ខេត្តបន្ទាយមានជ័យ ៖ បានឃើញភ្លើងស្តុបនៅផ្លូវបំបែកជាបួនក្នុងស្រុកព្រៈនេត្រព្រៈ ត្រូវបានរថយន្តធុនធំទាក់ដាច់រណេងរណោងដែលអាចប្រឈមដាច់ធ្លាក់លើអ្នកដំណើរ បើគ្មានការជួសជុលឡើងវិញនោះទេ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។
បើតាមប្រជាពលរដ្ឋបានប្រាប់ថា ភ្លើងស្តុបនៅផ្លូវបំបែកជាបួនស្រុកព្រៈនេត្រព្រៈ ត្រូវបានរថយន្តធុនធំទាក់ដាច់អាចប្រឈមធ្លាក់ប៉ះពាល់ដល់អ្នកដំណើរដែលឆ្លងកាត់នៅថ្ងៃណាមួយជាមិនខាន ដោយសុំឱ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចនិងមន្ទីជំនាញ ត្រូវធ្វើការជួសជុលឡើងវិញអោយបានឆាប់ផង ។
លោក ឃូរ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈបានប្រាប់ថា ភ្លើងស្តុបដែលដាច់ធ្លាក់រណេងរណោងនេះ គឺបណ្តាលមកពីរថយន្តធុនធំ ឬដឹកគ្រឿងចក្រដែលដាក់ខ្ពស់ទាក់ដាច់ ក្រោយទទួលព័ត៌មានបានអោយកម្លាំងនគរបាលសណ្តាប់ធ្នាប់ស្រុកព្រៈនេត្រព្រៈមកសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ការពារគ្រោះថ្នាក់ខ្លាចដាច់ធ្លាក់ដាក់ដំណើរ ហើយបានរាយការណ៍ជូនមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យអោយមន្ត្រីជំនាញធ្វើការជួសជុលឡើងវិញអោយបានឆាប់។
លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានអោយមន្ត្រីជំនាញនៃមន្ទីសាធារណៈការណ៍និងដឹកជញ្ជូនខេត្តបានចុះទៅធ្វើការជួសជុលនៅល្ងាចថ្ងៃនេះតែម្តង ដើម្បីការពារដាច់ធ្លាក់ប៉ះពាល់ដល់អ្នកដំណើរ និងជាភ្លើងសញ្ញាសម្រាប់ឆ្លងកាត់ការពារគ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយធ្វើការជួសជុលអោយរួចរាល់នៅថ្ងៃនេះតែម្តង៕
ចែករំលែកព័តមាននេះ