ទីក្រុងបាងកក, ប្រទេសថៃ៖ អគ្គស្នងការដ្ឋាននគរបាលថៃមានគោលការណ៍ណែនាំថ្មីមួយ, តម្រូវឱ្យមន្ត្រីនគរបាលគ្រប់រូបត្រូវតែឆែកមើលសុខភាពផ្លូវចិត្តរបស់ខ្លួននៅទូទាំងប្រទេស។ វិធានការនេះធ្វើឡើងដើម្បីទប់ស្កាត់មិនឱ្យមានករណីដូចថ្មីៗនេះ ដែលនគរបាលម្នាក់ប៉ះទង្គិចផ្លូវចិត្តរបស់គាត់ខ្លាំង។ គាត់បើកការបាញ់ប្រហារចេញពីក្នុងផ្ទះរយៈពេលជាច្រើនម៉ោងទម្រាំបញ្ហានេះបញ្ចប់ទៅវិញ។ កាលនោះ សមត្ថកិច្ចឡោមព័ទ្ធផ្ទះរបស់គាត់រយៈពេល២៧ម៉ោងនៅទីក្រុងបាងកក។
![Picture]()
ប្រធានការិយាល័យអធិការកិច្ចថៃបានចាត់តាំងក្រុមអ្នកជំនាញខាងជំងឺផ្លូវចិត្តដើម្បីត្រៀមពិនិត្យមើលមន្ត្រីនគរបាលទាំងឡាយណាដែលបង្ហាញសញ្ញាមិនស្រួល ឬខុសប្រក្រតីផ្នែកសតិអារម្មណ៍ ដូចជាស្ត្រែស តប់ប្រមល់ ឬយ៉ុងចិត្តខ្លាំង។ វិធានការនេះអនុវត្តនៅស្នងការដ្ឋាននគរបាលប្រចាំខេត្ត-ក្រុងនីមួយៗ។ គេសង្ឃឹមថាវិធានការនេះអាចជួយពង្រឹងការបំពេញការងាររបស់មន្ត្រីនគរបាល និងធានាសុវត្ថិភាពនៅទីសាធារណៈ។
![Picture]()
ប្រសិនបើពិនិត្យឃើញថាមន្ត្រីនគរបាលរូបណាមានអាកប្បកិរិយាមិនស្រួល ប្រព្រឹត្តទង្វើប្លែកៗ ឬចេះតែមានអារម្មណ៍មួរម៉ៅក្ដៅក្រហាយ ក្រពុលមុខខ្លាំង, ប្រជាពលរដ្ឋអាចរាយការណ៍ទៅសមត្ថកិច្ចតាមរយៈប្រព័ន្ធអេបទូរស័ព្ទ។ សូមរម្លឹកថាបុរសវ័យ៥១ឆ្នាំម្នាក់ជាមន្ត្រីនគរបាលខាងអធិការកិច្ច បានបាញ់កាំភ្លើងឡើងទៅលើទៅលើផង និងបាញ់នៅក្នុងផ្ទះផង អស់មិនដឹងប៉ុន្មានគ្រាប់ទេ តាំងពីព្រឹកថ្ងៃអង្គារ រហូតដល់យប់ថ្ងៃពុធ។ គាត់ស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ ក្រោយពេលដឹកទៅមន្ទីរពេទ្យ។
![Picture]()
បុរសរូបនេះមានស្រុកកំណើតនៅខេត្តឡាំភូន (Lamphun) ធ្លាប់ធ្វើការផ្នែកប្រឆាំងគ្រឿងញៀន។ ក្រោយមក គាត់ផ្លាស់ទៅការិយាល័យអប់រំកាលពីឆ្នាំ២០១៩។ ឆ្នាំ២០២២ គាត់ផ្លាស់ទៅធ្វើការនៅផ្នែកចារកម្មនៃការិយាល័យពិសេស។ តាមដឹងមកថាគាត់ក៏ធ្លាប់ទៅរកសេវាព្យាបាលជំងឺផ្លូវចិត្តផងដែរនៅមន្ទីរពេទ្យនៃខេត្តឆៀងម៉ៃ។ មុនពេលកើតហេតុ, គាត់រស់នៅតែម្នាក់ឯង គ្មានប្រពន្ធ គ្មានកូនទេ នៅក្នុងផ្ទះជួល៕
ប្រភព៖ Bangkok Post
ចែករំលែកព័តមាននេះ