ណុប បាយ៉ារិទ្ធ បង្ហាញមោទនភាពក្នុងការជ្រើសរើស ឈីន រនតៈ និង ចំរើន សុភ័ក្រ មកធ្វើជាកូនក្រុម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជា Coach The Voice Cambodia ម្នាក់ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ នៅតែបង្ហាញមោទនភាព ក្នុងការសម្រេចដ៏ត្រឹមត្រូវរបស់ខ្លួននៅក្នុងការជ្រើសរើស ឈីន រតនៈ និង ចំរើន សុភ័ក្រ មកធ្វើជាកូនក្រុមរបស់ខ្លួនក្នុងអំឡុងពេលប្រឡង ខណៈពេលដែលបច្ចុប្បន្នអ្នកទាំងពីរ កំពុងតែមានការគាំទ្រខ្លាំងក្នុងវិថីសិល្បៈ។

ក្នុងជំនួបនៃកម្មវិធី Road To The Voice នៅ Chip Mong 271 Mega Mall កាលពីពេលថ្មីៗនេះ តារាចម្រៀងចាស់វស្សាលោក ណុប បាយ៉ារិទ្ធ បានចាត់ទុក ឈីន រតនៈ និង ចំរើន សុភ័ក្រ គឺជាមួយគ្រាប់ពេជ្រទាំង២របស់លោក ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ និងរដូវកាលទី២។

លោកបានបញ្ជក់ថា កាលនោះ ក៏មានមតិមួយចំនួនបាននិយាយថា ខ្ញុំជ្រើសរើសកូនក្រុមទៅវគ្គផ្តាច់ព្រ័ត្រខុស តែថ្ងៃនេះ ម៉ោងនេះ ខ្ញុំរើសខុសឬត្រូវ គឺពួកគាត់ទាំង២បានបង្ហាញច្បាស់ហើយថា គាត់ទាំង២មានសមត្ថភាពឬអត់។ លោកបន្ថែមថា មោទនភាពសម្រាប់ Coach ណុប បាយ៉ារិទ្ធ គឺខ្ញុំច្បាស់ថា ខ្ញុំរើសមិនខុស ខ្ញុំមើលមិនខុសពីសមត្ថភាពរបស់ពួកគាត់ទាំង២ ព្រោះបើគាត់ទាំង២មិនមានសមត្ថភាព ប្រាកដណាស់ពួកគាត់ទាំង២ច្បាស់ជាមិនអាចឈរមកដល់ថ្ងៃនេះបានដូចគ្នា។ ពួកគាត់នៅតែអាចយកសមត្ថភាពរបស់ខ្លួនឯងមកបង្ហាញជូនបងប្អូនវិនិឆ្ឆ័យបានយ៉ាងច្បាស់។

លោកបន្តថា ខ្លាំងនៅតែខ្លាំង ទោះស្ថិតក្នុងកាលៈទេសៈណា បើគ្មានសមត្ថភាពក៏ច្បាស់ជាគ្មានការគាំទ្រពីបងប្អូន ព្រោះបងប្អូនអោយតម្លៃលើសមត្ថភាពពិតប្រាកដ។
ដោយឡែកក្នុងនាមធ្លាប់ជាកូនក្រុមម្នាក់របស់លោក ណុប បាយ៉ារិទ្ធ ក្នុងអំឡុងពេលប្រឡង ឈឺន រតនៈ ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានថ្លែងការអគុណដល់លោក ណុប បាយ៉ារិទ្ធ ដែលបានបង្ហាត់បង្រៀន ផ្តល់កម្លាំងចិត្ត ផ្តល់បទពិសោធន៍ជាច្រើនដល់នាងរហូតមក។

នាងបញ្ជាក់ថា រំលឹកអនុស្សាវរីយ៍ តាំងពីប្រឡង The Voices Cambodia រហូតដល់ពេលនេះ គឺរយៈពេល៧ឆ្នាំហើយ ផ្តើមពីក្មេងស្រីម្នាក់ ដែលមានក្តីស្រម៉ៃចង់ក្លាយជាតារាចម្រៀងនៅឆ្នាំ២០១៦ នាងខ្ញុំក៏សម្រេចចិត្តចូលរួមប្រឡងកម្មវិធីដ៏ធំមួយ គឺ The Voice Cambodia ជាលើកដំបូង ក្នុងឆាកជីវិត។

នាងបន្ថែមថា សម្រាប់ការចូលរួមប្រឡងចម្រៀងមួយនេះ នាងខ្ញុំមិននឹកស្មានថា នាងខ្ញុំអាចទទួលបានការស្រលាញ់គាំទ្រពីពុកម៉ែបងប្អូន និង fan ទាំងអស់គ្នាបែបនេះទេ នេះពិតជារឿងមួយដែលរំភើបបំផុតក្នុងជីវិតរបស់ខ្ញុំ អគុណអ្នកម្តាយដែលតែងតែគាំទ្រនូវអ្វីដែលកូនស្រលាញ់ អគុណផលិតកម្មរស្មីហង្សមាស ដែលបាននាំយកកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ដែលបានឱ្យនាងខ្ញុំបានបំពេញក្តីស្រម៉ៃដ៏ធំក្នុងជីវិត។

ដោយឡែកសម្រាប់តារាចម្រៀងនាង ចំរើន សុភ័ក្រ ក៏បានបង្ហាញគន្លឹះជោគជ័យមួយសម្រាប់យុវវ័យជំនាន់ក្រោយដែលបានដាក់ពាក្យប្រឡងកម្មវិធី The Voice Cambodia រដូវកាលថ្មីថា ប្រសិនបើប្អូនៗចង់បានការចាប់អារម្មណ៍ពីឲ្យ Coach ទាំងអស់នៅក្នុងកម្មវិធីមើលឃើញពីសមត្ថភាពពិតរបស់យើងនោះ គឺត្រូវជ្រើសរើសបទចម្រៀងណាដែលត្រូវនឹងសមត្ថភាពសម្លេងរបស់យើង ដោយកុំព្យាយាមជ្រើសរើសបទណាដែលមានតុងខ្ពស់ៗដែលសមត្ថភាពយើងទៅមិនដល់។
ជាការកត់សម្គាល់ បច្ចុប្បន្នទាំង ឈីន រតនៈ និង ចំរើន សុភ័ក្រ កំពុងតែចាប់ឈោងភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិថីសិល្បៈចម្រៀង ដោយនៅក្នុងនោះអ្នកទាំងពីរតែងតែបង្ហាញវត្តមានស្ទើរមិនដាច់សូរនៅលើឆាកតន្ត្រីនានា៕












ចែករំលែកព័តមាននេះ