រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ញឹម ច័ន្ទថន បានទម្លាយរឿងរ៉ាវនៅពីក្រោយខ្នងដែលនាងធ្លាប់ទទួលបានគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ពីព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឡូកអាជីពសិល្បៈជាង២០ឆ្នាំមកនេះ។
![Picture]()
យ៉ាងណា តារារូបនេះមិនបានលម្អិតពាក់ព័ន្ធគ្រឿងឥស្សរិយយសកម្រិតណាខ្លះទេ ប៉ុន្តែនាងគ្រាន់តែបញ្ជាក់ឱ្យដឹងថា គ្រឿងទាំងអស់នេះ នាងទទួលបានតាមរយៈអាជីពសិល្បៈ និងការចូលរួមធ្វើការងារសង្គមជាបន្តបន្ទាប់។
![Picture]()
ជាមួយរូបថតអមនឹងមេដាយ និងគ្រឿងឥស្សរិយយសនៅជាប់នឹងខ្លួន ស្រីស្អាត ញឹម ច័ន្ទថន បានភ្ជាប់ជាមួយនឹងសំណេរបង្ហោះតាមបណ្តាញសង្គមថា ជាដំបូង នាងខ្ញុំ ញឹម ច័ន្ទថន សូមអគុណសន្តិភាព អគុណក្រោមការដឹកនាំរបស់សម្តេចពុក។
![Picture]()
នាងបន្តថា ការចំណាយពេលជាមួយសិល្បៈអស់រយៈពេលជាង២០ឆ្នាំ និងការចូលរួមជាមួយសង្គមជាតិជាច្រើនទៀត ដែលនាងខ្ញុំមិនសូវបង្ហាញអោយគ្រប់គ្នាបានឃើញ តែដោយព្រះទ័យយកចិត្តទុកដាក់របស់សម្តេចពុកនិងសម្តេចព្រះករុណា ព្រះបាទជាម្ចាស់នៃយើង ទ្រង់បានផ្តល់នូវគ្រឿងឥស្សរិយយស និងគ្រឿងជាច្រើនទៀតមកលើនាងខ្ញុំ។ ជាចុងក្រោយ នាងខ្ញុំសូមថ្វាយព្រះពរព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចពុក ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះករុណាមានព្រះរាជសុខភាពល្អ បរិបូរណ៍ព្រះជន្មាយុយឺនយូរ ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរ។
![Picture]()
ជាការកត់សម្គាល់ ស្រីស្អាត ញឹម ច័ន្ទថន ត្រូវបានគេចាត់ទុកជាតារាសម្តែងជើងចាស់ ហើយក៏ជាតារាដែលបានបង្ហាញវត្តមានសម្តែងជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ។ បច្ចុប្បន្ន នាងក៏បានបង្ហាញវត្តមានសម្តែងនៅក្នុងភាពយន្តភាគរឿង «ម្ចាស់កីតម្បាញ» ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ