិសនី​នា​ពេល​កន្លង​មក លោក​មើលឃើញ​មាន​បញ្ហា​ចំនួន​៣ គឺ​តម្លៃ​អគ្គិសនី​, តំបន់​មួយ​ចំនួន​ពុំ​ទាន់​មាន​អគ្គិសនី និង​ភាព​អាច​ជឿជាក់​បាន ឬ​ស្ថិរភាព​។ តួយ៉ាង ថ្មី​ៗ​នេះ នៅ​ខេត្តបាត់ដំបង រោង​ម៉ាស៊ីនកិនស្រូវ ដែល​ត្រូវការ​អគ្គិសនី​ច្រើន​ក្នុង​រដូវ​ប្រមូល​ផល គឺ​មានការ​ដាច់​ចរន្តអគ្គិសនី​ជា​ញឹកញាប់ ។ ប៉ុន្តែ​បើ​ដល់​ឆ្នាំ​២០១៨​ខាង​មុខ ពេល​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដាក់​ដំណើរការ​អាច​ជួយ​កាត់​បន្ថយ​បាន​នូវ​បញ្ហា​នេះ ។ វា​ជា​រឿង​ល្អ​ប្រសើរ​បំផុត​សម្រាប់​អាជីវកម្ម​ដែល​មាន​ស្រាប់ ហើយ​គុណភាព​អាច​នឹង​ប្រសើរ​ឡើង​ផង​ដែរ ។

ថ្លែង​នៅ​ក្នុង​ពិធី​បិទទ្វារ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កាលពី​ថ្ងៃ​ទី​២៥ កញ្ញា សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា  ៖« កម្ពុជា​សព្វថ្ងៃ​កំពុង​ប្រើប្រាស់​អគ្គិសនី​ជាង​២​ពាន់​មេ​ហ្គា​វ៉ា​ត់​រួច​ហើយ នា​ពេល​ខាង​មុខ តម្រូវការ​អគ្គិសនី​នឹង​កើន​ខ្ពស់ ។ ពី​មុន​ការ​ផ្គត់ផ្គង់​អគ្គិសនី​មាន​លក្ខណៈ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ព្រោះ​ត្រូវ​ទិញ​ពី​ប្រទេស​ជិតខាង ប៉ុន្តែ​ចាប់ពី​ពេល​ដំណើរការ​វា​រី​អគ្គិសនី​ពី​ទី​នេះ​ទៅ គឺ​កម្ពុជា​មាន​បណ្តាញ​ផ្គត់ផ្គង់​ខ្លួនឯង​ប្រកបដោយ​ស្ថិរភាព និង​ឯករាជ្យ​ភាព ។ យើង​មិន​ត្រឹមតែ​ផ្គត់ផ្គង់​សម្រាប់​ខេត្តស្ទឹងត្រែង​ទេ គឺ​នឹង​ឆ្លង​ទៅ​ផ្គត់ផ្គង់​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត»៕